កម្ពុជា
កម្ពុជា-ភូមិសាស្ត្រនយោបាយ
04/06/2024 – 09:49
ដោយ៖ អោ ស្រីពេជ្រ
RFI
បន្ទាប់ពីជំនួបកំពូលសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅសិង្ហបុរី លោកឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាព្រឹកថ្ងៃអង្គារ ទី៤មិថុនានេះ។ ក្រសួងការពារជាតិកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំការពារជាតិអាមេរិកជាការប្តេជ្ញាចិត្តរបស់អាមេរិកដើម្បីបញ្ជាក់ចំណងមិត្តភាពជាថ្មីជាមួយកម្ពុជា។ គេនៅមិនទាន់មានព័ត៌មានលំអិតជុំវិញវត្តមានលោកឡយ អូស្ទីននៅកម្ពុជាទេ តែបើតាមការចុះផ្សាយរបស់កាសែតលោកខាងលិច មានសំណុំរឿងជាច្រើនដូចជា បញ្ហានៅសមុទ្រចិនខាងត្បូង មន្ទិលសង្ស័យចំពោះវត្តមាននាវាចិននៅមូលដ្ឋានទ័ពជើងទឹករាម ឬបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដែលលោកឡយ អូស្ទីន អាចលើកយកទៅជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា។
រកម្ពុជា៖ ទស្សនកិច្ចលោកឡយ អូស្ទីនបញ្ជាក់ពីការពង្រឹងមិត្តភាពរវាងអាមេរិក និងកម្ពុជា
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកឡយ អូស្ទីនបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្រោមក្តីរំពឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិកឱ្យប្រសើរឡើង។ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយចាត់ទុកដំណើរទស្សនកិច្ចលើកទី១របស់ប្រមុខការពារជាតិអាមេរិកនៅកម្ពុជាថាជាការបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពមាំទាំ និង បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការសហការជាដៃគូដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ។ តាមក្រសួងការពារជាតិកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល១ថ្ងៃនេះ ប្រមុខការពារជាតិអាមេរិកមានជំនួបដាច់ដោយឡែកបន្តបន្ទាប់ជាមួយលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកទៀ សីហារដ្ឋមន្ត្រីការពារជាតិ។
ក្រសួងការពារជាតិកម្ពុជាក៏ដូចជាក្រសួងការពារជាតិអាមេរិកមិនបានទម្លាយឱ្យដឹងពីប្រធានបទនៃជំនួបរវាងលោកឡយ អូស្ទីន និងថ្នាក់ដឹកនាំកម្ពុជានៅឡើយទេ តែបើតាមការចុះផ្សាយរបស់កាសែតលោកខាងលិច លោកឡយ អូស្ទីន អាចលើកយកសំណុំរឿងជាច្រើនទៅជជែកជាមួយថ្នាក់ដឹកនាំកម្ពុជាដែលរួមមានបញ្ហានៅសមុទ្រចិនខាងត្បូង មន្ទិលសង្ស័យចំពោះវត្តមាននាវាចិននៅមូលដ្ឋានទ័ពជើងទឹករាម ឬបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែលស្រង់សម្តីមន្ត្រីអាមេរិកម្នាក់មិនបញ្ចេញឈ្មោះឱ្យដឹងថា ទស្សនកិច្ចរបស់លោកឡយ អូស្ទីននៅកម្ពុជាជាការបោះជំហានទៅមុខវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា និងអាមេរិកដើម្បីទប់ឥទ្ធិពលរបស់ចិននៅកម្ពុជា។

គួរបញ្ជាក់ថា នៅ២ថ្ងៃមុនបំពេញទស្សនកិច្ចនៅកម្ពុជា លោកឡយ អូស្ទីនបានជួបមេដឹកនាំការពារជាតិក្នុងតំបន់អាស៊ានដែលជាជំនួបដាច់ដោយឡែកនៅក្រៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសសិង្ហបុរី។ នៅក្នុងឱកាសនោះ លោកឡយ អូស្ទីនបានបញ្ជាក់ពីការគាំទ្ររបស់អាមេរិកដើម្បីសន្តិសុខនៅតំបន់អាស៊ាន និងរំលឹកប្រាប់សមាជិកអាស៊ានឡើងវិញអំពីក្តីបារម្ភរបស់អាមេរិកលើសកម្មភាពបង្កហេតុរបស់ចិននៅសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ អាមេរិករំពឹងថាសមាជិកអាស៊ានទាំងអស់អាចអនុវត្តសិទ្ធិ និងសេរីភាពនៅគ្រប់សមុទ្រ និងមហាសមុទ្ររបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។ គួរកត់សំគាល់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកនៅកម្ពុជានេះ គឺបន្ទាប់ពីកម្ពុជា និងចិនបានធ្វើសមយុទ្ធយោធា «នាគមាស» រួមគ្នាពីថ្ងៃទី១៦ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ និងស្របពេលដែលអាមេរិកកំពុងដាក់មន្ទិលសង្ស័យជុំវិញមូលដ្ឋានកងទ័ពចិននៅកំពង់ផែរាម៕