ដោយ យ៉ង ចាន់តារា
2024.06.13
RFA

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១០ មិថុនា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល
រដ្ឋាភិបាលកម្ពុជាបានបញ្ជូនស្ថាប័នមួយចំនួន ទៅបណ្ដាប្រទេសសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ដើម្បីបំពេញបេសកកម្មគោះទ្វាររកអ្នកវិនិយោគ ឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ ក៏ប៉ុន្តែក្រុមអ្នកសិក្សាកិច្ចការសង្គមនិងនយោបាយយល់ថា បេសកកម្មនេះ នឹងទទួលបានលទ្ធផលតិចតួច ដោយសារតែកម្ពុជាគ្មានប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។
ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល កំពុងដឹកនាំគណប្រតិភូកម្ពុជាចម្រុះច្រើនស្ថាប័ន ទៅបំពេញទស្សនកិច្ច នៅសហភាពអឺរ៉ុប រយៈពេលជាងមួយសប្ដាហ៍ ក្នុងបំណងធ្វើបេសកកម្មគោះទ្វារទាក់ទាញ អ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុន រកស៊ីនៅក្នុងប្រទេសកម្ពុជា។
ប្រតិភូចម្រុះ របស់រដ្ឋាភិបាលកម្ពុជានេះ បានកំណត់ប្រទេសចំនួនពីរគឺអេស្ប៉ាញ (Spain) និង អាល្លឺម៉ង់ (Germany) ថា ជាគោលដៅនៃបេសកកម្មគោះទ្វារវិនិយោគរបស់ពួកគេ។
តាមព័ត៌មានដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះផ្សាយនៅក្នុងបណ្ដាញសង្គម ក្នុងរយៈពេល ៤ថ្ងៃមកនេះ បេសកកម្មគោះទ្វារ រកអ្នកវិនិយោគបានជួបពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនអេស្ប៉ាញធំៗ ចំនួនជាង១០ ដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ និងឱកាសសម្រាប់ធ្វើជំនួញនៅកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយពីលោក ស៊ុន ចាន់ថុល និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាននៅឡើយទេ គិតត្រឹមថ្ងៃទី១២ ខែមិថុនា។
ក៏ប៉ុន្តែនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់ថ្លែងនៅក្នុងការប្រកាសបើកឱ្យដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅថា កម្ពុជាបើកទ្វារចំហ និងដាក់ចេញគោលការណ៍ទាក់ទាញអ្នកវិនិយោគទុនបរទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យធុរកិច្ចឱ្យជោគជ័យ។
លោក ហ៊ុន ម៉ាណែត៖ «កម្ពុជាបើកទ្វារ ហើយដាក់ចេញនូវកម្មវិធីនិងគោលនយោបាយបុរេសកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត។ ថែរក្សាចាស់និងពង្រីកអ្នកថ្មី ដោះស្រាយទាន់ពេលវេលានិងកែលំអទៅទៀត។ ប៉ុន្តែខ្ញុំសុំឱ្យវិស័យឯកជនទាំងអស់ ចូលរួមជាដៃគូរបស់កម្ពុជា របស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច ជាពិសេសអភិវឌ្ឍន៍វិស័យធុរកិច្ចនៅកម្ពុជា ឱ្យបានជោគជ័យបន្ថែមទៀត»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី១០ ខែមិថុនា ឱ្យដឹងថា ពេញមួយខែឧសភាឆ្នាំ២០២៤CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ២៤គម្រោង ដែលមានទឹកប្រាក់វិនិយោគជាង ៤ រយ (៤៤៦)លានដុល្លារអាមេរិក។
គម្រោងអនុម័តថ្មីនេះ អ្នកវិនិយោគមកពីចិន មានតួលេខនាំមុខគេរហូតដល់ទៅជិត៥០(៤៩,៦៧)ភាគរយ រីឯអ្នកវិនិយោគមកពីបស្ចិមប្រទេស ដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើម មានចំនួនតិចតួចបំផុត។
ទំនងជាដោយសារបញ្ហានេះ ទើបរដ្ឋាភិបាលកម្ពុជាបង្កើតចេញជាបេសកកម្មគោះទ្វារវិនិយោគនៅតំបន់អឺរ៉ុប ដើម្បីប្រឹងប្រែងទាក់ទាញអ្នកវិនិយោគពីបស្ចិមប្រទេសថែមទៀត។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលោក គឹម សុខ យល់ថា កម្ពុជាហាក់មិនសូវចាត់ទុកការវិនិយោគមកពីបស្ចិមប្រទេសជារឿងសំខាន់នោះទេ ប៉ុន្តែមូលហេតុដែលរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទៅធ្វើបេសកកម្មគោះទ្វាររកអ្នកវិនិយោគនៅសហភាពអឺរ៉ុប ដោយសារតែមានប្រតិកម្មការទូតរិះគន់ជាច្រើនថា កម្ពុជាបច្ចុប្បន្ន កំពុងងាកទៅរកចិនជ្រុលពេក ទាំងនិន្នាការនយោបាយ និងការវិនិយោគ។
លោក គឹម សុខ៖ «យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ គឺគ្រាន់តែជាការឃោសនានយោបាយ ប្រាប់ប្រជាពលរដ្ឋខ្មែរថាមានក្រុមហ៊ុន អឺរ៉ុប មានក្រុមហ៊ុនបស្ចិមប្រទេស មករកស៊ីដែរមិនមែនមានតែចិនទេ។ រួចហើយឃោសនាទៀតថា រដ្ឋាភិបាលរបស់គេនោះ គឺមានការគាំទ្រពីបណ្ដាបស្ចិមប្រទេសដែរ គឺគេចង់បានតែប៉ុណ្ណឹង។ គេមិនមែនចង់បានការវិនិយោគដើម្បីចំណេញសម្រាប់ប្រទេសកម្ពុជា ក៏មិនចង់បានការងារច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរដែរ»។
ជុំវិញរឿងនេះដែរ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវលោក សេក សុជាតិ យល់ថា កម្ពុជាកំពុងដើរប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានរបស់សហភាពអឺរ៉ុប រួមទាំងមានអំពើពុករលួយ ការកេងប្រវ័ញ្ចលើកម្លាំងកម្មករជាដើមនោះ ដែលករណីនេះពិបាករំពឹងទុកណាស់ទៅលើលទ្ធផលនៃការទាក់ទាញអ្នកវិនិយោគពីសហភាពអឺរ៉ុប។
លោក សេក សុជាតិ៖ «និយាយឱ្យចំលទ្ធផលវាច្បាស់ជាមានហើយ។ ការរំពឹងទុកគឺវាមិនអត់ទេ បើខ្ញុំប៉ាន់ស្មានទៅ ឃើញថា វាមានឱកាសគ្រាន់តែថាតិចតួច។ លើកលែងតែគោលដៅដែល គាត់ទៅគោះទ្វារនោះមានអ្នកទុនវិនិយោគរួចជាស្រេចទៅហើយ។ ជួនកាលគ្រាន់តែទៅដើម្បីបង្គ្រប់កិច្ច គ្រាន់តែទៅដើម្បីបង្ហាញជារូបភាព ឱ្យអន្តរជាតិឬក៏ស្ថាប័នណាមួយទទួលស្គាល់នោះ»។
ស្រដៀងគ្នានេះ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ថា កម្ពុជាគួរលុបបំបាត់អំពើពុករលួយ ការិយាធិបតេយ្យ ព្រមទាំងលុបបំបាត់នីតិវិធីស្មុគស្មាញសម្រាប់អ្នកវិនិយោគជាមុនសិន ទើបអាចទាក់ទាញអ្នករកស៊ីមកពីបណ្ដាប្រទេសសហភាពអឺរ៉ុបបាន។
លោក ប៉ោ មករា៖ «បើសិនជាគ្រាន់តែដើរគោះទ្វារ ទៅដល់អឺរ៉ុបក្តី ទៅដល់អាមេរិកឬក៏បណ្ដាប្រទេសសេរីផ្សេងៗក្តី បើយើងមិនបានសំអាតផ្ទះរបស់យើង មិនបានតុបតែងផ្ទះឱ្យល្អ ហើយគិតតែពីដើរគោះទ្វារហៅគេ ខ្ញុំគិតថាប្រហែលជាមិនបានផលប្រយោជន៍ធំដុំមកឱ្យប្រទេសជាតិទេ។ ដូច្នេះអ្វីដែលកម្ពុជា គួរដោះស្រាយមុនដំបូងគេបង្អស់ គឺពាក់ព័ន្ធនិងបញ្ហាអំពើពុករលួយ ហើយទីពីរគឺពាក់ព័ន្ធទៅនិងលក្ខខណ្ឌលំហលទ្ធិប្រជាធិបតេយ្យ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១០ ខែមិថុនា ឱ្យដឹងថា តួលេខនៃអ្នកមកវិនិយោគនៅកម្ពុជា ក្នុងខែឧសភាឆ្នាំ២០២៤ ចិននាំមុខគេ គឺជិត៥០ (៤៩,៦៧) ភាគរយ។ ក្រៅពីនោះ អ្នកវិនិយោគមកពីប្រទេសសិង្ហបុរី (Singapore) មានជាង១០ (១០,១៥) ភាគរយ អូស្ត្រាលី (Australia) ជាង ២ (២,៣៣)ភាគរយ កូរ៉េខាងត្បូង (South Korea) ជាង២ (២,០៥)ភាគរយ និងសហរដ្ឋអាមេរិក ជិត ១(០,៦៣)ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។