CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់

កម្ពុជា
កម្ពុជា-សហជីព
26/06/2024 – 13:51
ដោយ៖ សាំ ឧត្តម
RFI

សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករណីរំលោភសិទ្ធិសហជីពនៅកម្ពុជាមានចំនួនច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់ទៅទៀត។ ទន្ទឹមគ្នានេះ សហព័ន្ធសហជីពកម្ពុជាក៏បានច្រានចោលនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានលើកឡើងថា សហព័ន្ធសហជីពកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបដិសេធចំពោះរបាយការណ៍របស់សង់ត្រាល់។

CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់


ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែមិថុនា សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ថា ខ្លួននៅតែគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងថា ករណីរំលោភសិទ្ធិសហជីពនៅកម្ពុជាដែលសង់ត្រាល់បានលើកឡើងនៅមានលក្ខណៈតិចតួចនៅឡើយ បើធៀបនឹងស្ថានភាពរំលោភសេរីភាពសហជីពដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។ តិចតួចដោយសហព័ន្ធសហជីពកម្ពុជាផ្អែកលើទិដ្ឋភាពជាក់ស្តែងមួយចំនួនដូចជា អាជ្ញាធរបន្តប្រើប្រព័ន្ធតុលាការគំរាមកំហែងលើសហជីព ការបញ្ឈប់ថ្នាក់ដឹកនាំសហជីព រួមនឹងបញ្ហានៃការចុះបញ្ជីសហជីពជាដើម។ 

ចំណែកការលើកឡើងថាសហព័ន្ធសហជីពកម្ពុជា (CATU) និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDO) បានបដិសេធមិនគាំទ្ររបាយការណ៍របស់សង់ត្រាល់ត្រូវបានសហព័ន្ធសហជីពបំភ្លឺក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សមាគម TACTAF អាចនឹងមានការភ័ន្តច្រឡំ ឬសន្មតដោយខ្លួនឯង។ ការចេញមកបដិសេធរបស់ CATU ពេលនេះធ្វើឡើង បន្ទាប់ពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TACTAF) បានចេញផ្សាយរបាយការណ៍មួយក្នុងថ្ងៃទី២៤ មិថុនាដើម្បីតបនឹងរបាយការណ៍របស់អង្គការសង់ត្រាល់ដែលលាតត្រដាងពីស្ថានភាពកាន់តែអាក្រក់ក្នុងវិស័យកាត់ដេរនៅកម្ពុជា។

TACTAF ចាត់ទុករបាយការណ៍របស់សង់ត្រាល់ដែលសហការជាមួយ CATU និង CCAWDO ថាមានភាពលំអៀង និងផ្អែកតាមអារម្មណ៍។ សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សសង់ត្រាល់បានចេញផ្សាយរបាយការណ៍ស្តីពីឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពនៅកម្ពុជា។ សង់ត្រាល់បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង តាមរយៈការគំរាមកំហែងគ្រប់រូបភាពដូចជា ការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។

ក្រោយការចេញផ្សាយរបាយការណ៍មួយនេះរបស់សង់ត្រាល់ គេឃើញសហជីពដែលមានទំនោរគាំទ្ររដ្ឋាភិបាលចេញមុខប្រតិកម្មព្រោងព្រាតដោយបានចោទប្រកាន់អង្គការសង់ត្រាល់ថាមានចេតនាចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពិសេសមានចរិតនយោបាយលាបពណ៍ ញុះញង់ និងបំបែកបំបាក់សាមគ្គីភាពសហជីព។ នៅថ្ងៃទី២៤ ខែមិថុនា សហភាពសហជីពកម្ពុជាពន្លឺកម្មករបាននាំគ្នាដាក់ញត្តិទាមទារឱ្យអាមេរិកផ្តាច់ជំនួយពីអង្គការសង់ត្រាល់។ ចំណែកសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជាក៏បានចោទអង្គការសង់ត្រាល់ថាកំពុងមានចេតនាចង់បំបែកឆ្នាំងបាយរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា។

រូបតំណាង
រូបតំណាង © CATU និង សង់ត្រាល់

ការឆ្លើយឆ្លងគ្នាទាំងអស់ខាងលើបានជំរុញឲ្យសម្ព័ន្ធសហជីពដ៏ធំបំផុតរបស់ឧស្សាហកម្មកាត់ដេរឈ្មោះ Clean Clothes Campaign ចេញមុខការពាររបាយការណ៍ និងភាពស្អាតស្អំរបស់អង្គការសង់ត្រាល់។ អង្គការ Clean Clothes Campaign យល់ថា ការចេញមុខប្រតិកម្មរបស់សហជីពដែលមានទំនោរគាំទ្ររដ្ឋាភិបាលមានគោលដៅចង់កម្ទេចសហជីពឯករាជ្យនៅកម្ពុជា៕

What Next?

Recent Articles