ការ​ឃុំខ្លួន​មន្ត្រី​ពន្ធនាគារ​ពាក់ព័ន្ធ​អំពើពុករលួយ​មិន​គ្រប់គ្រាន់​ទេ «ព្រោះ​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ច្រើន​ដែល​ត្រូវ​សម្អាត»

ដោយ ជីវិតា
2024.08.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​ឃុំខ្លួន​មន្ត្រី​ពន្ធនាគារ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​មិន​គ្រប់គ្រាន់​ទេ «ព្រោះ​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ច្រើន​ដែល​ត្រូវ​សម្អាត»

លោក ព្រុំ ចាន់នី ​ខ្លួនអគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ត្រូវ​បាន​ចាប់ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ពេទ្យ ដើម្បី​ស្នើ​សុំ​ការ​លើកលែង​ទោស​ឱ្យ​​ទណ្ឌិត​​មាន​ជំងឺ​ធ្ងន់ ​ឱ្យ​បាននៅ​ក្រៅ​ឃុំ។ រូប៖ ហ្វេសប៊ុក


មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ឃុំខ្លួន​មន្ត្រី​ពន្ធនាគារ​ម្នាក់​ពាក់ព័ន្ធ​អំពើពុករលួយ នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ព្រោះថា អំពើពុករលួយ​ក្នុង​ជួរ រដ្ឋាភិបាល មាន​ច្រើន​ស្អេកស្កះ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​បោសសម្អាត​ដោយ​តម្លាភាព និង​ស្នើ​ភាព​គ្នា ។ ក្រុម​អ្នកឃ្លាំមើល​ថា អំពើពុករលួយ​បន្ត​កើនឡើង​នេះ ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់តែ​ក្រីក្រ និង​ពលរដ្ឋ​កាន់តែ​រង​ភាព​អយុត្តិធម៌។

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា វិធានការ​ទប់ស្កាត់​បញ្ហា​អំពើពុករលួយ របស់​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​បាន​តែ​ករណី​តូចតាច ចំណែក បញ្ហា​ធំៗ ជាច្រើន​ក្នុង​ជួយ​រដ្ឋាភិបាល ជាពិសេស អំពើពុករលួយ​ក្នុង ប្រព័ន្ធ​យុត្តិធម៌​ពុំ​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ ចាក់ស្រេះ​ជា​ប្រព័ន្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣១ ខែកក្កដា​ថា ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា​មានការ​ថមថយ តែ​ករណី តូចតាច ចំណែក អំពើពុករលួយ​ខាត​ធំៗ ជា​ប្រព័ន្ធ ដូចជា​ការរំលោភ​អំណាច ការ​ច្បាម យក​ធនធាន ធម្មជាតិ និង បក្ខពួក​និយម ជាដើម មិន​មាន​ការ​ថយ​ចុះ​ឡើយ ។ លោក​បន្ត​ថា បញ្ហា​នេះ បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​តុលាការ ធ្វើ​ឱ្យ​អ្នក​ទន់ខ្សោយ​បន្ត រង​ភាព​អយុត្តិធម៌ ដែល​គួរ​ត្រូវ​យក​មក​ដោះស្រាយ​ជា​ចាំបាច់។

លោក ប៉ិច ពិសី៖ «ជា​ការ​បារម្ភ​នៅ​ឡើង គឺ​អំពើពុករលួយ​ខ្នាត​ធំ​ជា​ប្រព័ន្ធ ការរំលោភ​អំណាច ហើយ​ជាពិសេស គឺ​អំពើពុករលួយ ដែល​ជាប់​ពាក់ព័ន្ធ នឹង​សែស្រឡាយ បក្សពួកនិយម​ធំៗ ដែល​នៅ​មាន​នៅឡើយ​។ ហើយ ខ្ញុំ​គិតថា ប្រសិនបើ​រដ្ឋាភិបាល ចង់​ដោះ​ឧបសគ្គ​សេដ្ឋកិច្ច និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​នឹង ជា​អនុសាសន៍​ធំ ដែល​គេ លើក​ជា​ញឹកៗ​ហ្នឹង​។ ទី​១ ការធានា​នូវ​នីតិរដ្ឋ ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​អាច​ឱ្យ​ពលរដ្ឋ និង​អ្នក​វិនិយោគ អាច​ពឹង​ពាក់​បាន​នៅពេល​គេ​មាន​វិវាទ​ផ្សេងៗ»។

ការ​លើក​ឡើង​នេះ ធ្វើឡើង​ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ព្រុំ ចាន់នី ជាប់​សង្ស័យ​ពី​អំពើពុករលួយ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា។ លោក ព្រុំ ចាន់នី ត្រូវ​បាន​ជាប់ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​ស៊ីសំណូក រំលោភ​អំណាច និង​បទ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ពុំ​ត្រឹមត្រូវ​

អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា បាន​ប្រាប់​អ្នក​សារព័ត៌មាន ក្នុងស្រុក​ថា លោក ព្រុំ ចាន់នី ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​មណ្ឌល​កែប្រែ​ទី​១ ហើយ​ករណីនេះ ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។ លោក​បន្ថែម​ថា ការ​ចោទ​ប្រកាន់ និង​ចាប់ខ្លួន​លោក ព្រុំ ចាន់នី គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ពេទ្យ ដើម្បី​ស្នើសុំ​ការលើកលែង ទោស​ជូន​ទណ្ឌិត​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ឱ្យ​នៅ​ក្រៅ​ឃុំ។

ទោះជា​យ៉ាងណា លោក នុត សវនា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា លោក ព្រុំ ចាន់នី ពិតជា​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​មណ្ឌល​កែប្រែ​ទី​១ ហើយ​ករណីនេះ ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។

របាយការណ៍​រក​ឃើញ​ដោយ អង្គការ​តម្លាភាព​កម្ពុ​ជា កាលពី​ឆ្នាំ ២០២៣ បង្ហាញថា កម្ពុជា​បាន​ពិន្ទុ​ចំនួន ២២ ស្ថិតនៅ​លេខ​រៀង​ទី ១៥៨ ក្នុងចំណោម​ប្រទេស ១៨០ លើ​ពិភពលោក ថា​ជា​ប្រទេស​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​បាត​តារាង ។ ការរ​កឃើញ​នេះ ផ្ដោត​សំខាន់​ថា អំពើពុករលួយ ជា​ប្រព័ន្ធ​ដែល​មាន​ទ្រង់ទ្រាយ​ធំ នេះ គឺ​ជំពាក់ជំពិន គ្នា​ជា​បណ្ដាញ រវាង​អ្នក​មាន​អំណាច និង​អ្នកជំនួញ​ដែល​បំពាន​អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ពួកគេ តែង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដើម្បី​ដោះស្រាយ បញ្ហា​អំពើពុករលួយ​ដោយ​ប្រសិទ្ធភាព មិន​ពិបាក​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល មាន​ឆន្ទៈ​ពិតប្រាកដ​។ លោក​បន្ត​ថា មន្ត្រី​ទាំងអស់​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​ហ៊ាន​ប្រកាស​ទ្រព្យសម្បត្តិ របស់​ខ្លួន​ដោយ​ចំហ​ជា​សាធារណៈ ហើយ​ប្រសិនបើ ឃើញថា មាន​ភាព​មិន​ប្រក្រតី ណាមួយ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​បើក​ការស៊ើបអង្កេត​ដោយ មិន​រើសមុខ និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់។

លោក សេក សុជាតិ៖ «អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ការ​ស៊ើបអង្កេត និង​បោសសម្អាត ជន​ពុករលួយ​នៅក្នុង​ប្រព័ន្ធ​របស់​ខ្លួន​។ បន្ទាប់មក ពង្រឹង​ប្រព័ន្ធ​តុលាការ ឱ្យ​មាន​ឯករាជ្យ​។ នៅ​ពេល​ដែល​តុលាការ​មាន​ឯករាជ្យ​នោះ លុះត្រា​ណា តែ​តុលាការ​ខ្លួនឯង​ហ្នឹង កុំឱ្យ​មាន​ជាប់​ពាក់ព័ន្ធ នឹង​អំពើពុករលួយ​។ ប្រសិនបើ​ជាប់​អំពើពុករលួយ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចាត់វិធានការ​ដូចគ្នា​នឹង​មន្ត្រី​នៅក្នុង​ក្របខណ្ឌ​ប្រតិបត្តិ​ដូចគ្នា»។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ចង់​ឃើញ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​តឹងរ៉ឹង ផ្ដន្ទាទោស រាល់​អំពើពុករលួយ ពង្រឹង​គណនេយ្យភាព និង​ត្រួតពិនិត្យ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ឡើងវិញ ដើម្បី​លើកកម្ពស់​តម្លាភាព និង​ផ្ដល់​យុត្តិធម៌ ដល់​ពលរដ្ឋ​ដោយ​ស្មើភាព​គ្នា ។ ពួកគាត់ បារម្ភ​ថា ការដឹកនាំ ដែល​ធ្វើ​ឱ្យ អំពើពុករលួយ​កាន់តែ​ចាក់ស្រេះ និង​រីក​ដុះដាល​ច្រើន​ដូច បច្ចុប្បន្ន​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ក្រីក្រ និង​រង​នូវ​ភាព​អយុត្តិធម៌ ក៏​កាន់តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles