ដោយ សុជីវី
2024.07.31
RFA

សាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសដី ៣កន្លែងរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដើម្បីរក្សាការពារអចលនទ្រព្យនេះទុកសម្រាប់សងជំងឺចិត្តទៅតាមការទាមទាររបស់មេធាវីរដ្ឋាភិបាលជាដើមបណ្ដឹង។
មេធាវីការពារក្ដី និងមន្ត្រីគណបក្សភ្លើងទៀនចាត់ទុកការសម្រេចនេះថាអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញកាន់តែធ្ងន់ធ្ងរទៅលើក្រុមអ្នកហ៊ានរិះគន់រដ្ឋាភិបាល។
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ហាក់គ្មានជម្រើសអ្វីក្រៅតែពីបង្ខំចិត្តប្រគល់ដី ៣កន្លែងរបស់លោកឱ្យទៅតុលាការរក្សាទុកទៅតាមដីកាតុលាការ ដែលចេញនៅថ្ងៃទី៣០ ខែកក្កដា សម្រេចរឹបអូសដីរបស់លោកនេះ។
មេធាវីការពារក្ដីឱ្យគឺលោកមេធាវី ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរីថា កូនក្ដីរបស់លោកបានត្រឹមតែប្រើពាក្យថា «តាមដំណើរ» ឆ្លើយតបនឹងការរឹបអូសរបស់តុលាការ បើទោះជាលោកចាត់ទុករឿងនេះអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរចំពោះរូបលោកក្ដី។
មេធាវី ជូង ជូងី៖ «គឺចង់និយាយថា ដូចមនុស្សមួលកចង្រិតហ្នឹងកឺអត់មានមេត្តា គឺអាងតែចង្រិតគ្នាខ្សោយគ្នាជាសត្វហ្នឹង គ្មានអ្វីកតបត យើងមួលហូតមកទៅតាមចិត្តរបស់យើង។ ពាក់ព័ន្ធនឹងការរឹបអូសខ្ញុំបានផ្ដល់ការប្រឹក្សាផ្នែកច្បាប់ដល់គាត់ហើយ ដោយថា គាត់មិនរំពឹងថា បានលទ្ធផលល្អគាត់សម្រេចថា មិនតវ៉ាអីទេ ទុកតាមដំណើរទៅ។ នៅក្នុងសេចក្ដីសម្រេចគឺតុលាការថា បើគាត់មានទឹកប្រាក់ ៦ពាន់លានទៅតម្កល់គឺអាចរំលស់ផ្ទះ (ដី) ហ្នឹងមកវិញ។ ប៉ុន្តែខ្ញុំពិចារណាទៅ ១លានដុល្លារកន្លះ គឺជាទឹកប្រាក់ធំសម្បើមណាស់ ច្រើនមែនទែន។ អ៊ីចឹង មិនដឹងគាត់ទៅរកឯណាបាន។ អ៊ីចឹង មិនដឹងធ្វើម៉េចទេដូចចង្រិតអីចឹង ទៅតាមដំណើរអីចឹងទៅមិនដឹងធ្វើម៉េចទេ»។
ចៅក្រម ញឹម ពិសាល នៃសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីការក្សាការពារបង្កក ឬរឹបអូសបណ្ដោះអាសន្ននូវដីចំនួន ៣កន្លែងរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដើម្បីទុកសម្រាប់ទូទាត់សំណងឱ្យរដ្ឋាភិបាលជាដើមបណ្ដឹង។ មេធាវីដើមបណ្ដឹងបានបញ្ជាក់ក្នុងសំណើទៅតុលាការថាដីចំនួន ៣កន្លែងនោះរួមមាន៖
១-ដីទំហំជាង២ពាន់ ម៉ែត្រការ៉េ (២.០៩៩២) មានទីតាំងនៅសង្កាត់វាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
២-ដីទំហំជិត ៦០០ ម៉ែត្រការ៉េ (៥៩៥ ) មានទីតាំងនៅឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
៣- និងដីទំហំ ជាង ១ម៉ឺន ១ពាន់ម៉ែត្រការ៉េ (១១.១១៣) ដែលមានទីតាំងនៅឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាមដែរ។
ដីកាដដែលបញ្ជាក់ថា លោក ទាវ វណ្ណុល អាចទទួលបានការលុបចោលការអនុវត្តរឹបអូសបណ្ដោះអាសន្ននេះបានដោយផ្ញើប្រាក់ទៅតម្កល់នៅសាលាដំបូងរាជធានីភ្នំពេញចំនួន ៦ពាន់លានរៀន (៦.០០០.០០០.០០០) ឬប្រមាណ ១លាន ៥សែន ដុល្លារជាប្រាក់រំដោះ។
ការសម្រេចរឹបអូសអចលនទ្រព្យរបស់លោក ទាវ វណ្ណុល នេះបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ កាលពីថ្ងៃទី២៥ ខែកក្កដា សម្រេចឱ្យប្រធានគណបក្សភ្លើងទៀនរូបនេះ សងជំងឺចិត្តដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជាដើមបណ្ដឹង ក្នុងបទបរិហារកេរ្តិ៍ជាសាធារណៈចំនួន ៦.០០០លានរៀល ឬប្រហាក់ប្រហែល ១លាន ៥សែនដុល្លារអាមេរិក។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ចាត់ទុករឿងនេះថាជាការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិរបស់អ្នកនយោបាយបក្សប្រឆាំង។
លោក លី សុធារ៉ាយុត្តិ៖ «យើងយល់ថាវាគឺជារឿងធ្ងន់ធ្ងរ ហើយអយុត្តិធម៌សម្រាប់លោក ទាវ វណ្ណុល ព្រោះគាត់គឺជាអ្នកនយោបាយជាន់ខ្ពស់ ហើយនិងជាប្រធានគណបក្សជំទាស់ធំនៅប្រទេសកម្ពុជាទី២ បន្ទាប់ពីគណបក្សកាន់អំណាច ដោយសារតែការបញ្ចេញមតិ។ យើងយល់ថាការបញ្ចេញមតិមិនគួរណាមានការពិន័យធ្ងន់ធ្ងរបែបនេះទេ។ បើសិនជាស៊ើបអង្កេតទៅរកឃើញទៅថាគាត់មានកំហុសត្រង់ចំណុចណាមួយ ទៅលើការបញ្ចេញមតិរបស់គាត់ គួរតែឱ្យគាត់ធ្វើការកែតម្រូវ»។
លោក ទាវ វណ្ណុល ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្ដឹងទៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីលោកបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានជប៉ុន នីកេ អេស៊ា (Nikkei Asia) ដែលនិយាយអំពីស្ថានភាពគ្មានប្រជាធិបតេយ្យ និងការគំរាមកំហែងសេរីភាពអ្នកនយោបាយបក្សប្រឆាំងនៅប្រទេសកម្ពុជា និងក្រោយពីលោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែកុម្ភៈ ឆ្នាំ២០២៤។
ទាក់ទងនឹងរឿងក្ដីនេះ លោកមេធាវី ជូង ជូងី បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា លោកកំពុងរៀបចំប្ដឹងឧទ្ធរណ៍ប្រឆាំងទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកក្កដា ដែលសម្រេចឱ្យលោក ទាវ វណ្ណុល សងជំងឺចិត្តរដ្ឋាភិបាលនេះ។
មិនមែនមានតែ លោក ទាវ វណ្ណុល ទេដែលត្រូវតុលាការសម្រេចឱ្យចាញ់ក្ដី និងត្រូវសងសំណងជាប្រាក់ច្រើនសន្ធឹកសន្ធាប់ ដោយសារការបញ្ចេញមតិបែបនេះ។ ចៅក្រម អ៊ឹម វណ្ណៈ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១ បានសម្រេចលក់ទីស្នាក់ការបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដើម្បីយកប្រាក់ចំនួនជាង ៨ពាន់ ៥០លានរៀល ឬប្រមាណជាង ២លានដុល្លារ (២.០១២.៥០០) សងជំងឺចិត្តទៅឱ្យលោក ហេង សំរិន លោកហ៊ុន សែន លោក ស ខេង និងរដ្ឋាភិបាល ដែលបានប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ ១លានដុល្លារ ទៅឱ្យគណបក្សប្រជាជនកម្ពុជា ក្រោយបក្សកាន់អំណាច និង គ.ជ.ប កាលពីខែមិថុនា ឆ្នាំ២០២២ បានប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ ក្រោយពេលលោក សុន ឆ័យ បានរិះគន់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ ក្នុងឆ្នាំ២០២៣ លោក ហ៊ុន សែន បានបង្ខំទារយកដីពីឧត្ដមទីប្រឹក្សាភ្លើងទៀន លោក គង់ គាំ ជាថ្នូរនឹងបញ្ឈប់បណ្ដឹងចំនួន ២ ដែលរឿងទី១ ប្ដឹងដោយលោក ហ៊ុនសែន និង ១ទៀតប្ដឹងដោយគណបក្សប្រជាជនកម្ពុជា ទារសំណងចំនួនកន្លះលានដុល្លារ។ ទីបំផុតលោក គង់ គាំ បានសម្រេចឈប់ធ្វើនយោបាយ។ គណបក្សទាក់ទងនឹងរឿងបែបនេះដែរ អតីតមន្ត្រី សមាគមអាដហុក លោក ស៊ឹង សែនករុណា ក៏ត្រូវក្រុមមេធាវីរបស់លោក ហ៊ុន សែន ប្ដឹងពីបទបរិហារកេរ្តិ៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយទាមទារសំណងជំងឺចិត្តប្រមាណ ៥០ម៉ឺនដុល្លារ ពាក់ព័ន្ធនឹងរឿងដែលលោកបានថ្លែងជាមួយសារព័ត៌មាន ហើយគណបក្សកាន់អំណាចចាត់ទុកថា បានមួលបង្កាច់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។ រីឯមេធាវីរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ វិញ ក៏បានទាមទារសំណងជំងឺចិត្តចំនួន ២.០០០លានរៀល ឬជិត ៥០ម៉ឺនដុល្លារអាមេរិកពីលោក នី ណាក់ នៅក្នុងពេលសាលាដំបូងរាជធានីភ្នំពេញបើកសវនាការសំណុំរឿងអ្នកជំនាញកសិកម្មរូបនេះ កាលពីថ្ងៃទី២៩ កក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។