កម្ពុជា
កម្ពុជា-ច្បាប់
07/08/2024 – 13:47
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌លោក K Shanmugam បានចេញមុខបំភ្លឺនៅក្នុងរដ្ឋសភានាថ្ងៃទី៦ សីហាជុំវិញការបញ្ជូនឧក្រិដ្ឋជនចិនលាងលុយកខ្វក់មកប្រទេសកម្ពុជា។ តាមលោក K Shanmugam សិង្ហបុរីមិនបានពិគ្រោះយោបល់ជាមួយអាជ្ញាធរខ្មែរទេមុននឹងបញ្ជូនឧក្រិដ្ឋជនចិនលាងលុយកខ្វក់ទៅប្រទេសកម្ពុជា។ ជំហររបស់សិង្ហបុរីបែបនេះត្រូវបានលោក K Shanmugam ពន្យល់ថា គឺសំអាងលើទិដ្ឋភាពច្បាប់សិង្ហបុរី និងថា សិង្ហបុរីមិនឈឺក្បាលរឿងកម្ពុជាទទួល ឬមិនទទួលឧក្រិដ្ឋជនទាំងនោះឡើយ។
សិង្ហបុរី ថាខ្លួនមិនចាំបាច់ពិគ្រោះជាមួយអាជ្ញាធរខ្មែរក្នុងរឿងបញ្ជូនឧក្រិដ្ឋជនចិនមកកម្ពុជា
អាជ្ញាធរសិង្ហបុរីបានបញ្ជូនចង្កោមឧក្រិដ្ឋជនលាងលុយកខ្វក់ជនជាតិចិនជាបន្តបន្ទាប់មកប្រទេសកម្ពុជាដោយមិនបានពិភាក្សាផ្លូវការណាមួយជាមួយរដ្ឋាភិបាលកម្ពុជាជាមុនឡើយ។ នេះបើតាមការឆ្លើយបំភ្លឺរបស់លោក K Shanmugam រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌សិង្ហបុរីនៅចំពោះមុខក្រុមអ្នកតំណាងរាស្រ្តក្នុងរដ្ឋសភានាថ្ងៃទី៦ សីហា។ តាមលោក K Shanmugam ការណ៍ដែលសិង្ហបុរីមិនចាំបាច់ពិគ្រោះយោបល់ជាមួយរដ្ឋបរទេសជាមុន មុននឹងសម្រេចបញ្ជូនពិរុទ្ធជនចេញពីប្រទេសធ្វើឡើងដោយផ្អែកលើទិដ្ឋភាពច្បាប់របស់សិង្ហបុរី។
តែរដ្ឋមន្ត្រីមហាផ្ទៃ និងយុត្តិធម៌សិង្ហបុរីរូបនេះដដែលមិនភ្លេចបញ្ជាក់ថា នៅពេលពិរុទ្ធជនណាម្នាក់ជាន់ទឹកដីសិង្ហបុរី និងត្រូវសិង្ហបុរីនិរទេសចេញទៅប្រទេសណាមួយ រដ្ឋបរទេសនោះក្នុងឋានៈជារដ្ឋអធិបតេយ្យមានសិទ្ធិសម្រេចទទួលយក ឬមិនទទួលយក។ តែបើទទួលយកហើយក៏អាចបញ្ជូនពិរុទ្ធជនរូបនោះបន្តទៅកាន់ប្រទេសផ្សេងទៀតក៏បាន។ ជាការកត់សម្គាល់ទូទៅ រដ្ឋាភិបាលសិង្ហបុរីមិនលាតត្រដាងចេញជាសាធារណៈនូវកិច្ចពិភាក្សាជាមួយរដ្ឋបរទេសទេ ព្រោះតែក្តីបារម្ភពីការប៉ះពាល់ដល់ដំណើរការផ្នែកស៊ើបការសម្ងាត់ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាបម្រើឱ្យវិស័យសំខាន់ៗរបស់ជាតិ។
លោក K Shanmugam បានបញ្ជាក់បន្ថែមថា ការណ៍ដែលលោកបានចេញមកបំភ្លឺជុំវិញដំណើរការបញ្ជូនឧក្រិដ្ឋជនចិនមកប្រទេសកម្ពុជានៅក្នុងសភាពេលនេះក៏ព្រោះតែមានសមាជិកសភាសិង្ហបុរីជាច្រើនបន្តមានចម្ងល់ និងចាប់អារម្មណ៍លើបញ្ហានេះ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ សីហានេះ គេនៅមិនទាន់ដឹងនៅឡើយទេថា តើមានឧក្រិដ្ឋជនចិនលាងលុយកខ្វក់ដែលបញ្ជូនមកពីប្រទេសសិង្ហបុរីប៉ុន្មាននាក់ដែលកំពុងស្ថិតនៅប្រទេសកម្ពុជា និងមានប៉ុន្មាននាក់ត្រូវបានកម្ពុជាបណ្តេញចេញទៅកាន់ប្រទេសផ្សេង។ អ្វីដែលគេបានដឹង អាជ្ញាធរអន្តោប្រវេសន៍ខ្មែរបានប្រកាសឱ្យដឹងពីការបណ្តេញចេញឧក្រិដ្ឋជនជនជាតិចិនម្នាក់ឈ្មោះ Zhang Ruijin កាលពីថ្ងៃទី១៦ កក្កដា ក្រោយពីរូបគេបានស្នាក់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១ខែ។

គួររម្លឹកថា កាលពីអំឡុងខែមិថុនា និងឧសភាកន្លងទៅ តុលាការសិង្ហបុរីបានសម្រេចរឹបអូសទ្រព្យសម្បត្តិ និងលុយសុទ្ធជាង ៣ពាន់លានដុល្លារសិង្ហបុរី និងបានសម្រេចកាត់ទោសចង្កោមឧក្រិដ្ឋជនចិនលាងលុយកខ្វក់ដ៏ធំមិនធ្លាប់មាននៅប្រទេសសិង្ហបុរីសរុបចំនួន ១០នាក់ ក្នុងនោះ មាន ៧នាក់ដែល៤នាក់គ្មានសញ្ជាតិខ្មែរត្រូវបានបញ្ជូនមកប្រទេសកម្ពុជា។ ការបញ្ជូនឧក្រិដ្ឋជនទាំង ៧នាក់មកកម្ពុជាកាលណោះត្រូវបានអាជ្ញាធរអន្តោប្រវេសន៍សិង្ហបុរីពន្យល់ថា គឺយោងលើច្បាប់អនុញ្ញាតស្តីពីជនបរទេសនៅសិង្ហបុរីដោយផ្អែកលើលិខិតឆ្លងដែនមានសុពលភាពរបស់ជនទាំងនោះ៕