កម្ពុជា
5/08/2024 – 13:13
ដោយ៖ ញឹម សុផល
RFI
កងកម្លាំងប្រដាប់អាវុធរួមមានកងទ័ព នគរបាល និងកងរាជអាវុធហត្ថ បានចាប់ផ្តើមប្រមូលផ្តុំគ្នាចាប់តាំងពីរសៀលថ្ងៃពុធ ទី១៤ សីហា ក្រោមហេតុផលការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ការបង្ហាញកម្លាំងប្រដាប់អាវុធទូទាំងប្រទេសដូច្នេះ គឺនៅបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់បទបញ្ជាកាលពីថ្ងៃពុធដែរ ឲ្យអភិបាលខេត្តទាំងអស់ ដែលជាមេបញ្ជាការកងឯកភាពខេត្ត ត្រៀមការពារសន្តិសុខកំរិតខ្ពស់បំផុតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែ។
បាតុកម្មប្រឆាំង CLV៖ កម្លាំងប្រដាប់អាវុធចាប់ផ្តើមត្រៀមលក្ខណៈនៅទូទាំងប្រទេស
ប៉ុន្មានម៉ោងក្រោយបទបញ្ជារបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទតាមបណ្តាខេត្តនីមួយៗ រួមមានប៉ូលីស យោធា និងកងរាជអាវុធហត្ថ បានចាប់ផ្តើមប្រមូលផ្តុំគ្នា ដាក់ផែនការរឹតបន្តឹងសន្តិសុខកំរិតខ្ពស់ នៅតាមមូលដ្ឋានសំខាន់ៗ ក្នុងភូមិសាស្ត្ររៀងៗខ្លួន។ ជាមួយគ្នានេះ កងទ័ពគ្រប់យោធភូមិភាគ កងកម្លាំងការពារព្រំដែន និងកងទ័ពពិសេសផ្សេងៗទៀត ក៏បានប្រុងជើងការផងដែរ។ នេះបើតាមការបង្ហាញដោយផ្ទាល់ និងតាមបណ្តាញសង្គមរបស់អង្គភាពនីមួយៗ។
ការត្រៀមលក្ខណៈសន្តិសុខកំរិតខ្ពស់នេះ ជាការឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដើម្បីទប់ទល់នឹងការគ្រោងធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង នៅថ្ងៃទី១៨ ខែសីហា។ គម្រោងបាតុកម្មមានបំណងស្នើឲ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងឆ្លៀតឱកាសទាមទារឲ្យរដ្ឋាភិបាលចុះចេញពីតំណែង និងការធ្វើបដិវត្តន៍ពណ៌ជាដើម។
ជាការកត់សម្គាល់ អភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានកោះប្រជុំជាបន្ទាន់កម្លាំងប្រដាប់អាវុធ ជាពិសេសនគរបាល កងរាជអាវុធហត្ថ កងទ័ព អាជ្ញាធរស្រុក ក្រុង ដើម្បីប្រជុំជួរ ត្រួតពិនិត្យកម្លាំង និងចល័តក្នុងភូមិសាស្ត្ររបស់ខ្លួននីមួយៗ ២៤ម៉ោងលើ២៤ម៉ោង នៅក្នុងគោលដៅថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក៏ដូចជាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ។
សូមរំលឹកថានៅក្នុងក្រុមតេលេក្រាម «រួបរួមដើម្បីជាតិ» សមាជិកដែលចូលនៅក្នុងក្រុមនេះរាប់ពាន់នាក់ បានលើកយកប្រធានបទ “ត្រៀមធ្វើបាតុកម្មនៅថ្ងៃទី១៨ សីហាខាងមុខ” មកជជែកគ្នា ដើម្បីទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV។ ឆ្លើយតបនឹងគម្រោងធ្វើបាតុកម្មនេះ រដ្ឋាភិបាលបានអះអាងរួចហើយដែរ ពីការត្រៀមលក្ខណៈទប់ទល់ជាស្រេច។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីជួបជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស នៅថ្ងៃទី១៥ ខែសីហានេះ បានអំពាវនាវដល់អ្នកដែលគាំទ្រ និងអ្នកមិនគាំទ្រចំពោះគម្រោង CLV នេះថា ពួកគេអាចបញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងឈានទៅដល់ការបែកបាក់ឯកភាពជាតិ៕