កម្ពុជា
15/08/2024 – 13:24
ដោយ៖ ញឹម សុផល
RFI
នៅក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងការបរទេសកម្ពុជាសួរទៅរដ្ឋាភិបាលជប៉ុនជុំវិញពលរដ្ឋខ្មែរដែលមាននិន្នាការប្រឆាំង យកទឹកដីជប៉ុនធ្វើជាមូលដ្ឋានសម្រាប់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន ម៉ាណែត បានបញ្ជាយ៉ាងដូច្នេះ បន្ទាប់ពីពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងបាននាំគ្នាធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រឆាំងនឹងការចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវវៀតណាម (CLV)។
លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រសួងការបរទេសសួរជប៉ុនរឿងយកទឹកដីជប៉ុនផ្តួលរំលំរដ្ឋាភិបាលកម្ពុជា
ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ និងអាចារិនីប្រមាណ១ពាន់នាក់ រួមនឹងមន្ត្រីរាជការជាច្រើននាក់នៅថ្ងៃព្រហស្បតិ៍ទី ១៥សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងការបរទេសកម្ពុជាសួរទៅរដ្ឋាភិបាលជប៉ុនថា តើជប៉ុនគាំទ្រឬទេ ក្នុងការដែលគេយកទឹកដីជប៉ុន ដើម្បីទៅបំផុសឲ្យផ្តួលរដ្ឋាភិបាលប្រទេសផ្សេង។
ការជំរុញឲ្យក្រសួងការបរទេសរបស់ខ្លួនសួរនាំទៅភាគីរដ្ឋាភិបាលជប៉ុនដូច្នេះ ក៏ដោយសារលោកនាយករដ្ឋមន្ត្រីយល់ឃើញថា អ្នកបំផុសឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាភាគច្រើន រស់នៅប្រទេសជប៉ុន រួមនឹងភស្តុតាងច្បាស់លាស់ ដែលជាសារចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោកមិនចង់ឲ្យជប៉ុនដេញពួកគេទាំងនោះមកកម្ពុជាវិញទេ តែចង់ឲ្យជប៉ុនគួរធ្វើការណែនាំពលរដ្ឋខ្មែរដែលយកប្រទេសជប៉ុនធ្វើជាមូលដ្ឋានចង់ផ្តួលរំលំរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនទាន់ឆ្លើយតបមកវិទ្យុបារាំងអន្តរជាតិ RFI នៅឡើយទេ ជុំវិញសំណួរថា តើក្រសួងបានដាក់កំណត់ទូតសួរនាំទៅរដ្ឋាភិបាលជប៉ុន តាមបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ ឬនៅ។ ចំណែកស្ថានទូតជប៉ុននៅភ្នំពេញក៏ស្ថិតក្នុងភាពស្ងៀមស្ងាត់ដែរ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា ជប៉ុនគួរតែយល់ពីរឿង CLV DTA ព្រោះថា ជប៉ុនផ្ទាល់ក៏ជាអ្នកគាំទ្រគម្រោងនេះ តាំងពីដំបូង តាមរយៈការផ្តល់ថវិកាចំនួន ២០លានដុល្លារ ក្នុងការអភិវឌ្ឍន៍ CLV នេះកាលពីឆ្នាំ២០០៦។

សូមរំលឹកថា កាលពីថ្ងៃអាទិត្យទី១១ ខែសីហាកន្លងទៅ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ជាដើម បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដោយសារបារម្ភពីការបាត់បង់ទឹកដី។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបនៅថ្ងៃនេះដែរថា ជំនាញការជប៉ុនដែលជួយកសាងអភិវឌ្ឍផែនការមេ CLV នេះ បានបញ្ជាក់ហើយថា គម្រោង CLV នឹងមិនធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពទេ៕