អ្នក​ឃ្លាំ​មើល​សង្គម​ថា លោក ហ៊ុន សែន បន្ត​ប្រើប្រាស់​អំណាច​រំលង​នាយក​រដ្ឋមន្ត្រី និង​បំពាន​រដ្ឋធម្មនុញ្ញ

ដោយ សេក បណ្ឌិត
2024.08.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំ​មើល​សង្គម​ថា លោក ហ៊ុន សែន បន្ត​ប្រើប្រាស់​អំណាច​រំលង​នាយក​រដ្ឋមន្ត្រី និង​បំពាន​រដ្ឋធម្មនុញ្ញ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពេល​ចេញ​មុខ​ពន្យល់ និង​ការពារ​គម្រោង​អភិវឌ្ឍន៍តំបន់​ត្រីកោណ កាល​ពី​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន សែន


អ្នក​ឃ្លាំ​មើល​សង្គម​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បន្ត​ប្រើប្រាស់​អំណាច​រំលង​តួនាទី​នាយករដ្ឋមន្ត្រី និង​បំពាន​រដ្ឋធម្មនុញ្ញ​ដែល​នាំ​ឱ្យ​ការ​ដឹក​នាំ​ប្រទេស​មាន​ភាព​ច្របូកច្របល់ និង​ខាត​ដល់​ផល​ប្រយោជន៍​ជាតិ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ដឹក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ មាន​សិទ្ធិ​លើក​ឡើង​គ្រប់​បញ្ហា​ទាំង​អស់។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​ថ្លែង​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កំពុង​រំលោភ​អំណាច និង​រំលោភ​គោលការណ៍​ច្បាប់ ដោយ​សារ​តែ​លោក​តែង​តែ​ចេញ​មុខ​ជំនួស​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​មាន​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី។

ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យល់​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន​បាន​ដើរ​ហួស​គោលការណ៍​រដ្ឋធម្មនុញ្ញ​ដោយ​សារ​តែ​លោក​ជា​មាន​តួនាទី​ខាង​នីតិប្បញ្ញត្តិ ប៉ុន្តែ​លោក​ ហ៊ុន សែន បាន​បញ្ជា​ទៅ​លើ​មន្ត្រី​សាធារណៈ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នីតិប្រតិបត្តិ ដែល​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​ទៅ​វិញ។ លោក​ថា ការ​ជ្រៀតជ្រែក​អំណាច​របស់​លោក​ ហ៊ុន សែន​ នេះ​គឺ​ធ្វើ​ឱ្យ​ការ​ដឹក​នាំ​ប្រទេស​មាន​ភាព​ច្របូកច្របល់ និង​គ្មាន​ប្រសិទ្ធភាព ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ។

លោក រ៉ុង ឈុន៖ «នៅ​ស្រុក​យើង យើង​ឡើង​ច្របូកច្របល់ៗ ហើយ ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន។ អ៊ីចឹង មាន​ការ​ជ្រៀតជ្រែក​ពី​ស្ថាប័ន​មួយ ដែល​មិន​ទាន់​បាន​អនុវត្ត​ដូច​ដែល​ច្បាប់​បាន​កំណត់»។

ការ​លើក​ឡើង គឺ​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ថ្លែង​សារ​ជា​សាធារណៈ និង​ដើរ​តួ​នាទី​ជំនួស​នាយក​រដ្ឋមន្ត្រី​ជា​បន្ត​បន្ទាប់ ជា​ពិសេស ករណី​បកស្រាយ​ឆ្លើយ​តប ចំពោះ​ពលរដ្ឋ​រឿង​រិះគន់​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​អភិវឌ្ឍ​ត្រីកោណ​ពិសេស​កម្ពុជា ឡាវ និង​វៀតណាម។ លោក ហ៊ុន សែន កាល​ពី​ខែកក្កដា បាន​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ៤នាក់ និង​ព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​និយាយ​រិះគន់​ពាក់ព័ន្ធ​នឹង «តំបន់​ត្រីកោណ​អភិវឌ្ឍន៍»។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន ក៏​បាន​បញ្ជា​មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​នាំ​គ្នា​ផុស​ខ្លឹមសារ​សម្ភាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ដែល​បំភ្លឺ​អំពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ក្នុង​ប្រព័ន្ធ​ដឹក​នាំ​ប្រទេស​កម្ពុជា គឺ​អាស្រ័យ​ទៅ​លើ​គណបក្ស ដែល​ឈ្នះ​ឆ្នោត ហើយ​លោក​ថា​ក្នុង​នាម​ លោក ហ៊ុន សែន​ដែល​ជា​ប្រធាន​បក្ស​កាន់​អំណាច គឺ​អាច​ថ្លែង​សារ​បាន​គ្រប់​បញ្ហា ដោយ​មិន​បាន​ប៉ះពាល់​អំណាច​នាយករដ្ឋមន្ត្រី​នោះ​ទេ។

លោក សុខ ឥសាន៖ «ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម្ដេច​មាន​សិទ្ធិ​និយាយ​គ្រប់​បញ្ហា​ទាំង​អស់ មិន​មែន​លូក​ដៃ​ក្នុង​បញ្ហា​រដ្ឋាភិបាល មិន​មែន​រំលោភ​ទៅ​លើ​ស្ថាប័ន​រដ្ឋ​ណា​ទេ ព្រោះ​គណបក្ស​កាន់​អំណាច​នៅ​ពេល ដែល​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​កាន់​អំណាច​តែង​តាំង​មន្ត្រី​របស់​ខ្លួន​ទៅ​ធ្វើ​តាម​ស្ថាប័ន​របស់​រដ្ឋ»។

ចំណែក​អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​ប្រជាធិបតេយ្យ លោក វន ចាន់ឡូត មាន​ប្រសាសន៍​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​កាន់​មន្ត្រី​សាធារណៈ​កន្លង​មក​នេះ គឺ​ជា​ការ​​​​រំលោភ​អំណាច​ទៅ​លើ​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​មក​ជា​ការ​ដឹក​នាំ​បែប​បុគ្គល​និយម​​ទៅ​វិញ។ លោក​ថា ការ​ដឹក​នាំ​បែប​បុគ្គល​និយម​នេះ​បន្ត​ចាក់​ស្រេះ​ក្នុង​សង្គម​កម្ពុជា ដែល​មិន​ឱ្យ​អ្នក​ដឹក​នាំ​ជំនាន់​ថ្មី អាច​បញ្ចេញ​សមត្ថភាព​ខ្លួន​បាន។

លោក វន ចាន់ឡូត៖ «ទី​មួយ កង្វះ​តុល្យភាព​អំណាច ដូច្នេះ មិន​មាន​ស្ថាប័ន​ណា​មួយ​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​អំពី​ការ​រំលោភ​អំណាច​ ឬ​ការ​បំពាន​តួនាទី​នោះ​ឡើយ។ ទីពីរ ឆ្លុះ​បញ្ចាំង​ពី​អំណាច​បែប​ឯកទត្ត​បុគ្គល។ មាន​ន័យ​ថា ការ​ដឹក​នាំ គឺ​អាស្រ័យ​លើ​បុគ្គល ដែល​ប្រាសចាក​អំពី​ការ​ដឹក​នាំ​តាម​បែប​ប្រជាធិបតេយ្យ ឬ​ការ​ដឹក​នាំ​ប្រាសចាក​ពី​អភិបាលកិច្ច»។

នៅ​មុន​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​លោក លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា បើ​ទោះ​បី​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ទៀត​ក្ដី ក៏​លោក​នៅ​តែ​គ្រប់គ្រង​នយោបាយ​កម្ពុជា​ក្នុង​ឋានៈ​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល។

ប្រទេស​កម្ពុជា​បាន​បែង​ចែក​អំណាច​រដ្ឋ​ជា៣ ឯករាជ្យ​ដាច់​ពី​គ្នា គឺ​អំណាច​នីតិបញ្ញត្តិ តំណាង​អោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​មាន​តួនាទី​កសាង​ច្បាប់ និង​ផ្សព្វផ្សាយ​ច្បាប់។ អំណាច​នីតិប្រតិបត្តិ​ គឺ​តំណាង​អោយ​រដ្ឋាភិបាល មាន​តួនាទី​អនុវត្តន៍​ច្បាប់ និង​អំណាច​តុលាការ គឺ​តំណាង​ឱ្យ​សាលា​ជម្រះ​ក្ដី មាន​តួនាទី​រក​យុត្តិធម៌​ជូន​សង្គម។ ប៉ុន្តែ​អំណាច​ទាំង ៣នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា មិន​មាន​ការ​បែង​ចែក​ដាច់​ពី​គ្នា​នោះ​ទេ ដោយ​សារ​តែ​មាន​ការ​លូក​ដៃ​ពី​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles