ក្រុម​កូដករ​ណាហ្គាវើលដ៍ បន្ត​តវ៉ា​រក​យុត្តិធម៌

2024.08.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​កូដករ​ណាហ្គាវើលដ៍ បន្ត​តវ៉ា​រក​យុត្តិធម៌

ក្រុម​កូដករ ណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ១០នាក់​នាំ​គ្នា​លើក​បដា​តវ៉ា ​នៅ​មុខ​ក្រុមហ៊ុន​ជា​ថ្មី នៅ​ថ្ងៃ​ទី១៦ ខែសីហា ឆ្នាំ២០២៤ និង​ទាមទារ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ ឱ្យ​គោរព​សិទ្ធិ​ការងារ និង​ទទួល​យក​ពួក​គាត់​ចូល​ធ្វើការ​វិញ រួម​ទាំង​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព។ រូបពីពលរដ្ឋ


ក្រុម​កូដករ ណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ១០នាក់​នាំ​គ្នា​លើក​បដា​តវ៉ា ឱ្យ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ គោរព​សិទ្ធិ​ការងារ និង​ទទួល​យក​ពួក​គាត់ ចូល​ធ្វើការ​វិញ រួម​ទាំង​ដោះលែង​ប្រធាន​សហជីព គឺ កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព។

មិន​ខុស​ពី​សព្វ​មួយ​ដង​នោះ​ទេ ក្រុម​កូដករ​ណាហ្គាវើលដ៍ នៅ​ថ្ងៃ​ទី១៦ ខែសីហា នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ជា​ថ្មី ដោយ​បាន​លើក​បដា ដែល​សរសេរ​ថា «ពួក​យើង​ត្រូវ​ការ​ដំណោះស្រាយ​ពី ក្រុមហ៊ុន​ណាហ្គាវើលដ៏» និង​ទួល​ឆ្នាំង​បាយ ដែល​សរសេរ​អក្សរ​ថា វិវាទ​ឆ្នាំង​បាយ ក្នុង​ន័យ​ថា ការ​តវ៉ា​របស់​ពួក​គាត់​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ គឺ​ជា​រឿង​ឆ្នាំង​ឆ្នាំង​បាយ ឬ​វិវាទ​ការងារ​សុទ្ធសាធ។

តំណាង​កូដករ​ក្រុមហ៊ុន ណាហ្គាវើលដ៍​អ្នកនាង ម៉ម សុវឌ្ឍិន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ ខែសីហា ការ​តវ៉ា នេះ គឺ​ទាមទារ​រក​យុត្តិធម៌ ឱ្យ​ពួក​អាច​ចូល​ធ្វើការ​ឡើង​វិញ​បាន ដើម្បី​មាន​ចំណូល​ចិញ្ចឹម «ក្រពះ» ហើយ​និង​ទទូច​ដល់​ថៅកែ​ក្រុមហ៊ុន ឱ្យ​គោរព​ច្បាប់​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ។ អ្នក​នាង ក៏​បាន​ផ្ញើសារ​ដល់​ពលរដ្ឋ​ឱ្យ​ហ៊ាន​តវ៉ា ប្រឆាំង​នឹង​ទង្វើ​រំលោភបំពាន​ផ្សេងៗ ពី​សំណាក់​ថៅកែ​ទុច្ចរិត​មួយ​ចំនួន ព្រោះ​ថា នេះ ជា​សិទ្ធិ​សេរីភាព ពុំ​មែន​ជា​បទល្មើស​ឡើយ។

អ្នកនាង ម៉ម សុវឌ្ឍិន៖ «ដំណោះស្រាយ​ឱ្យ​ខ្ញុំ​អត់​មាន​ទេ កញ្ញា ឈឹម ស៊ីថរ លះបង់​ភាព​យុវវ័យ​របស់​ខ្លួន​ឯង ជាប់​គុក​ទាំង​អយុត្តិធម៌ ដើម្បី​ការពារ​ផល​ប្រយោជន៍​ខ្មែរ ដើម្បី​ទាមទារ។ គេ​បោះឆ្នោត​ឱ្យ​គាត់ ដើម្បី​ឱ្យ​គាត់ គេ​គាំទ្រ​ឱ្យ​គាត់​ភាព​ជា​តំណាង ដើម្បី​ពាំនាំ​ទុក្ខ​កង្វល់​នឹង​ទៅ​ចរចា​ជា​មួយ​នឹង​ថៅកែ។ ឥឡូវ​នេះ សូម្បី​តែ​ប្រាក់​ខែ​ទី១៣ ក៏​អត់​បាន លុយ​អឹមស៊ី (MC) ក៏​អត់​បាន លុយ​អត្ថប្រយោជន៍​ផ្សេងៗ ក៏​បាន​ដែរ»

ការ​តវ៉ា​របស់​ក្រុម​កូដករ នៅ​មុខ​ក្រុម​ណាហ្គាវើលដ៍​នេះ គេ​ឃើញ​មាន​កង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ៥ ទៅ ៦នាក់​ចាំ​យាមកាម និង​ដាក់​រនាំង​បាំង នៅ​ពី​មុខ​ក្រុមហ៊ុន។ ចំណែក​ជនស៊ីវិល ៣ ទៅ ៤នាក់ បាន​ឃ្លាំមើល ពី​ចម្ងាយ ហើយ​ថតរូប ក្រុម​កូដករ​ទាំង​នោះ​ផង​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្រុម​កូដករ ទាំង​នោះ​បាន​ស្រែក​ខ្លាំងៗ ថា ការ​តវ៉ា​នេះ គឺ​ដើម្បី «ក្រពះ» ពុំ​មែន​ជា​ការ​ស៊ីឈ្នួល​តវ៉ា ឬ ជា​ក្រុម​ញុះញង់​នោះ​ឡើយ។ ពួក​គាត់​ស្នើ​ដល់ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កក្តា អ៊ន និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែសីហា។

វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើល៍ បាន​អូស​បន្លាយ ជាង ៣ឆ្នាំ​មក​ហើយ ប៉ុន្តែ ការ​តវ៉ា​របស់​ពួក​គាត់ មិន​ត្រឹម​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ គឺ​កន្លង​ទៅ ពួក​គាត់​បាន​ទទួល​រង​អំពើ​ហិង្សា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ និង​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​រហូត​មក​ដល់​បច្ចុប្បន្ន។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើលដ៍ មិន​ត្រឹមតែ​ជា​ការ​ស្វែងរក​យុត្តិធម៌​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​លើក​កម្ពស់​ការ​គោរព​ច្បាប់​ការងារ​នៅ​កន្លែង​ដទៃ​ទៀត​ផង​ដែរ។ អ្នកស្រី​បន្ត​ថា ភាគី​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​វិវាទ​ការងារ​របស់​សហជីព​ណាហ្គាវើលដ៍​ឱ្យ​បាន​ឆាប់ៗ ដើម្បី​លើក​កម្ពស់​មុខ​មាត់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ ជា​ជាង​បន្ត​ទុក​ឱ្យ​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំ​មុខ​លទ្ធិ​ប្រជាធិបតេយ្យ វាយ​តម្លៃ​ស្ថានភាព​គោរព​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា កាន់តែ​អាក្រក់​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «តួ​យ៉ាង​ឃើញ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដដែល អត់​មាន​អ្វី​ថ្មី ហើយ​មាន​ការ​ចាប់​ដាក់​ពន្ធនាគារ ជា​ការ​គំរាម​កំហែង ទៅ​ដល់​កម្មករ​និយោជិក​ដទៃ​ទៀត កុំ​ឱ្យ​ប្រើ​ប្រាស់​សិទ្ធិ។ រឿង​នឹង​កើត​ឡើង​ដដែល តែ​ក៏​មិន​អាច​បញ្ឈប់​ការ​ទាមទារ​របស់​កម្មករ​និយោជិក​បាន​ដែរ ទោះ​បី​មាន​ការ​បញ្ឈប់ មាន​ការ​រឹតត្បិត»

ក្រុម​កូដករ​លើក​ឡើង​ថា បើ​ទោះ​បី​ជា​យុត្តិធម៌​ហាក់​នៅ​ឆ្ងាយ ក៏ប៉ុន្តែ ពួក​គាត់​ពុំ​ដែល​អស់​សង្ឃឹម​ឡើយ ហើយ​នៅតែ​បន្ត​ធ្វើ​កូដកម្ម រហូត​ទទួល​បាន​ដំណោះស្រាយ​ពី​ថៅកែ​កាស៊ីណូ ណាហ្គាវើលដ៍ បើ​ទោះ​បី​ត្រូវ​ចំណាយ​ពេល ៥ឆ្នាំ ទៅ ១០ឆ្នាំ​ទៀត​ក្ដី ព្រោះ​ថា ការ​តវ៉ា​របស់​ពួក​គាត់​នេះ ពុំ​មែន​ដើម្បី​បុគ្គល តែ​ដើម្បី​មនុស្ស​ជាតិ​គ្រប់​គ្នា ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​អំពើ​រំលោភ​បំពាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles