ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​លុប​ចោល​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV

ដោយ សុ ជីវី
2024.08.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​លុប​ចោល​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV

អ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរ ដើម្បី​ប្រជាធិបតេយ្យ រូប៖ RFA


ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​ អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV) ដោយ​អះអាង​ថា គម្រោង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ និង​ធនធាន​ធម្មជាតិ។ ទោះ​ជា​យ៉ាង​ណា ក្ដី រដ្ឋាភិបាល​ក្រុង​ភ្នំពេញ តែងតែ​បដិសេធ​ការ​ចោទ​ប្រកាន់ និង​ថែម​ទាំង​ណែនាំ​ឱ្យ​មន្ត្រី​រាជការ និង​ក្រសួង​ស្ថាប័ន​រដ្ឋ រួម​ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​ដើម ត្រូវ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​គាំទ្រ​គម្រោង (CLV) នេះ។

ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ដែល​ដឹក​នាំ​ដោយ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ទី១៣ ខែ​សីហា បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ប្រឆាំង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព និង​ធនធាន​ធម្មជាតិ។

ចលនាខ្មែរ ដើម្បី​ប្រជាធិបតេយ្យ លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ទៀត​ថា ប្រសិន​បើ​គម្រោង​នេះ​អនុវត្ត​នឹង​មាន​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ ការ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី និង​ការ​កេង​ប្រវ័ញ្ច​ធនធាន​ធម្មជាតិ​ដោយ​ប្រទេស​វៀតណាម។ បន្ថែម​ពី​នេះ ​លំហូរ​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​ទៅ​ក្នុង​ខេត្ត​ទាំង​បួន​រួមមាន​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង ដើម្បី​គ្រប់គ្រង​លើ​សេដ្ឋកិច្ច និង​កាន់​កាប់​តំបន់​នេះ​ពេញ​ទី។

សេចក្ដីថ្លែងការណ៍​ដដែល​បាន​យក​របាយការណ៍​ស្រាវជ្រាវ​របស់​លោក ជើរេមី អាយរុនសាយ (Jeremy Ironside) លោក ហ្គ័រដុន ផាធើរសុន (Gordon Paterson) និង​លោក អាន ថូម៉ាស (Anne Thomas) ដែល​បាន​ រក​ឃើញ​ថា នៅ​ក្រោម​ផែន​ការ​មេ នៃ​កិច្ច​សហ​ប្រតិបត្តិការ​​តំបន់​ត្រីកោណ​ អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV) ទំនង​ជា​នឹង​ក្លាយ​ទៅ​ជា​អ្នក​ផ្គត់ផ្គង់ វត្ថុធាតុ​ដើម​ទៅ​ប្រទេស​វៀតណាម និង​ចិន។

ការ​ស្រាវជ្រាវ​ចង្អុល​បង្ហាញ​ថា ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន កើត​មាន​ឡើង ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​ដែល​បាន​វាយ​តម្លៃ​ដោយ​តម្លាភាព​ទេ ហើយ​ជន​ជាតិ​ដើម​រស់នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺ​មិន​ដែល​ត្រូវ​បាន​ជូន​ដំណឹង​អំពី​ផែនការ ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​នេះ​ដែរ។

ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​បន្ថែម​ទៀត​ថា ការ​មិន​បាន​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​របស់​រដ្ឋាភិបាល​លើ​ផល​ប៉ះពាល់​របស់ (CLV) នឹង​មាន​ការ​ទទួល​ស្គាល់​តិច​តួច នៃ​ការ​តាំង​ទីលំនៅ និង​ផែន​ការ​ប្រើប្រាស់​ដីធ្លី​ដែល​មាន​ស្រាប់ ឬ​សិទ្ធិ​ដី​ធ្លី របស់​សហគមន៍​ជនជាតិ​ដើម”។

ក្រៅ​ពី​នេះ​ ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពលរដ្ឋ​ខ្មែរ ៦រូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​ការ​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​គម្រោង​នេះ​ ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ ។

ទោះ​ជា​យ៉ាងណា មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ តែង​ចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ និង​ប្រកាន់​ជំហរ​មិន​ដក​ថយ​នោះ​ទេ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថែម​ទាំង​គំរាម​បង្ក្រាប​បង្ហូរ​ឈាម និង​ចាប់​ដាក់​គុក ចំពោះ​អ្នក​រិះគន់​គម្រោង (CLV) នេះ​ទៀត​ផង។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​បង្ខំ​ឱ្យ​មន្ត្រី​រាជការ និង​ក្រសួង​ស្ថាប័ន ត្រូវ​ចេញ​ញត្តិ​គាំទ្រ​គម្រោង (CLV) និង​ត្រូវ​ប្រតិកម្ម​ឆ្លើយ​តប ចំពោះ​អ្នក​រិះគន់។

ជាក់​ស្ដែង ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី១៥ ខែសីហា បាន​សេចក្ដី​ថ្លែង​ការណ៍​ចាត់​ទុក​ថា មាន​ក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន បាន​បំភ្លៃ​ការ​ពិត​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ត្រីកោណ (CLV)។

ក្រសួង​អប់រំ ក៏​អំពាវនាវ​ដល់​បុគ្គលិក​អប់រំ គ្រូ​បង្រៀន និង​សិស្ស-និស្សិត ឱ្យ​ឆ្ងាយ​ពី​សកម្មភាព​បះបោរ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​ជឿជាក់​លើ​រដ្ឋាភិបាល។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថា រដ្ឋាភិបាល​គួរ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរ​អាច​បញ្ចេញ​មតិ និង​ធ្វើ​ការ​ជួបជុំ និង​ការ​តវ៉ា​ដោយ​សន្តិវិធី។ អ្នកស្រី​សោក​ស្ដាយ​ដែល​ក្រសួង​អប់រំ​ដាក់​សម្ពាធ​លើ​គ្រូបង្រៀន និង​សិស្ស​និស្សិត​ឱ្យ​គាំទ្រ​ខ្លួន និង​បិទ​សិទ្ធិ​មិន​ឱ្យ​និយាយ​ផ្ទុយ​ពី​រដ្ឋាភិបាល។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «គឺ​ការ​កៀបសង្កត់ របប​ផ្ដាច់​ការ គឺ​គេ​ធ្វើ​បែប​នេះ។ សម័យ ប៉ុល ពត យើង​មើល​ឃើញ​ទេ​ថា ពីរ​យ៉ាង​មិន បី​យ៉ាង​រាយការណ៍។ អ៊ីចឹង ការ​រាយការណ៍​នេះ​ហើយ​បញ្ជាក់​ថា គ្មាន​សិទ្ធិ​សេរីភាព គ្មាន​អី​ក្នុង​ការ​និយាយ​ស្ដី​ទេ ហាម​ឃាត់ សូម្បី​តិច​ទៀត ផ្ដាច់​ខ្យល់​អុកស៊ីហ្សែន​មិន​ឱ្យ​ដក​ខ្យល់​ទៀត​ផង មើល​ទៅ»។

បើ​ទោះ​ជា​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​គំរាម​សម្លុត​ប្រើ​គុក​ច្រវាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​បង្ក្រាប​លើ​ពលរដ្ឋ​មិន​ឱ្យ​ចេញ​តវ៉ា​យ៉ាង​ណា​ក្ដី ក៏​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ចេញ​តវ៉ា​រាប់​ម៉ឺន​នាក់ ចំណែក​ឯ​ពលរដ្ឋ​ក្នុង​ប្រទេស នៅ​តែ​ពុះ​កញ្ជ្រោល​ដោយ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដក​ខេត្ត​ខ្មែរ​ទាំង៤ ចេញ​ពី​គម្រោង (CLV) ដោយ​ពួកគាត់​ថា នេះ​ជា​រឿង​បូរណភាព​ទឹក​ដី និង​ជា​ជោគវាសនា នៃ​ប្រទេសជាតិ​ទាំង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles