យុវជន៥នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន ទោះជាគ្មានបាតុកម្មប្រឆាំងគម្រោង CLV-DTA

កម្ពុជា
បាតុកម្មប្រឆាំងCLV
18/08/2024 – 16:46
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

យុវជនយ៉ាងតិច៥នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈ​ដែល​គម្រោង​បាតុកម្មស្នើ ឲ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV) ត្រូវបានខកខានទៅវិញ។ យុវជន៤នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែសីហានេះ នៅការិយាល័យសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ និងម្នាក់ទៀតជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យមួយ​ក្នុងខេត្តកំពង់ស្ពឺ ក៏ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១៧ ខែសីហា។ ជាសរុប​គឺមានយុវជនជិត២០នាក់ ​ត្រូវបាន​ចាប់ខ្លួន​ពាក់​ព័ន្ធ​នឹង​គម្រោងបាតុកម្មនៅថ្ងៃអាទិត្យនេះ។

យុវជន៥នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន ទោះជាគ្មានបាតុកម្មប្រឆាំងគម្រោង CLV-DTA


សមាជិកសមាគមនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន៤រូប ដែល​ត្រូវបាន​ចាប់​ខ្លួន រួមមាន កាត់ ស៊ីណាត រៀម ស្រីពេជ្ររតនា ធី ថន និង នឿន ស្រីណែត។ ពួកគេត្រូវបានចាប់ខ្លួន ដោយយោងតាមដីកាពីព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងក្រុងភ្នំពេញ និងដែលបានបញ្ជាឲ្យបិទការិយាល័យរបស់សមាគមនិស្សិតបញ្ញាវ័ន្ត ខ្មែរ​ថែមទៀត។

បើតាម លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ លោកមិនទាន់ដឹងពីមូលហេតុនៃការឃាត់ខ្លួនយុវជនទាំង៤រូបនេះនៅឡើយទេ។ តែលោកក៏មិនភ្លេចបញ្ជាក់ថា សង្គមស៊ីវិលកំពុងតាមដានលើរឿងនេះ ដើម្បីស្វែងរកមូលហេតុ។

យ៉ាងណា នៅខេត្តកំពង់ស្ពឺវិញ មានយុវជនម្នាក់ ជាសិស្សថ្នាក់ទី១២ ក៏ត្រូវបាននគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការដែរកាលពីថ្ងៃទី១៧ ខែសីហា។ តាមស្នងការនគរបាលខេត្តកំពង់ស្ពឺ មូលហេតុដែលឈានដល់ការចាប់ខ្លួនយុវជនជាសិស្សវិទ្យាល័យរូបនេះ ដោយសាររូបគេបានអំពាវនាវ​ឱ្យយុវជនចូលរួម​គាំទ្រ​បាតុកម្មទាមទារឱ្យលុបគម្រោងអភិវឌ្ឍន៍នៅតំបន់ត្រីកោណ​ CLV-DTA

សិស្សវិទ្យាល័យរូបនេះ មានឈ្មោះក្នុងបណ្ដាញសង្គម ដា សុវណ្ណមករា និងមានឈ្មោះពិត ធឹម មករា។

Нет описания фото.
យុវជន៥នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន ទោះជាគ្មានបាតុកម្មប្រឆាំងគម្រោងCLV-DTA © KSILA

ក្នុងរូបភាព៣សន្លឹក ដោយភ្ជាប់ជាមួយភស្ដុតាងដែលសមត្ថកិច្ចប្រមូលបានពីការបញ្ចេញមតិ និងចែករំលែកលើបណ្ដាញសង្គម ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា យុវជន ធឹម មករា បានទទួល​ស្គាល់​ថា​ ខ្លួនពិតជាបានធ្វើសកម្មភាពកៀងគរ និងញុះញង់ឱ្យមានការត​វ៉ាប្រឆាំ​ងនឹងរដ្ឋាភិបាល ដើម្បីឱ្យមានការផ្លា​ស់ប្ដូរពិតប្រាកដមែន ដោយយកគំរូតាមយុវជននៅក្រៅ​ប្រ​ទេស។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលស្គាល់កំហុស សមត្ថកិច្ច​បាន​កសាងសំ​ណុំ​រឿង​បញ្ជូនសិស្សថ្នាក់ទី១២ រូបនេះ ទៅ​អ​យ្យការសាលាដំបូងខេត្ត នៅក្នុង​​បទចោទប្រកាន់​ពីប​ទ​រួម​គំនិត​ក្បត់​ និងបានចេញដីកាឃុំ​ខ្លួ​នដាក់ពន្ធនាគារភ្លាមៗ៕

What Next?

Recent Articles