ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេង បូ ហ្គាមិន (Shengbo Garment) ចូល​បំភ្លឺ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ម្ដង​ទៀត ករណី​ប្ដឹង​រោងចក្រ​ថា រើសអើង​សហជីព

ដោយ សេក បណ្ឌិត
2024.08.27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេង បូ ហ្គាមិន (Shengbo Garment) ចូល​បំភ្លឺ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ម្ដង​ទៀត ករណី​ប្ដឹង​រោងចក្រ​ថា រើសអើង​សហជីព

លោកស្រី រឿន កូលាប ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេងបូ ហ្គាមិន (Shengbo Garment) ចូល​បំភ្លឺ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ម្ដង​ទៀត នៅថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០២៤ តាម​ការ​កំណត់​របស់​ចៅក្រម​ស៊ើបសួរ ករណី​ប្ដឹង​សុំ​ចូល​ធ្វើការ​វិញ។ រូប៖ ហ្វេសប៊ុក NIFTUKC


ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេងបូ ហ្គាមិន (Shengbo Garment) លោកស្រី រឿន កូលាប ចូល​បំភ្លឺ​ម្ដង​ទៀត នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ តាម​ការ​កំណត់​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ករណី​ប្ដឹង​សុំ​ចូល​ធ្វើការ​វិញ ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ អ្នកស្រី នាង ស៊ីណៃ នៅ​ថ្ងៃ​ទី២៧ ខែសីហា បាន​ដំណើរ​ការ​នីតិវិធី​ត្រៀម​ទាញ​ហេតុផល លើ​សំណុំរឿង​ប្ដឹង​ចូល​ធ្វើការ​វិញ​នៅ​រោងចក្រ សេងបូ ហ្គាមិន តាម​ពាក្យ​បណ្ដឹង​របស់​លោកស្រី រឿន កូលាប ដែល​ជា​អតីត​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​មួយ​នេះ។

លោកស្រី រឿន កូលាប ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្រោយ​ចេញ​ពី​តុលាការ​ថា ចៅក្រម​ពុំ​បាន​សាកសួរ​អ្វី​បន្ថែម​លើ​សំណុំ​រឿង​នេះ​ឡើយ ដោយសារ​អវត្តមាន​ភាគី​តំណាង​រោងចក្រ សេងបូ ហ្គាមិន។ លោកស្រី រឿន កូលាប ឲ្យ​ដឹង​ថា ចៅក្រម​នឹង​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​តំណាង​ភាគី​រោងចក្រ​ចូលខ្លួន​ដោះ​ស្រាយ​ករណី​នេះ​នៅ​តុលាការ។

លោកស្រី រឿន កូលាប៖ «ការ​លើក​ពេល​ហ្នឹង​អត់​ទាន់​ច្បាស់​ទេ ព្រោះ​អី​ខាង​តុលាការ​អត់​បាន​បញ្ជាក់​ទេ គ្រាន់​តែ​គាត់​ប្រាប់​ថា គាត់​នឹង​ធ្វើ​ជា​លិខិត​មួយ​ដើម្បី​បង្ហោះ​ចេញ​ជា​សាធារណៈ​ដើម្បី​ឲ្យ​រោងចក្រ​ហ្នឹង ចូល​ខ្លួន​មក​ដោះស្រាយ ព្រោះ​អី​វគ្គ​នេះ គឺ​ជា​វគ្គ ដែល​ត្រូវ​ធ្វើ​បែប​ហ្នឹង​ហើយ។ បើ​សិន​ជា​គាត់​មក​ដោះស្រាយ​វា​មិន​អី​ទេ តែ​បើ​អត់​មក​ទេ អា​ហ្នឹង​តុលាការ​នឹង​ចេញ​សេចក្ដី​ប្រកាស​ជា​សាធារណៈ»

Roeun_Kolap_interview_with_NIFTUKC_082724.jpg
លោកស្រី រឿន កូលាប កម្មការិនី​រោងចក្រ សេងបូ ហ្គាមិន (Shengbo Garment) នៅ​​ខេត្ត​កំពង់ស្ពឺ ដែល​ត្រូវ​បាន​ថៅកែរោងចក្រ​បញ្ឈប់​ពី​ការងារ ក្រោយ​ពេល​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​នេះ។ រូប៖ NIFTUKC

នេះ ជា​លើក​ទី៧ ហើយ​ដែល​លោកស្រី រឿន កូលាប បាន​បង្ហាញ​ខ្លួន​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ។ មេ​សហជីព​រូប​នេះឲ្យ​ដឹង​ថា ការ​ពន្យារ​ពេល​នីតិវិធី​ច្រើន​លើក​ច្រើន​សា​បែប​នេះ ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ត្រូវ​ចំណាយ​សោហ៊ុយ​ច្រើន លើ​ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​តុលាការ ក្នុង​ចម្ងាយ​ប្រមាណ ១០០គីឡូ​ម៉ែត្រ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ភាគី​រោងចក្រ សេងបូ ហ្គាមិន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ ខែសីហា។

ប៉ុន្តែ​អតីត​ប្រធាន​ផ្នែក​រដ្ឋបាល នៃ​រោងចក្រ សេងបូ ហ្គាមិន លោក អាំ មន្នី ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ការ​បញ្ឈប់​លោកស្រី រឿន កូលាប នេះ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​សហជីព​នោះ​ទេ។ លោក​ថា ហេតុផល​ដែល​ឈាន​ដល់​ការ​បញ្ឈប់​លោកស្រី រឿន កូលាប គឺ​បណ្ដាល​មក​ពី​លោកស្រី​ធ្វើការ​មិន​គ្រប់​ចំនួន​គោលការណ៍​ដូច​កម្មករ​ដទៃ​ទៀត។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ កាល​ពី​ថ្ងៃ​ទី១២ ខែមិថុនា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ចំនួន ១៧ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ស្នើសុំ​ឲ្យ​មាន​ការ​គោរព​សេរីភាព​សហជីព និង​អនុញ្ញាត​ឲ្យ​លោកស្រី រឿន កូលាប បាន​ចូល​ធ្វើការ​នៅ​រោងចក្រ សេងបូ ហ្គាមិន ឡើង​វិញ។

សេចក្ដីថ្លែងការណ៍​រួម​ដដែល អះអាង​ថា ការ​ចោទ​ប្រកាន់​របស់​អតីត​ប្រធាន​រដ្ឋបាល មិន​ស៊ីសង្វាក់​គ្នា​នឹង​លទ្ធផល​ការងារ​ជាក់ស្ដែង​ឡើយ ដោយសារ​តែ​លោកស្រី រឿន កូលាប តែងតែ​ទទួល​បាន​ប្រាក់​រង្វាន់​រាល់​ខែ ចំពោះ​លទ្ធផល​ការងារ ហើយ​មិន​ធ្លាប់​ត្រូវ​បាន​ស្ដី​បន្ទោស ឬ​ព្រមាន​ពី​ថ្នាក់​លើ​ឡើយ។ ប្រភព​ដដែល អះអាង​ទៀត​ថា រោងចក្រ សេងបូ ហ្គាមិន បាន​បញ្ឈប់​លោកស្រី រឿន កូលាប ពី​កន្លែង​ការងារ កាលពី​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោយ​ពី​លោកស្រី រឿន កូលាប ត្រូវ​បាន​កម្មករ​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​នេះ កាល​ពី​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ទោះ​យ៉ាង​ណា ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី ទូច សើ មាន​ប្រសាសន៍​ថា រោងចក្រ​សេងបូ ហ្គាមិន កំពុង​រើសអើង​សហជីព​ក្នុង​កម្រិត​មួយ​ធ្ងន់ធ្ងរ ដោយ​រោងចក្រ​បាន​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព និង​មិន​បង្ហាញ​ខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​ឡើយ។ អ្នកស្រីស្នើ​ដល់​ក្រសួង​ការងារ ឲ្យ​ចុះ​ធ្វើ​អធិការកិច្ច​លើ​រោងចក្រ​មួយ​នេះ ដើម្បី​ធានា​ការ​គោរព​សេរីភាព​សហជីព ព្រម​ទាំង​ស្នើ​ដល់​តុលាការ​ពន្លឿន​នីតិវិធី​ស្វែង​រក​យុត្តិធម៌​សម្រាប់​លោកស្រី រឿន កូលាប។

លោកស្រី ទូច សើ៖ «ខាង​ខ្ញុំ​នៅ​តែ​បន្ត​ប្ដឹង​តទៅទៀត នៅ​ពេល​ហ្នឹង គឺ​ខ្ញុំ​អត់​ទាន់​ឈប់​ទេ អត់​ទាន់​អាច​ពន្លែង​ដៃ​បាន​ទេ លុះ​ត្រា​តែ​ក្រុមហ៊ុន​ចូល​មក​ចរចា​ជាមួយ​ខាង​ពួក​ខ្ញុំ និង​ខាង​តុលាការ ដើម្បី​រក​យុត្តិធម៌​សម្រាប់​គាត់»

រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ សេងបូ ហ្គាមិន ខេមបូឌា មាន​ទីតាំង​ស្ថិត​នៅ​ភូមិពោធិ៍កោង សង្កាត់​ព្រះស្រែ ក្រុង​ឧត្តុងម៉ែជ័យ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​មាន​កម្មករ​សរុប​ប្រមាណ ៥០០នាក់។ រោងចក្រ​មួយ​នេះ ធ្លាប់​បាន​បញ្ចប់​កិច្ច​សន្យា​ការងារ​លើ​ថ្នាក់ដឹកនាំ​សហជីព​ប្រចាំ​រោងចក្រ​មួយ​នេះ​ជា​បន្ត​បន្ទាប់។ កាលពី​ចុង​ខែមិថុនា ឆ្នាំ២០២៣ រោងចក្រ​បាន​បញ្ឈប់​ប្រធាន​សជីព​ប្រចាំ​រោងចក្រ លោកស្រី រឿន កូលាប ហើយ​រោងចក្រ​បាន​បញ្ចប់​កិច្ចសន្យា​ប្រធាន​សហជីព​ម្នាក់​ទៀត ដែល​មក​ជំនួស​លោកស្រី រឿន កូលាប គឺ​លោក ហាក់ ហៀង កាល​ពី​ឆ្នាំ២០២៣។ រហូត​ដល់​ថ្ងៃ​ទី៣១ ខែមករា ឆ្នាំ២០២៤ រោងចក្រ​មួយ​នេះ បាន​បញ្ចប់​កិច្ចសន្យា​ប្រធាន​សហជីព​រោងចក្រ សេងបូ គឺ​លោក ថុង ធី និង​អនុប្រធាន​ម្នាក់​ទៀត គឺ​លោក សៀក ថុង ក្រោយ​ពី​ពួក​គាត់​ជាប់​ឆ្នោត​ជា​ថ្នាក់​ដឹកនាំ​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles