ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​​ព្រែក​ជីក​ហ្វូណន​តេជោ​​​ស្នើ​​រដ្ឋាភិបាល​​ផ្ដល់​​សំណង​បាន​ឆាប់​រហ័ស

2024.08.27
RFA

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​​ព្រែក​ជីក​ហ្វូណន​តេជោ​​​ស្នើ​​រដ្ឋាភិបាល​​ផ្ដល់​​សំណង​បាន​ឆាប់​រហ័ស

គន្លងព្រែកជីកហ្វូណនតេជោ កាត់ខេត្ត​កណ្ដាល និងតាកែវ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ សីហា ២០២៤។ រូប៖ ហ្វេសប៊ុកក្រសួងសាធារណការ


ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​​ព្រែក​​ជីក​ហ្វូណន​តេជោ​​ស្នើ​រដ្ឋាភិបាល​ផ្ដល់​​សំណង​បាន​ឆាប់​រហ័ស ខណៈ​ដែល​ពួកគាត់​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​នឹង​បណ្ដេញ​​ពួកគាត់​ចេញ​ដោយ​​មិន​ផ្ដល់​សំណង​ដូច​ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី​កន្លែង​ផ្សេង​ទៀត​កន្លង​មក។ មន្ត្រី​សង្គម​​ស៊ីវិល​​ថា​​​រដ្ឋាភិបាល​គួរ​ពន្លឿន​​​ការ​សិក្សា​ក្នុង​ការ​ផ្ដល់​សំណង​ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​មាន​ការ​បារម្ភ។

ពលរដ្ឋ​​នៅ​ឃុំ​សំរោងធំ​ ស្រុក​​កៀនស្វាយ​ លោកស្រី​ គង់ ស្រីយឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​​​​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ថា អាជ្ញាធរ​បាន​ចុះ​វាស់វែង​​​​​ដី​លោកស្រី​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​សប្ដាហ៍​​មុន​ ប៉ុន្តែ​លោក​ស្រី​ថា អាជ្ញាធរ​នៅ​មិន​ទាន់​ប្រាប់​ពី​សំណង​ដែល​លោក​ស្រី​ទទួល​បាន​នោះ​ឡើយ។ លោកស្រី​​ថា​​ព្រួយបារម្ភ​ជា​ខ្លាំង​នៅ​ពេល​​​អាជ្ញាធរ​​​​​នៅ​តែ​គេចវេះ​​មិន​​​​បញ្ជាក់​ពី​សំណង​ដល់​លោកស្រី​ និង​ពលរដ្ឋ​ផ្សេង​ទៀត។

លោកស្រី គង់ ស្រីយឿន បញ្ជាក់​ថា សំណង​ដែល​អ្នក​ស្រី​ចង់​បាន​គឺ​​​ជា​សំណង​អាច​ឱ្យ​​លោក​​ស្រី​ទិញ​ដី​ និង​​សាងសង់​ផ្ទះ​ដូច​បច្ចុប្បន្ន​ ហើយ​លោក​ស្រី​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​​​ផ្ដល់​សំណង​សមរម្យ​ដូច​ការ​សន្យា​របស់​ខ្លួន។

លោកស្រី​ គង់ ស្រីយឿន៖ «វាស់​កាល​ពី​ខ្ទង់​១០​ថ្ងៃ​មុន​នេះ​ វាស់​ហើយ​ស្ងាត់​ជ្រាប​​ គ្មាន​ផ្ដល់​ដំណឹង​ឱ្យ​ប្រជារាស្ត្រ​ដឹង​ឭ​​ ភូមិ​ឃុំ​ក៏​មិន​ដឹង​ឮ​​​ដល់​អ៊ីចឹង​ប្រជារាស្ត្រ​​ដេក​កើត​ទុក្ខ​ទោម្នេញ​​ពិបាក​​ចិត្ត​ មួយ​ៗលែង​ចង់​ធ្វើ​ការ​អស់​ហើយ​​ ធ្វើ​ការ​លែង​កើត​ស៊ី​បាយ​លែង​បាន​ ព្រួយ​បារម្ភ​មិន​ដឹង​យ៉ាង​ម៉េច។ បើ​និយាយ​សំណង​វិញ​ចិត្ត​ខ្ញុំ​អត់​ចង់​សំណង​ទេ​ ចិត្ត​ខ្ញុំ​ចង់​ឱ្យ​ធ្វើ​ផ្ទះ​សង​ដី​ខ្ញុំ​វិញ​​ ទិញ​ពី​ក្រោយ​សង​ខ្ញុំ​វិញ​​​ ចិត្ត​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ដោយ​បារម្ភ​​សុវត្ថិភាព​​ឱ្យ​ដឹង​ថា ផ្ទះ​​លោកស្រី​គឺ​នៅ​មិន​ឆ្ងាយ​ពី​ប៉ុន្មាន​​មាត់​ព្រែក​ជីក​ហ្វូណនតេជោ ដែល​បាន​ផ្អាក​ការ​សាងសង់​​​ប្រមាណ ១០​ថ្ងៃ​​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​ លោកស្រី​​​​​​​ថា ការ​អូស​បន្លាយ​​​​​​​​​ក្នុង​ការ​ផ្ដល់​សំណង​របស់​រដ្ឋាភិបាល​នេះ​ធ្វើ​ឱ្យ​ លោកស្រី​ និង​ពលរដ្ឋ​ផ្សេង​ទៀត​បារម្ភ​ថា​​​រដ្ឋាភិបាល​នឹង​មិន​ផ្ដល់​សំណង​​​​សមរម្យ​ដូច​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ផ្សេង​ទៀត។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «ឱ្យ​រាជរដ្ឋាភិបាល​សង​សំណង​​​​ឱ្យ​បាន​សមរម្យ​ទៅ​​ លឿន​ៗទៅ​ អាង​យក​លុយ​ហ្នឹង​​​ទៅ​ទិញ​ដី​ រុះរើ​ទៅ​ធ្វើ​នៅ​កន្លែង​ថ្មី​ទៀត​​ ហើយ​បើ​ថា​មក​ដល់​បាន​ឱ្យ​មក​រុះរើ​​​គ្មាន​លទ្ធភាព​ទេ​ អត់​លទ្ធភាព​ដោយ​សារ​អត់​លុយ​​ តែ​អត់​លុយ​​​អត់​មាន​ដី​​ហើយ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អនុ​ប្រធាន​ទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល បានទេ នៅថ្ងៃទី២៦ ខែ​សីហា។

ទោះ​ជា​យ៉ាង​ណា​ លោក ស៊ុន ចាន់ថុល ថ្លែង​​នៅ​ថ្ងៃ​ដដែល​​ដោយ​​​ចុះ​ទៅ​​​​ពិនិត្យ​ទីតាំង​ ចាប់​ពី​ព្រែក​តាហ៊ីង ខេត្ត​កណ្ដាល​ ​ដល់​ស្រុក​អង្គរបូរី ខេត្ត​តាកែវ។ លោក​ប្រាប់​ថ្លែង​ប្រាប់​ពលរដ្ឋ​​ដែល​រង​ផល​ប៉ះពាល់​ថា​​​រដ្ឋាភិបាល​នឹង​ទូទាត់​សំណង​រាល់​ផល​ប៉ះពាល់​រួម​ទាំង​ផល​ដំណាំ​ផង​ដែរ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​ប្រាប់​ប្រជាពលរដ្ឋ​​អំពី​​សំណង​​​​​ដើម្បី​​កុំ​ឱ្យ​មាន​ពួកគាត់​មាន​ការ​បារម្ភ។

លោក អំ សំអាត៖ «អ្វី​ដែល​សំខាន់​គឺ​​រាជ​​រដ្ឋាភិបាល​​​ ឬ​​អន្តរ​ក្រសួង​ដែល​លោក​បាន​ចុះ​ធ្វើ​ការ​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​ជាក់​លាក់​ទៅ​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​​ លោក​មាន​ការ​បារម្ភ​​ទៅ​លើ​បញ្ហា​ទាំង​នេះ​ អ៊ីចឹង​ការ​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​គឺ​ជា​រឿង​សំខាន់​​សម្រាប់​ពលរដ្ឋ»។

រដ្ឋាភិបាល​កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណនតេជោ​ នៅ​ថ្ងៃ​ទី៥ ខែ​សីហា ដោយ​​បាន​បង្កើត​​ជា​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​បាន​​​អះអាង​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​ជា​ម្ចាស់​ក្នុង​ការសាងសង់​ព្រែកជីក​ហ្វូណន​ដោយ​មិន​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​បរទេស​ណា​មួយ​ដូច​ការ​ចោទ​ប្រកាន់​ នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែល​មាន​ លោក ពុង ខៀវសែ ជា​ប្រធាន​ គឺ​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​មួយ​ចំណែក​ធំ​លើ​ព្រែក​ជីកហ្វូណន​តេជោ​នេះ។ ក្រុមហ៊ុន​អូស៊ីអាយស៊ី​ មាន​ឈ្មោះ​ល្បី​ខាង​រំលោភសិទ្ធិ​មនុស្ស​ទាក់ទង​នឹង​រឿង​ផ្ដល់​សំណង​មិន​សមរម្យ​ដល់​ពលរដ្ឋ ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ជា​មួយ។ ជាក់ស្ដែង​ក្រុមហ៊ុន​នេះ​កំពុង​មាន​ជម្លោះ​ក្នុង​រឿង​ច្បាម​យក​ដីធ្លី​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ដើម្បី​សាងសង់​ប្រលាន​​យន្ដ​ហោះ​ខ្នាត​អន្តរជាតិ។ ហើយ​ប្រធាន​ក្រុមហ៊ុន​នេះ គឺ​លោក ពុង ខៀវសែ ជា​មនុស្ស​ស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles