លោក ស សុខា ថា កង​កម្លាំង​ទាំងអស់ មិន​ត្រូវ​មើល​ស្រាល​ចំពោះ​ផែនការ​ធ្វើ​បាតុកម្ម

ដោយ ទីន ហ្សាការីយ៉ា
2024.08.26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ស សុខា ថា កង​កម្លាំង​ទាំងអស់ មិន​ត្រូវ​មើល​ស្រាល​ចំពោះ​ផែនការ​ធ្វើ​បាតុកម្ម

លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធីតែងតាំងសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង កាល​ពី​ថ្ងៃ​ទី២៥ ខែសីហា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ស សុខា


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដាស់តឿន​ថា កង​កម្លាំង​ទាំង​អស់​មិន​ត្រូវ​មើលស្រាល​សភាព​ការណ៍​ទេ គឺ​ជា​ស្ថានការណ៍ ដែល​លោក​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា គម្រោង​ផែនការ​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ចំណែក​អ្នកវិភាគ ចាត់ទុក​ថា រដ្ឋាភិបាល​មិន​ខ្វល់​ពី​កង្វល់​របស់​ពលរដ្ឋ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កង​កម្លាំង​ប៉ូលិស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី២៥ ខែសីហា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា អាជ្ញាធរ និង​កងកម្លាំង មិន​ត្រូវ​មើល​ស្រាល​ស្ថានការណ៍​សង្គម នូវ​អ្វី​ដែល​លោកហៅ​ថា គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង។

លោក ស សុខា បន្ត​ទៀត​ថា ការ​អាច​ទប់​ស្កាត់​នូវ​អ្វី​ដែល​អាជ្ញាធរ​អះអាង​ថា  គម្រោង​បាតុកម្ម​ថ្ងៃទី ១៨ សីហា ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ គឺ​ជា​ការ​ទប់ស្កាត់​ការ​បង្ហូរ​ឈាម ហើយ​ការ​ត្រៀមលក្ខណៈ​របស់​អាជ្ញាធរ​នេះ គឺ​មិន​ហួសហេតុ​ឡើយ ។

ទោះជាយ៉ាងណា គម្រោង​បាតុកម្ម​ប្រឆាំង CLV ថ្ងៃទី១៨ សីហា ដោយ​មាន​ការ​អះអាង​ក្នុង​គណនី​តេលេក្រាម (Telegram) មួយ ដែល​មាន​ឈ្មោះ​ថា សិដ្ឋ (Mr.Seth) បច្ចុប្បន្ន​បុគ្គល​រូប​នេះ បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ បុគ្គល​ឈ្មោះ​សិទ្ធិ​នេះ​ជា​អ្នក​បង្កើត​គ្រុប​មួយ​មាន​ឈ្មោះ​ថា «រួបរួម​ដើម្បី​ជាតិ» ហើយ​គ្រុប​នេះ បាន​ជជែក​គ្នា​ពី​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង CLV។ គណនី​តេលេក្រាម​ដដែល​នេះ ក៏​ជា​អ្នក​ផ្ញើ​សំឡេង​គំរាមកំហែង​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ចូល​ទៅ​ក្នុង​គ្រុប រួបរួម​ដើម្បី​ជាតិ។ ក្រោយ​មក គណនី​ដដែល​នេះ បាន​ថ្លែង​រំសាយ​គម្រោង​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃទី១៨ ខែ​សីហា​វិញ ដោយ​អះអាង​ថា ខ្លួន​យល់​ខុស ដោយខ្លួនឯង។

ថ្មីៗ នេះ រដ្ឋាភិបាលកំពុង​ដាក់​ពង្រាយ​កង​កម្លាំង​ដោយ​បំពាក់​អាវុធ​គ្រប់​ដៃ​នៅ​តាម​បណ្ដា​ខេត្ត ជាពិសេស ​រាជធានី​ភ្នំពេញ និង​បាន​ចេញ​ល្បាត​ប្រចាំការ​ត្រួតពិនិត្យ​ការ​ធ្វើ​ចរាចរណ៍​ចេញ​ចូល នៅ​តាម​គោលដៅ​ទាំងយប់​ទាំង​ថ្ងៃ​២៤ម៉ោង និង​រឹត​បន្តឹង​ការ​ជួបជុំ​ទាំងអស់ រហូត​ដល់​ចុងខែ​សីហា​ជាដើម។

ជុំវិញ​បញ្ហា​នេះ អ្នក​អត្ថាធិប្បាយ​បញ្ហា​សង្គម លោក គឹម សុខ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី២៦ ខែសីហា ថា វិធានការ​របស់​រដ្ឋាភិបាល ដោយ​ការ​គំរាមកំហែង ការ​ចាប់​ពលរដ្ឋ​គុក គឺ​មិន​អាច​បញ្ឈប់​ពលរដ្ឋ មិន​ឲ្យ​គិតគូរ​ពី​បញ្ហា​ទឹកដី​ឡើយ។ លោកថា ការ​ដឹកនាំ​ដោយ​មិន​ស្ដាប់​ពី​ក្ដី​កង្វល់​របស់​ពលរដ្ឋ​នេះ គឺ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​រដ្ឋាភិបាល។

លោក គឹម សុខ៖ «មេដឹកនាំ​ឆ្លាត​កាល​ណា គេ​ដឹង​ខុស​ហើយ គេ​ដក​ថយ គេ​មិន​រុល​ទៅ​មុខ​ទាំង​ខុស​ងងើល​នោះ​ទេ គេ​សុខចិត្ត​ចាញ់​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ពី​ព្រោះ​ការ​ចាញ់​ប្រជាពលរដ្ឋ​មិន​មែន​ជា​ភាព​ល្ងង់​ខ្លៅ​របស់​មេដឹកនាំ​ទេ វា​ជា​ឥរិយា​បទ​ថ្លៃថ្នូរ​របស់​មេ​ដឹកនាំ ព្រោះ​មេដឹកនាំ​ជា​អ្នក​បម្រើ​របស់​ប្រជាពលរដ្ឋ។ កាល​ណា​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ នោះ​គឺ​ជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម»

រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ចែង​ថា ពលរដ្ឋ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​បាន​បង្កើន​ការ​ចាប់​ខ្លួន​យុវជន ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​៤២​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ រដ្ឋាភិបាល​ចោទ​គ្មាន​ភស្តុតាង​ថា ពួកគាត់​មាន​គម្រោង​ធ្វើ​បាតុកម្ម​ផ្ដួល​រលំ​រដ្ឋាភិបាល​ជុំវិញ​រឿង​កិច្ចប្រតិបត្តិការ CLV

ក្នុង​ចំណោម​អ្នក ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​នោះ មាន​បុគ្គល​មួយចំនួន ដូចទៅ​នឹង​ការ​រៀបចំ​នៅ​ក្នុង​គ្រុប​រួបរួម​ជាតិ ដែល​អ្នក​វិភាគ​សង្ស័យ​ថា អាច​ជា​ការ​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល។ បុគ្គល​ទាំង​នោះ ត្រូវ​រដ្ឋាភិបាល​អះអាង​ថា បាន​ប្រើប្រាស់​អាវុធ​មួយ​ចំនួន​ដូច​ជា កាំបិត​ស្នៀត ដំបង​គ្រលាស់ ចំពាម​គ្រាប់​ដែក ស្នាប់​ដៃ និង​ដប​សាំង​ជា​ដើម ហើយ​ដើរ​សំដៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​បាតុកម្ម។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី២៦ ខែ​សីហា​ថា នៅ​ពេល​មាន​ព្រឹត្តិការណ៍​នយោបាយ​ណាមួយ​កើត​ឡើង​ដូចជា​ដំណើរ​វិល​ចូល​ស្រុក​របស់​មេ​បក្ស​ប្រឆាំង កាលពី​ថ្ងៃ៩ វិច្ឆិកា ឆ្នាំ​២០១៩ និង​គម្រោង​បាតុកម្ម​ប្រឆាំង​នឹង​គ្រោង​ CLV កាលពី​ថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤​ ជាដើម គឺ​ពលរដ្ឋ​ជា​អ្នក​រងគ្រោះ។ លោក​កត់​សម្គាល់​ថា នៅ​ក្នុង​ពេល​មាន​ព្រឹត្តិការណ៍​នយោបាយ​ទាំង​នេះ គឺ​បរិយាកាស​សង្គម ហាក់​ស្ថិត​ក្នុង​កម្រិត​មួយ​ក្ដៅ ហើយ​សិទ្ធិ​សេរីភាព​ក៏​ត្រូវ​បាន​រួម​តូច​ដែរ។

លោក អំ សំអាត៖ «នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ ទោះ​យ៉ាង​ណា​ក៏ដោយ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ឬ​ធានា​ដោយ​ច្បាប់​ត្រូវ​តែ​ការពារ លើកលែង​តែ​ការ​ប្រព្រឹត្ត​នៃ​បទល្មើស​ណាមួយ​ដែល​ច្បាប់​ហាម​ឃាត់​តែ​ប៉ុណ្ណោះ។ អីចឹង​ខ្ញុំ​គិត​ថា អ្នក​នយោបាយ​ទាំង​អស់ គួរតែ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​តាម​បែប​នយោបាយ​ ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ ឧត្តម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ»

អ្នក​សង្កេតការណ៍​ថា ទោះ​ជារដ្ឋាភិបាល​គំរាមកំហែង​ពលរដ្ឋ​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​មិន​អាច​បញ្ឈប់​ទឹក​ចិត្ត​ពលរដ្ឋ ដែល​បារម្ភ​ពី​ការ​បាត់បង់​អធិបតេយ្យភាព ឬ​បូរណភាព​ទឹក​ដី​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles