កម្ពុជា
កម្ពុជា-នយោបាយ
27/08/2024 – 12:08
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅយប់ថ្ងៃទី២៧ សីហា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសរសេរសារក្នុងបណ្តាញសង្គមដោយចំអកទៅលើពួកដែលចោទរដ្ឋាភិបាលរឿងកាត់ទឹកដីខ្មែរឱ្យ វៀតណាម តែពួកគេបែរជាមិនចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន។ សម្រាប់លោក ហ៊ុន សែន នេះមិនមែនជាការដេញទាន់ជាន់កែងទេ តែចង់ឱ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដី ប្រសិនបើខ្មែរខ្លាចបាត់បង់ទឹកដីមែននោះ។
លោក ហ៊ុន សែន ចំអកអ្នកចោទរដ្ឋកាត់ដីឱ្យវៀតណាម តែមិនចូលលុយកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន មន្ត្រីរាជការ ឧកញ៉ា និងអ្នកមុខ អ្នកការខ្មែរបាន និងកំពុងនាំគ្នាផ្តល់លុយយ៉ាងផុសផុល។ រូបភាពនេះត្រូវបានប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន សរសេរសារនៅក្នុងបណ្តាញសង្គមរបស់លោកនាយប់ថ្ងៃទី២៧ សីហាថា គឺជាសក្ខីកម្មដែលបញ្ជាក់ឱ្យឃើញនូវស្មារតីសាមគ្គីជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិខ្មែរ។ សម្រាប់លោក ហ៊ុន សែន តាមរយៈមូលនិធិមួយក៏គេអាចដឹងបានថា អ្នកដែលចោទប្រកាន់រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជាក្នុងរឿងកាត់ខេត្តចំនួន៤ ឬច្រើនជាងនេះឱ្យទៅវៀតណាមមានបានចូលលុយ ឬក៏អត់។
នៅក្នុងន័យនេះ ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្រ្តីបានឆ្លៀតសរសេរចំអកថា ប្រសិនបើពួកអ្នកចោទរដ្ឋាភិបាលទាំងនោះពិតជាខ្លាចបាត់ដីពិតប្រាកដមែន នេះជាពេលវេលាល្អសម្រាប់ពួកគេដើម្បីចូលរួមកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល។ បន្ថែមពីការអំពាវនាវឱ្យពលរដ្ឋចូលរួមនៅក្នុងមូលនិធិរដ្ឋដែលនាយករដ្ឋមន្រ្តីទើបប្រកាសបង្កើត ប្រធានគណបក្សកាន់អំណាច និងជាឪពុកនាយករដ្ឋមន្ត្រីកម្ពុជាដដែលរូបនេះក៏បានប្រាប់ឱ្យពលរដ្ឋចាំឃ្លាំមើលថា តើអ្នកដែលចោទប្រកាន់រដ្ឋាភិបាលរឿងកាត់ដីឱ្យវៀតណាមមានបានចូលលុយកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដែរ ឬអត់។
តាមលោក ហ៊ុន សែន អ្វីដែលលោកបានលើកឡើងនេះមិនមែនជាការដេញទាន់ជាន់កែងទេ តែលោកចង់ឱ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដី ប្រសិនបើខ្មែរពិតជាខ្លាចបាត់បង់ទឹកដីមែននោះ។ ជុំវិញមូលនិធិហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់រដ្ឋនេះ លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកវិភាគសង្គមបានទទូចកុំឱ្យអ្នកនយោបាយខ្មែរយកពលរដ្ឋដែលមានគំនិតផ្ទុយជាសត្រូវផ្នែកនយោបាយ និងលាបពណ៌គ្នាតទៅទៀត។ តាមលោក សេង វណ្ណលី ការចូលរួម ឬមិនចូលរួមនៅក្នុងមូលនិធិរបស់រដ្ឋមួយនេះមិនមែនជាទឡ្ហីករណ៍កំណត់ថា បុគ្គលនោះស្នេហាជាតិ ឬក៏អត់ទេ។

គួររម្លឹកថា គំនិតផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនខ្មែរនេះត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាសនៅក្នុងឱកាសខួបគម្រប់ ១ឆ្នាំនៃការចូលដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧ក្នុងថ្ងៃទី២២ សីហា។ តាមលោកហ៊ុន ម៉ាណែត គោលបំណងនៃការបង្កើតមូលនិធិនេះឡើង គឺដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេសបានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនក្នុងទិសដៅការពារបូរណភាពទឹកដីខ្មែរ។ គម្រោងមូលនិធិថ្មីនេះនឹងផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន តែលោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ទេថា តើគម្រោងនេះនឹងអនុវត្តនៅតាមបណ្តោយព្រំដែនខ្មែរជាមួយប្រទេសណាខ្លះនោះទេ៕