កម្ពុជា
29/08/2024 – 13:24
ដោយ៖ សឹម ចាន់សំណាង
RFI
ក្រុមមេដឹកនាំសហជីពស្នើឱ្យរោងចក្រវីងស្តាស៊ូ (Wing Star Shoes Co, Ltd) ទទួលលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋាននៃរោងចក្រនេះចូលធ្វើការវិញ បន្ទាប់ពីលោកត្រូវបានសាលាឧទ្ធរណ៍ក្រុងភ្នំពេញកាលពីសប្តាហ៍មុនសម្រេចឱ្យរួចទោសពីបទចោទប្រកាន់ពាក់ព័ន្ធនឹងការរួមគំនិតលួចរបស់របរក្នុងរោងចក្រ។ តាមក្រុមមេដឹកនាំសហជីព ការសម្រេចរបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញស បញ្ជាក់ឲ្យឃើញថា លោក ជា ចាន់ គ្មានកំហុសដូចដែលរោងចក្របានចោទនោះទេ។
ក្រុមសហជីពស្នើឱ្យរោងចក្រវីងស្តាស៊ូទទួលលោក ជា ចាន់ ចូលធ្វើការវិញ ក្រោយឈ្នះក្តីនៅតុលាការ
មួយសប្តាហ៍ បន្ទាប់ពីបានឈ្នះក្តីនៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ លោក ជា ចាន់ នៅពុំទាន់បានវិលត្រលប់ឲ្យចូលទៅបំពេញការងារវិញនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជានៅថ្ងៃទី២៨ សីហានេះ។ អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់ថា ការមិនទាន់ទទួលយកតំណាងសហជីពរោងចក្រវីងស្តាស៊ូរូបនេះឱ្យចូលធ្វើការវិញដោយសារតែសាលដីកាសម្រេចចុងក្រោយពីសាលាឧទ្ធរណ៍នៅពុំទាន់ចេញនៅឡើយ។ សម្រាប់អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក ជា ចាន់ ដែលបានជាប់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេលដល់ទៅ ៦ខែត្រូវតែទទួលបានសិទ្ធិចូលធ្វើការវិញ ហើយរោងចក្រវីងស្តាស៊ូត្រូវផ្តល់សំណងខូចខាតផ្សេងៗជូនលោកឱ្យបានសមរម្យ។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានបញ្ជាក់ពីការកំពុងតាមដានយ៉ាងម៉ត់ចត់ចំពោះដំណោះស្រាយវិវាទរវាងថៅកែរោងចក្រ និងតំណាងសហជីពរោងចក្រនាពេលនេះ។ តែលោក កត្តា អ៊ន មិនភ្លេចបញ្ជាក់ថា ការសម្របសម្រួលយ៉ាងណានោះ គឺក្រសួងការងារត្រូវការសំណើ ឬពាក្យបណ្តឹងពីភាគីណាមួយជាមុនសិន។ បើតាមអ្នកនាំពាក្យរូបនេះ គិតត្រឹមថ្ងៃទី២៨ សីហានេះ ក្រសួងការងារនៅពុំទាន់ទទួលបានសំណើពីភាគីណាមួយនៅឡើយ។ គួររម្លឹកថា លោក ជា ចាន់ បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ៦ខែក្នុងអំឡុងពេលតតាំងក្តីជាមួយរោងចក្រនៅសាលាដំបូងខេត្តកំពង់ស្ពឺ។

ប្រធានសហជីពមូលដ្ឋាននៃរោងចក្រវីងសា្តស៊ូរូបនេះត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលខែកុម្ភៈ ឆ្នាំ២០២៤ ពីបទ «សមគំនិតក្នុងអំពើលួច» ដោយគ្មានដីកាកោះត្រឹមត្រូវ។ ក្រុមមេដឹកនាំសហជីព និងក្រុមអ្នកការពារសិទ្ធិបានចាត់ទុកការចាប់ខ្លួនលោក ជា ចាន់ ថាជាអំពើអយុត្តិធម៌ និងរំលោភសិទ្ធិរបស់សហជីព៕