ដំណើរ​របស់​បុគ្គល​សង្ឃ​ ចន្ទ​មុនី នៅ​​ខេត្ត​ជាប់​ព្រំដែន ហាក់​​ក្លាយ​ជា​រឿង​កំប្លែង​របស់​ពលរដ្ឋ​មួយ​ចំនួន

ដោយ ហ៊ុំ ចំរើន
2024.08.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដំណើរ​របស់​បុគ្គល​សង្ឃ​ចន្ទ​មុនី នៅ​​ខេត្ត​ជាប់​ព្រំដែន ហាក់​​ក្លាយ​ជា​រឿង​កំប្លែង​របស់​ពលរដ្ឋ​មួយ​ចំនួន

បុគ្គល​សង្ឃ ចន្ទ​មុនី (ឆ្វេងទី២) រួមនឹងមន្ត្រី​អមដំណើរ​​តាមបញ្ជាលោក ហ៊ុន សែន ទៅមើលបង្គោលព្រំដែន។ រូបពីវីដេអូ​ផ្សព្វផ្សាយ​លើបណ្ដាញសង្គម


ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​សម្ដែង​ការ​ហួសចិត្ត ដែល​រដ្ឋាភិបាល​លើកតម្កើង​បុគ្គល​សង្ឃ ចន្ទ​មុនី ដែល​មាន​ជំនឿ​អ​រូបិយ បន្ត​ដើរ​បក់​ផ្លិត​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​រឿង​ព្រំដែន​តំបន់​ CLV​។ ការ​ចេញ​មក​បក់ផ្លិត​លើក​នេះ រឹតតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​អស់​សំណើច។

នៅក្នុង​រដូវ​ចូល​វស្សា​រយៈពេល ៣​ខែ ភិក្ខុ សាមណេរ​នៅ​តាម​វត្ត​អារាម បាន​បវារណា​ចាំ​វស្សា ធ្វើ​កិច្ច​វត្ត និង​សិក្សា​រៀនសូត្រ​តាម​ព្រះ​វិន័យ ដោយ​មិន​ហ៊ាន​និមន្ត ឬ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ឆ្ងាយ​វត្ត​ឱ្យ​កន្លង​ហួស ១​រាត្រី​ឡើយ។

ខុសពី​ភិក្ខុ​សាមណេរ​ដទៃ បុគ្គល​សង្ឃ​មួយ​រូប​ដែល​ធ្លាប់​ម្ដង​អះអាង​ថា ព្រះ​អង្គជា​អ្នកមាន​បារមី និង​មាន​អាយុ​ជាង ១០០​ឆ្នាំ​នោះ បាន​និមន្ត​បក់ផ្លិត​នៅ​ខេត្ត​ជាប់​ព្រំដែន ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​មិន​បាន​ចាំ​វស្សា​ដូច​ភិក្ខុ​សាមណេរ​ដទៃ​ទេ នោះ​គឺ​បុគ្គល​សង្ឃ ចន្ទ មុនី។

យុវជន​នៅ​ខេត្ត​ប៉ៃលិន ឈ្មោះ ណុប ចន្ទ្រា អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ទង្វើ​បុគ្គល​សង្ឃ ចន្ទ​មុនី ជា​ល្ខោន​ដែល​រដ្ឋាភិបាល​និពន្ធ​ឱ្យ​សម្ដែង ដើម្បី​បន្លប់​ស្មារតី​អ្នកប្រឆាំង​តំបន់​អភិវឌ្ឍ​ត្រីកោណ​។ លោក​បន្ត​ទាំង​អស់សំណើច​ថា ប្រសិនបើ​រដ្ឋាភិបាល​ច​ង់​បន្សាប​គំនិត​អ្នកប្រឆាំង​នឹង​តំបន់ CLV រដ្ឋាភិបាល​គួរតែ​ទៅ​ពឹងពាក់​អ្នកជំនាញ​ឯករាជ្យ ឱ្យមក​ស្រង់​ទិន្នន័យ​ដើម្បី​បកស្រាយ​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​គួរ​រត់​ទៅ​រក​អ្នក​អប្បិយ​ជំនឿ​ឱ្យមក​និយាយ​បកស្រាយ​តាមតែ​ការ​ចង់​បាន​របស់​ខ្លួន​នោះ​ឡើយ។

លោក ណុប ចន្ទ្រា៖ «ជា​រឿង​មួយ ដែល​គួរ​ឱ្យ​អស់សំណើច និង​ហួសចិត្ត​ខ្លាំង​ណាស់​។ អ្នកចេះដឹង​ខាង​បង្គោល​ព្រំដែន និង​អ្នកជំនាញ​ខ្សែបន្ទាត់​ព្រំដែន ម៉េច​ក៏​មិន​នាំទៅ​មិនបាច់​ចង់​បង្វែរ​ស្ថានការណ៍​សង្គម ឬ​ដឹកនាំ​ពុទ្ធបរិស័ទ ឬមួយ​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ឱ្យ​ជឿ​ទាំងស្រុង​ទៅលើ​គម្រោង​ហ្នឹង ដែល​អះអាង​ថា មិន​បាត់​ដី និង​និយាយ​ទាំង​បំផ្លើស​។ គឺ​យើង​មាន​ភស្តុតាង​មួយ ដោយ​យើង​មើលទៅ​ក្នុង Google Map ទៅ​ដឹង​ហើយ ថា​នរណា ចូល​ខាង​នរណា»។

អស់ពី​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ពេលនេះ​បុគ្គល​សង្ឃ ចន្ទ មុនី បាន​បន្ត​មកដល់​ព្រំដែន​កម្ពុជា​ថៃ ដោយ​ចុះទៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ថែម​ទៀត ដោយ​រដ្ឋបាល​ខេត្ត​ទាំងនោះ បាន​ប្រកាស​យ៉ាង​ឱឡារិក ឱ្យ​ពលរដ្ឋ​ទៅ​ទទួល​ខ្យល់​បក់​ពី​ផ្លិត​របស់​សង្ឃ​អង្គ​នេះ​ថែម​ទៀត​ផង​។ កាយវិការ​ដើរ​កាន់​ផ្លិត​បក់​ឱ្យ​ពលរដ្ឋ ដែល​អង្គុយ​អម​សងខាង​ផ្លូវ បាន​ធ្វើ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន បាន​រិះគន់​បុគ្គល​សង្ឃ​រូប​នេះ ថា កំពុង​ពង្វក់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ងប់ងុល និង​ផ្ដេកផ្ដួល​លើ​អប្បិយ​ជំនឿ។

សកម្មជន​ដីធ្លី​កំពុង​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ លោកស្រី នួន នឿន ចាត់ទុកថា បើ​បុគ្គល​សង្ឃ​រូប​នេះ ពិត​ជា​មាន​បារមី​មែន​នោះ លោក​គួរតែ​ប្រកាន់ខ្ជាប់​ផ្លូវ​កណ្ដាល និង​អប់រំ​ពលរដ្ឋ​ឱ្យ​ជឿ​លើ​ហេតុផល​ប្រកបដោយ​ភាព​ច្បាស់លាស់ មិនមែន​យក​ផ្លិត​ដើរ​បក់ និយាយ​តាម​ការ​បញ្ជា​របស់​មេដឹកនាំ​ឡើយ។

លោកស្រី នួន នឿន៖ «គេ​យក​ព្រះអង្គ​ឡប់ឡែ ទៅ​ធ្វើ​អ៊ីចឹងៗ ហើយ​ព្រះអង្គ​ហ្នឹង អ្នករៀន ឬ​អ្នកវិទ្យាសាស្ត្រ​ខាង​ព្រំដែន​មែន​ទេ បានជា​ទៅ​មើល​​ព្រំដែន ថា​គេ​ចូល​ឬ​មិន​ចូល​យ៉ាងម៉េច​ដឹង​។ សុទ្ធតែ​អ្នក​ធុតង្គ អ្នកមាន​បុណ្យ ហើយ​អ្នក​មានបុណ្យ​ស្អី​គេ បើ​ទៅ​ការពារ​សុទ្ធតែ​អ្នក​មាន​អំណាច​អ៊ីចឹង​បើ​អ្នក​មានបុណ្យ គេ​ការពារ​អ្នករងគ្រោះ​ហើយ គេ​សង្គ្រោះ​មនុស្សលោក​ទូទៅ​ហ្នឹង គេ​មិន​ទៅកាន់​ជើង​តែ​ម្ខាង​ទេ​។ អ៊ីចឹង​យើង​គួរតែ​ដឹង​ហើយ យើង​មើលទៅ​សកម្មភាព​របស់​លោក​នោះ​។ យើង​មិន​បាច់​នាំគ្នា​ក្ដៅក្រហាយ​ទេ យើង​គួរតែ​នាំគ្នា​ប្រើ​ច្បាប់​ទៅ»។

ដំណើរ​ទស្សនកិច្ច​តាម​ព្រំដែន របស់​ព្រះសង្ឃ​អង្គ​នេះ ធ្វើឡើង​ក្រោយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ក្រោក​ឡើង​ប្រឆាំង​នឹង​ការ​ដាក់​ខេត្ត​ចំនួន​៤ ចូលក្នុង​តំបន់​អភិវឌ្ឍ​ត្រីកោណ ជាមួយ​ប្រទេស​វៀតណាម ក៏ប៉ុន្តែ​ត្រូវ​រង​ការ​ចាប់ខ្លួន និង​គំរាមកំហែង ពី​សំណាក់​រដ្ឋាភិបាល​។ នៅមុន​ពេល​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នេះ បុគ្គល​សង្ឃ ចន្ទ​មុនី បាន​បង្ហោះ​វីដេអូ​មួយ ដោយ​ទូន្មាន​ឱ្យ​ប្រជាពលរដ្ឋ រួបរួមសាមគ្គី និង​រួមគ្នា​ដើម្បី​ការពារ​សន្តិភាព​ក្នុង​សង្គម។

ទាក់ទិន​នឹង​ការ​លើកឡើង​នេះ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កត់សម្គាល់​ឃើញថា ការ​បកស្រាយ​របស់​បុគ្គល​សង្ឃចន្ទមុនី គឺជា​ការ​ច្រៀង​បន្ទរ​កំដរ​រោងល្ខោន​ឱ្យ​មេដឹកនាំ ព្រោះ​លោក ហ៊ុន សែន នេះ​ហើយ គឺជា​អ្នកបញ្ជា​ឱ្យ​ចាប់ខ្លួន និង​គំរាមកំហែង​មក​លើ​សកម្មជន សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដែល​ចេញមុខ​តវ៉ា​ទាមទារ​សេរីភាព ប៉ុន្តែ​បុគ្គល​សង្ឃ ចន្ទមុនី មិនដែល​ហ៊ាន​ចេញមុខ​ប្រដៅ​លោក ហ៊ុន សែន រឿង​ចាប់ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​នោះ​ឡើយ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ជឿ​អី​បន្តិច​ទេ រឿង​បារ​មីនោះ ព្រោះ​មើលទៅ​សុទ្ធតែ​ក្បួន​បោក​ទាំង​អស់ហ្នឹង ខ្ញុំ​មិនដែល​ឃើញ​ប្រទេស​ណា​រីកចម្រើន ដោយសារ​ជំនឿ​អរូបិយ​នេះ​ទេ»។

ទោះជា​យ៉ាងណា ក្នុង​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា វៀតណាម ក្នុង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២៣ ខែសីហា របស់​បុគ្គល​សង្ឃ ចន្ទ​មុនី ក៏បាន​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត​តែ​ហួសចិត្ត​ដែរ បន្ទាប់ពី​បុគ្គល​សង្ឃ​រូប​នេះ បាន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​០៣៥ កម្ពុជា​-​ឡាវ នៅ​ខេត្តស្ទឹងត្រែង ដោយ​លោក​បាន​កាន់​សៀវភៅ​មួយ​ក្បាល និង​ប៊ិក​មួយ​ដើម ហើយ​ចង្អុល​លើ​ផែនទី​ក្នុង​ទូរស័ព្ទ​ដៃ​ដូច​ប្រើ​វេទមន្ត ហើយ​លើកឡើង​ប្រាប់​ទៅ​ក្រុម​អាជ្ញាធរ​ដែល​ដើរ​ហែហម ថា កម្ពុជា​មិន​បាត់បង់​ទឹកដី​នោះ​ទេ ប៉ុន្តែ​ថែមទាំង​បោះបង្គោល​ចូល​ដី​ប្រទេសជិតខាង​ទៀត​ផង។

ព្រះសង្ឃ​គង់នៅ​ខេត្តបាត់ដំបង សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ថេរ​ដីកា​អះអាង​ថា យោង​តាម​ព្រះ​វិន័យ បុគ្គល​សង្ឃ ចន្ទ​មុនី អាច​ត្រូវ​អាបត្តិ​បារាជិក ឬ​លែង​មាន​ភេទ​ជាស​ង្ឃ បើ​មាន​ថេរ​ដីកា អួតអាង​ខុសពី​ការពិត។

ព្រះសង្ឃ​​ថ្លែង​លាក់​ឈ្មោះ៖ «លោក​(​ចន្ទ​មុនី​ភូត​ឱ្យ​គេ​ជឿ​ថា លោក​ពិត​ជា​មាន​អាយុកាល​ប៉ុណ្ណឹង​មែន ហើយ​ពូកែ​អ៊ីចឹង​មែន ប៉ុន្តែ​ដឹកនាំ​គេ​ឱ្យ​ទៅ​រក​ផ្លូវខុស​។ ករណីនេះ ចូល​ទៅដល់​ភិក្ខុ​មិន​ខ្មាស​បាប​ភិក្ខុ​ដែរ។ បាន​ន័យថា ដឹង​ថា​ខ្លួនឯង​បារាជិក​ហើយ ហើយ​ខ្លួន​ឯង​បាន​បោកប្រាស់​គេ​ហើយ ធ្វើ​ឱ្យ​គេ​ជឿ​នូវ​អ្វី​ដែល​ខ្លួនឯង​មិន​មាន​ហើយ នោះ​នឹង​ចូល​ដល់​អលជ្ជី​ភិក្ខុ​ហើយ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​សីហា។

ទាក់ទិន​រឿង​នេះ អ្នកឃ្លាំមើល​សិទ្ធិ​មនុស្សលោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា រដ្ឋាភិបាល បាន​ប្រើប្រាស់​សិទ្ធិ​លើ​ជំនឿ និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា មក​ធ្វើ​ប្រជាភិថុតិ​។ ទោះជា​យ៉ាងណា លោក​បន្ត​ថា ខ្យល់​បក់ ដែល​ចេញ​មកពី​ផ្លិត​របស់​បុគ្គល​សង្ឃ ចន្ទ​មុនី អាច​មិន​ធ្វើ​ឱ្យ​ចិត្ត​ពុះកញ្ជ្រោល​ប្រឆាំង​នឹង​តំបន់​អភិវឌ្ឍ​ត្រីកោណ​របស់​ពលរដ្ឋ​ខ្មែរ ត្រជាក់​បាន​យូរ​អង្វែង​ឡើយ ព្រោះ​ពលរដ្ឋ​ខ្មែរ​ប្រហែលជា​មិន​ភ្លេច​អំពី​ប្រវត្តិសាស្ត្រ ដែល​ប្រទេស​វៀតណាម​បាន​យក​ទឹកដី​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​បំពាន​អធិបតេយ្យភាព​កម្ពុជា កន្លង​មក​នេះ។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង​គួរតែ​ងាក​ពិនិត្យមើល​ឡើងវិញ ជជែក​ជាមួយ​ភាគី​ឡាវ ភាគី​វៀតណាម បញ្ឈប់​នឹង​ការចូលរួម​ក្នុង​គម្រោង​ហ្នឹង​ទៅ ជៀសវាង​ពលរដ្ឋ​មិន​សប្បាយចិត្ត ហើយ​ផល​ប៉ះពាល់​ហ្នឹង នឹង​ជះ​ទៅលើ​ខ្លួនឯង​ផង មិន​ត្រឹមតែ​ខ្លួនឯង​ទេ ហើយ​ថ្ងៃក្រោយ​ខ្លួន​ហ្នឹង នឹង​ក្លាយទៅជា​មនុស្ស ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ ថា​ជា​អ្នក​ធ្វើ​ឱ្យ​ទឹកដី​បាត់បង់​ទៅលើ​វៀតណាម ដូច​ដែរ​ជំនាន់​ស្ដេច​ជ័យជេដ្ឋា​ទី​២ អ៊ីចឹង​។ អ៊ីចឹង​ប្រវត្តិសាស្ត្រ នឹង​ចារ​ទុក​អំពី​ត្រកូល​អ្នក​ដែល​ធ្វើ​ឱ្យ​ទឹកដី​បាត់បង់»។

ប្រជាពលរដ្ឋ និង​អ្នក​តាមដាន​សង្គម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​បុគ្គល​សង្ឃ ចន្ទមុនី បញ្ឈប់​ការ​យក​សាសនា​ជា​ឈ្នាន់ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ពុទ្ធសាសនា ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​ចំពោះមុខ ឆ្លើយ​តាម​ក្ដី​បារម្ភ​ចំពោះ​ចំណុច​ទាក់ទិន​នឹង​បញ្ហា​តំបន់​អភិវឌ្ឍ​ត្រីកោណ CLV

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles