កម្ពុជា
កម្ពុជា-សង្គម
29/08/2024 – 12:54
ដោយ៖ ជួប នរក្សា
RFI
គិតត្រឹមថ្ងៃទី២៨ សីហា រដ្ឋាភិបាលកម្ពុជាប្រមូលលុយបានជាង ១១លានដុល្លារអាមេរិកនៅក្នុងយុទ្ធនាការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ទឹកប្រាក់ជាង ១១លានដុល្លារនេះបានមកពីការស្រាក់ដៃចូលរួមរបស់ប្រជាពលរដ្ឋខ្មែរតាមរយៈការប្រកាសអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
រដ្ឋប្រមូលលុយបានជាង ១១លានដុល្លារនៅក្នុងយុទ្ធនាការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
គេនៅមិនទាន់ដឹងថា តើយុទ្ធនាការកៀរគរថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័នតាមព្រំដែននឹងបញ្ចប់នៅពេលណាទេ។ តែអ្វីដែលគេអាចនិយាយបាន និងសង្កេតឃើញ គឺមានការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរពីគ្រប់ស្រទាប់វណ្ណៈដោយខ្លះបានបរិច្ចាកទឹកប្រាក់ក្នុងទំហំដ៏មហិមា និងខ្លះទៀតបានចូលរួមទៅតាមលទ្ធភាពផ្ទាល់ខ្លួន។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពជាវិក័យប័ត្រទឹកប្រាក់ជាច្រើនហូរហែដែលប្រជាពលរដ្ឋបានចូលរួមជាមួយរដ្ឋាភិបាលដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ត្រឹមពេលមួយសប្តាហ៍ រដ្ឋាភិបាលកៀរគរលុយបានជាង ១១លានដុល្លារអាមេរិកពីក្នុងចំណោមអ្នកចូលរួមប្រមាណ១៨ម៉ឺននាក់។ នេះបើតាមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហាញភាពភ្ញាក់ផ្អើលដោយឃើញការចូលរួមរបស់ប្រជាពលរដ្ឋចំពោះកិច្ចការព្រំដែន។ លោក ហ៊ុន សែន បានចាត់ទុករូបភាពនេះជាចលនាជាតិនិយមដ៏មហិមាដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី។ តាមប្រធានព្រឹទ្ធសភាកម្ពុជារូបនេះដដែល ប្រជាពលរដ្ឋបានចូលជាថវិកាចំនួន ៣០០រៀល ៥០០រៀល ឬ ៥០០០រៀល ដែលទាំងនេះជាទឹកចិត្តស្នេហាជាតិក្នុងនាមជាម្ចាស់ប្រទេស។
ក្នុងន័យនេះ លោកហ៊ុន សែនបានឲ្យប្រមុខរដ្ឋាភិបាលធ្វើលិខិតថ្លែងអំណរគុណពលរដ្ឋ ទោះបីពួកគេបានចូលរួមបរិច្ចាកថវិកាតែ១០០រៀលក្តី។
គួររំលឹកថា គំនិតផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនខ្មែរត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ប្រកាសកាលពីថ្ងៃទី២២ សីហា។ គម្រោងមូលនិធិថ្មីនេះនឹងផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន តែលោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថា តើគម្រោងនេះនឹងអនុវត្តនៅតាមបណ្តោយព្រំដែនខ្មែរជាមួយប្រទេសណាជាក់លាក់នោះទេ។

ដោយឡែក សំណុំរឿងកៀរគរលុយពីប្រជាពលរដ្ឋសម្រាប់កិច្ចការព្រំដែននេះត្រូវបានលោក សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំងរស់នៅបរទេសចេញមុខរិះគន់ជាបន្តបន្ទាប់។ លោក សម រង្ស៊ី បានបញ្ចើចបញ្ចាលដល់រដ្ឋាភិបាលកម្ពុជាដែលតែងអះអាងពីការដកដង្ហើមដោយខ្លួនឯងថាជារដ្ឋាភិបាលគ្មានលុយ រៃអង្គាសលុយពីប្រជាពលរដ្ឋ និងថា រដ្ឋាភិបាលថ្មីរបស់កម្ពុជាជារដ្ឋាភិបាលកញ្ជើធ្លុះ៕