សាច់ញាតិ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថា គ្រួសារ​របស់​ពួកគាត់​នៅតែ​មាន​គោលជំហរ​រឹងមាំ

ដោយ ហ៊ុំ ចំរើន
2024.09.06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថា គ្រួសារ​របស់​ពួកគាត់​នៅតែ​មាន​គោលជំហរ​រឹងមាំ

 រូប៖ ហ្វេសប៊ុកលោក ស៊្រុន ស៊្រន


សាច់ញាតិ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើកឡើង​ថា  គ្រួសារ​របស់​ពួកគាត់​នៅតែ​មាន​ឆន្ទៈ​រឹងមាំ និង​ផ្ដាំ​ឱ្យ​យុវជន​សិក្សា​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទោះបីជា​រដ្ឋាភិបាល​ចាប់​ពួកគាត់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ក្ដី។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សង្គម ហើយ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

បើ​ទោះ​បី​ជា​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​ផ្សេង​គ្នា​ក្ដី ក៏​ពួកគាត់​នៅ​តែ​មាន​ស្មារតី​រឹង​មាំ​ក្នុង​ការ​ចែករំលែក​ពី​បញ្ហា​សង្គម និង​ទាមទារ​រដ្ឋាភិបាល​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ប្រពន្ធ​របស់​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារសី លោក ស្រ៊ុន ស្រ៊ន គឺ​លោកស្រី ស៊ឹង សុភីណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៦ ខែ​កញ្ញា ថា​លោកស្រី​បាន​ទៅ​ជួប​សួរ​សុខទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ប្ដី​លោកស្រី​នៅ​តែ​រក្សា​គោល​ជំហរ​រឹងមាំ និង​តស៊ូ​ដើម្បី​ឱ្យ​សង្គមជាតិ​មាន​យុត្តិធម៌​ពិត​ប្រាកដ។ លោកស្រី​បន្ត​ថា ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ​ដូច្នេះ តុលាការ​គួរតែ​ដោះលែង​ប្ដី​លោកស្រី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោកស្រី ស៊ឹង សុភីណា៖ «សម្រាប់​ខ្ញុំ​គាត់​អត់​អ៊ីចឹង​ទេ​ឃើញ​ថា គាត់​ផ្សព្វផ្សាយ​ពី​ច្បាប់ បង្រៀន​ពី​ច្បាប់​ដើម្បី​ឱ្យ​ពលរដ្ឋ​ចេះ​ច្បាប់  ចេះ​ការពារ​ផ្ទះសម្បែង ការពារ​ប្រទេស​ខ្លួន​ឯង​និយាយ​ទៅ​គំនិត​អត់​មាន​គំនិត​ចង់​ឱ្យ​ពលរដ្ឋ​ស្អប់​មន្ត្រី​និយាយ​មាន​ស្រឡាញ់​មាន​តែ​គោរព​រួបរួម»

ដោយឡែក ប្រពន្ធ​របស់​លោក សាន សិទ្ធិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​គឺ​លោកស្រី ស្វាយ ពៅ ឱ្យ​ដឹង​ថា ប្ដី​លោកស្រី​ស្រក​ទម្ងន់​អស់១០គីឡូ  និង​មាន​ជំងឺ​លើស​ឈាម​ដែល​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ។ ទោះ​ជា​យ៉ាង​ណា​លោកស្រី ស្វាយ ពៅ អះអាង​ថា ប្ដី​លោកស្រី​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព។

លោកស្រី ស្វាយ ពៅ៖ «សុខទុក្ខ​គាត់​ធម្មតា​គាត់​ហាត់ប្រាណ​អី​អ៊ីចឹង​គាត់​ស្គម​បន្តិច​មែន​ប៉ុន្តែ​គាត់​ស្គម​គាត់​នៅ​ហ្នឹង​មាំ​គាត់​ស្រក​អស់១០គីឡូ»។ 

កាល​ពីថ្ងៃទី២៤ ខែ​កក្កដា តុលាការ​ក្រោម​ការ​បញ្ជា​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សម្រុក​ចាប់​ខ្លួន​ពលរដ្ឋ និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​រិះគន់​ពី​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណCLV ចំនួន៥នាក់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ក្រោម​បទ​ចោទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។  មនុស្ស​ចំនួន​៥នាក់​នោះ មាន៣នាក់​ជា​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ។ ដោយឡែក​មនុស្ស​២នាក់​ទៀត​គឺជា​សកម្មជន​សង្គម​លោក ធែល ធីលែន និង​អតីត​សមាជិក​ក្រុម​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​សៀមរាប លោក ចក់ ប៊ានមុន្នី។

ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​យុវជន​ចំនួន៥នាក់​នេះ​គឺ​ក្រោយ​ពេល​ដែល​ពួកគាត់​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដេញ​សង្គម​អំពី​ក្ដី​បារម្ភ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ជាតិ​ដោយសារ​កិច្ច​សហប្រតិបត្តិការ​តំបន់​​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ពោល​គឺ​ពួកគាត់​មិន​បាន​ញុះញង់​ឱ្យ​ពលរដ្ឋ​ផ្ដួល​រលំ​រដ្ឋាភិបាល​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី០៦ ខែ​កញ្ញា លោក​ថា កំពុង​ជាប់​រវល់​ធ្វើ​ដំណើរ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញ​ថា សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ គឺ​ពួកគាត់​គ្រាន់តែ​បញ្ចេញ​មតិ ពី​ក្ដី​កង្វល់​របស់​ពួកគាត់​ជុំវិញ​គម្រោង​កិច្ច​សហប្រតិបត្តិការCLV។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​អន្តរជាតិ ដែល​នាំ​ឱ្យ​កម្ពុជា​ជាប់​ឈ្មោះ​មិន​ល្អ​លើ​ឆាក​អន្តរជាតិ។

លោក អំ សំអាត៖ «រឿងCLV នេះ​វា​ហាក់​បី​ដូចជា​គាត់​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​អ៊ីចឹង​យើង​ឃើញ​ថា  នេះ​គឺជា​រឿង​មួយ​ដែល​ជា​ការ​យល់ឃើញ​របស់​ពលរដ្ឋ​ម្នាក់ៗ​ផង​ដែរ។ អ៊ីចឹង​ចំណុច​នេះ​យើង​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​សម្រាប់​ពួកគាត់​តាម​ផ្លូវ​ច្បាប់ និង​តាម​នីតិវិធី​ហើយ​បើ​រក​ទៅ​ឃើញ​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ​អា​ហ្នឹង​គឺ​ពួកគាត់​ត្រូវ​មាន​សេរីភាព​ឡើង​វិញ»។ 

អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សង្គម និង​ពលរដ្ឋ​ទាំងអស់​ដែល​រដ្ឋាភិបាល​បាន​ចាប់​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទាំងនោះ ថា ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​គឺជា​ការ​រំលោភ​បំពាន​ទៅ​លើ​សេរីភាព​បញ្ចេញមតិ និង​ជា​ការ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment