អ្នកជំនាញសេដ្ឋកិច្ចអាស៊ានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ទាបជាងការព្យាកររបស់រដ្ឋាភិបាល

កម្ពុជា
កម្ពុជា-សេដ្ឋកិច្ច
07/09/2024 – 11:55
ដោយ៖ សាំ ឧត្តម
RFI

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 (AMRO) ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៥,៦% សម្រាប់ឆ្នាំ២០២៤នេះ ខណៈរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤នេះស្ទុះងើបឡើងដល់៦,៦%។ ចំពោះអ្នកវិភាគសេដ្ឋកិច្ច ការព្យាកររបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 នៅវិជ្ជមានដដែល ព្រោះថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ កើនក្នុងអត្រាតែ៥%ប៉ុណ្ណោះ។

អ្នកជំនាញសេដ្ឋកិច្ចអាស៊ានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ទាបជាងការព្យាកររបស់រដ្ឋាភិបាល


យោងតាមរបាយការណ៍ប្រឹក្សាប្រចាំឆ្នាំរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 ហៅកាត់ជាភាសាអង់គ្លេស AMRO សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ នឹងបានមកពីវិស័យទេសចរណ៍ ការនាំចេញលើវិស័យកាត់ដេរ និងវិស័យផលិតកម្ម មិនមែនកាត់ដេរ។

បើតាម អង្គការអន្តរជាតិមួយនេះ ការនាំចេញលើវិស័យកាត់ដេរកម្ពុជាក្នុងឆ្នាំនេះ អាចកើនឡើងខ្លាំងដោយហេតុថា ទីផ្សារធំៗកំពុងមានតម្រូវការខ្ពស់។ ការណ៍នេះនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានសមត្ថភាពបោះពួយទៅមុខបានលឿន និងឆាប់រហ័ស។ ចំណែកវិស័យទេសចរណ៍វិញ ក៏នឹងមានសន្ទុះល្អប្រសើរជាងមុនបានច្រើន ខណៈវិស័យផលិតកម្មមិនមែនកាត់ដេរ នៅតែរឹងមាំដដែល។

ក្រៅពីនេះ AMRO ក៏សង្កេតឃើញថា វិស័យកសិកម្ម វិស័យសំណង់ អចលនទ្រព្យ រួមនឹងលំហូរវិនិយោគទុនពីបរទេសនៅតែជាធាតុផ្សំដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ឲ្យស្ទុះងើបឡើងក្នុងកំណើន៥,៦% និង ៥,៩%នៅឆ្នាំ២០២៥ខាងមុខ។

យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 បានបង្ហាញក្តីព្រួយបារម្ភដែលថា សេដ្ឋកិច្ចកម្ពុជានឹងអាចរងការប៉ះទង្គិចបន្តិចបន្តួចពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងបញ្ហាភូមិសាស្ត្រនយោបាយ។

ជ្រុងមួយនៃទីក្រុងភ្នំពេញ
ជ្រុងមួយនៃទីក្រុងភ្នំពេញ Anadolu via AFP – MATT HUNT

បន្ថែមពីនេះ ការថយចុះនៃទ្រព្យសកម្មក្នុងវិស័យធនាគារ និងការធ្លាក់ចុះខ្លាំងនៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពស្រពិចស្រពិល។ ចំពោះបញ្ហាទាំងនេះ អ្នកជំនាញសេដ្ឋកិច្ចបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងយន្តការ និងគំនិតផ្តួចផ្តើមដែលមានស្រាប់ ដើម្បីអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ក៏ដូចជាការធ្វើពិពិធកម្មលើការនាំចេញ និងលើកកម្ពស់តួនាទីកម្ពុជាក្នុងខ្សែចង្វាក់តម្លៃសាកល (GVC)។

គួរកត់សម្គាល់ថា ការព្យាករកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥,៦% គឺកើនខ្ពស់ជាងកំណើនសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២៣ ចំនួន០,៦%។ តែការព្យាករនេះនៅតែទាបជាងអ្វីដែលរដ្ឋាភិបាលកម្ពុជា និងក្រសួងសេដ្ឋកិច្ចបានព្យាករ ក្នុងកំណើនរហូតដល់៦,៦%ក្នុងឆ្នាំ២០២៤។ សូមជម្រាបថា កាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងក្នុងកម្រិត៥% ពោលគឺថយចុះ០,១% បើធៀបនឹងឆ្នាំ២០២២ដែលកំណើនសេដ្ឋកិច្ចកើន៥,១%៕

What Next?

Recent Articles