កម្ពុជា
08/09/2024 – 11:48
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
នៅចុងសប្តាហ៍នេះ ក្រសួងសន្តិសុខសាធារណៈរបស់ចិនបានប្រកាសថា ក្រុមការងារ “Fox Hunt” ប្រែក្រៅផ្លូវការថា ក្រុមប្រមាញ់សត្វកញ្ច្រូង បាននាំខ្លួនជនសង្ស័យជនជាតិចិនចំនួន ៥នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្មលាងលុយកង្វក់ក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន China daily កាលពីថ្ងៃសុក្រទី ៦ខែកញ្ញា។
ជនសង្ស័យ៥រូបបានបញ្ជូនខ្លួនទៅកាន់ប្រទេសចិនវិញ ក្រោយធ្វើឧក្រិដ្ឋកម្មលាងលុយកង្វក់នៅកម្ពុជា
ជនសង្ស័យជនជាតិចិន ៥នាក់ ដែលក្រុមការងារចិន “Fox Hunt” ចាប់ក្រៀក បញ្ជូនទៅកាន់ប្រទេសចិនវិញ កាលពីថ្ងៃសុក្រទី ៦កញ្ញា បានរងការចោទប្រកាន់ថាបានគាំទ្រក្រុមឧក្រិដ្ឋជនក្លែងបន្លំទូរគមនាគមន៍ តាមរយៈការជួយសម្រួលដល់ការផ្ទេរប្រាក់ក្នុងប្រទេសកម្ពុជា។
បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន China daily ជនសង្ស័យចិនទាំង៥នាក់ បានជ្រើសរើសជនជាតិចិនជាង១០០នាក់ផ្សេងទៀត តាមប្រព័ន្ធអ៊ីនធ័រនែត ដោយបានសន្យាផ្ដល់ការងារក្រៅម៉ោង និងជួយសម្រួលឲ្យពួកគេទទួលបានប្រាក់កម្ចី នៅក្នុងប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៣។
ទន្ទឹមគ្នានោះ ជនសង្ស័យចិនទាំង៥រូបបានផ្ទេរលុយដោយខុសច្បាប់ តាមរយៈការក្លែងបន្លំទូរគមនាគមន៍ និងប្រព្រឹត្តឧក្រិដ្ឋកម្មជាបន្តបន្ទាប់ជា ដូចជាការលាងលុយកខ្វក់ ដោយប្រើមធ្យោបាយ ទិញលុយឌីជីថល។ នៅខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យសន្តិសុខសាធារណៈក្រុងសៀងហៃ បានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើជនជាតិចិនទាំង៥រូប។
សារព័ត៌មានចិន China daily បានសរសេរបន្ថែមថា ដើម្បីគេចពីការស៊ើបអង្កេត ជនសង្ស័យទាំង៥នាក់ តែងតែផ្លាស់ប្តូរទីលំនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ប៉ូលីសក្រុងសៀងហៃបានសហការជាមួយភ្នាក់ងារអនុវត្តច្បាប់កម្ពុជា តាមរយៈបណ្តាញប៉ូលីសអន្តរជាតិ និងបានផ្តល់ព័ត៌មានអំពីជនសង្ស័យ ព្រមទាំងស្នើសុំធ្វើបត្យាប័នជនសង្ស័យទាំង៥នាក់នេះ។

រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ទើបអាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យទាំង៥នាក់នោះ និងសម្រេចបញ្ជូនខ្លួនជនល្មើសទៅកាន់ប្រទេសចិនវិញ នៅថ្ងៃទី៦ កញ្ញា កន្លងទៅនេះ។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម
បើតាមការចុះផ្សាយរបស់កាសែតចិន ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងសន្តិសុខសាធារណៈរបស់ចិនបានបើកប្រតិបត្តិការប្រចាំឆ្នាំ “Fox Hunt” ផ្តោតលើជនសង្ស័យឧក្រិដ្ឋកម្មសេដ្ឋកិច្ច ដែលបានភៀសខ្លួនទៅក្រៅប្រទេស៕