មិត្តដែកថែប៖ កម្ពុជានិងចិន ប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យសន្តិសុខ និងការពារជាតិឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា
កម្ពុជា-ចិន
20/09/2024 – 11:37
ដោយ៖ សាំ ឧត្តម
RFI

កម្ពុជា និងចិនប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។ ការប្តេជ្ញារបស់ប្រទេសទាំងពីរធ្វើឡើងក្នុងជំនួប២ផ្សេងគ្នារបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនបិន ជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាមួយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បញ្ហាសន្តិសុខជាតិ និងវិស័យការពារជាតិ គឺជាប្រធានបទដ៏សំខាន់មួយដែលភាគីកម្ពុជា និងចិនតែងលើកយកមកពិភាក្សាគ្នានៅរាល់ជំនួបទ្វេភាគីម្តងៗ។

មិត្តដែកថែប៖ កម្ពុជានិងចិន ប្តេជ្ញាពង្រឹងកិច្ចសហការលើវិស័យសន្តិសុខ និងការពារជាតិឱ្យកាន់តែស៊ីជម្រៅ


ក្នុងជំនួបជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី១៩ ខែកញ្ញា ភាគីចិន តាមរយៈឯកអគ្គរដ្ឋទូតលោក វ៉ាង វិនបិន បានសម្រេចពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ចំណែកភាគីកម្ពុជាវិញក៏បានជំរុញឱ្យចិនពង្រីកបន្ថែមនូវលំហាត់សមយុទ្ធយោធា ដោយធ្វើយ៉ាងណាឱ្យមានការចូលរួមពីកងទ័ពច្រើនជាងមុន ពិសេសប្រើប្រាស់ឧបករណ៍យោធាទំនើបៗ។

ជាមួយគ្នានេះ លោក វង្ស ពិសេន បានអរគុណដល់រដ្ឋាភិបាលចិនដែលតែងជួយគាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្នែកហិរញ្ញវត្ថុដល់កម្ពុជា ពិសេសក្នុងវិស័យយោធាដែលចិនបានជួយធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារដែនអាកាស និងផ្តល់អាវុធទំនើបៗមកកម្ពុជា។ តែទោះយ៉ាងណា គេពុំឃើញមានប្រភពណាមួយបញ្ចេញព័ត៌មានឱ្យស៊ីជម្រៅឡើយក្នុងជំនួបនោះ ក្រៅតែពីភាគីទាំងពីរអរគុណគ្នាទៅវិញទៅមកក្នុងនាមជាមិត្តដែកថែប។

ដោយឡែក ជំនួបជាមួយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនវិញ លោកឯកអគ្គរដ្ឋទូតចិនក៏បានប្តេជ្ញាបន្តសហការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ រួមនឹងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកសំដៅធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមជាតិនៃប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យសន្តិសុខជាតិនេះ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចូលរួមកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិននៅឯក្រុងប៉េកាំង ដោយសម្រេចបន្តអនុវត្ត «ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» រវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតសំខាន់លើការងារសន្តិសុខ ការស្វែងរកជនល្មើស ការធ្វើមាតុភូមិនិវត្តន៍ជនល្មើស និងជនរងគ្រោះ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញ។

នាវាចិនចូលចតនៅកំពង់ផែរាមកម្ពុជា
នាវាចិនចូលចតនៅកំពង់ផែរាមកម្ពុជា © AFP

គួរកត់សម្គាល់ថា ក្នុងរយៈពេលជាង ៣ខែដែលលោក វ៉ាង វិនបិន បានចូលមកកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា គេសង្កេតឃើញថាលោកតែងមានជំនួបជាមួយបណ្តាមន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជា តួយ៉ាងជំនួបក្នុងវិស័យអប់រំ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យសន្តិសុខ វិស័យកសិកម្ម ព្រមទាំងជំនួបជាមួយបណ្តាក្រុមហ៊ុន និងវិស័យឯកជនជាច្រើនក្នុងប្រទេសកម្ពុជា៕

What Next?

Recent Articles