កម្ពុជា
21/09/2024 – 11:00
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសដកកម្ពុជាចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។ ការដកប្រទេសចេញពីកិច្ចសហប្រតិបត្តិការណ៍រួមគ្នានេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងការទទូចសុំរបស់ក្រុមប្រឆាំង។ យ៉ាងណាក៏ដោយ បើទោះបីជាដកខ្លួនចេញជាផ្លូវការ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលនឹងមិនអាចដោះលែងអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្នុងព្រឹត្តិការណ៍១៨សីហានោះទេ។
រដ្ឋាភិបាលប្រកាសដកខ្លួនពី CLV តែមិនដោះលែងអ្នកជាប់ឃុំ ក្នុងព្រឹត្តិការណ៍១៨សីហា
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា ការបញ្ចប់កិច្ចការអភិវឌ្ឍន៍រួមគ្នាតំបន់ត្រីកោណ CLV ជាមួយឡាវ និងវៀតណាម ជាការគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឱ្យប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ បើតាម លោក ហ៊ុន សែន ក្នុងការបញ្ចប់នេះ លោកបានពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត និងថាបានជូនដំណឹងផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចរាល់ហើយ។
លោកសុខ ចិន្ដាសោភា រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានផ្ញើលិខិត ទៅកាន់សមាជិក CLV នៅថ្ងៃទី២០ កញ្ញា។ នៅក្នុងលិខិតនោះ ភាគីកម្ពុជាបានអះអាងថា បន្ទាប់ពីពិចារណា និងវាយតម្លៃលើវឌ្ឍនភាពកិច្ចការអភិវឌ្ឍន៍រួមគ្នាមក អាណត្តិនៃកិច្ចសហប្រតិបត្តិ គឺបានឈានដល់គោលដៅរបស់ខ្លួន។ ត្រង់ចំណុចនេះ លោក សុខ ចិន្ដាសោភា បង្ហាញការជឿជាក់ថា ប្រទេសនីមួយៗអាចមានសមត្ថភាពពេញលេញក្នុងការបន្ដ និងអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន ដោយឯករាជ្យ។
បើតាមលោក ហ៊ុន សែន ដដែល ការអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រីកោណ CLV-DTA បានបញ្ចប់ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ប៉ុន្តែ លោកថា កម្ពុជានៅតែមានកិច្ចសហការធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និងប្រទេស ជាមួយអាស៊ាន ជាមួយ CLMV ជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយេយ៉ាវ៉ាឌី-ចៅប្រ៉ាយ៉ា-មេគង្គ (ACMECS) ជាមួយកិច្ចសហការមហាអនុតំបន់ទន្លេមេគង្គ (GMS) និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
ទោះជាការអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រីកោណនេះបានបញ្ចប់ តែលោក ហ៊ុន សែន អះអាងថា អាជ្ញាធរមិនអាចដោះលែងអ្នកអ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្នុងព្រឹត្តិការណ៍គម្រោងបាតុកម្មប្រឆាំង CLV នោះទេ។ មិនអាចដោះលែងបាន ដោយលោកបញ្ជាក់ថា អ្នកជាប់ឃុំទាំងនោះបានឆ្លងខ្សែបន្ទាត់ក្រហម ទៅផ្ដួលរំលំរដ្ឋាភិបាល ក្រោមលេសប្រឆាំងនឹងគម្រោង CLV-DTA។

យោងតាមរបាយការណ៍របស់អង្គការលីកាដូ ចាប់តាំងពីថ្ងៃទី ២៣កក្កដា ដល់ថ្ងៃទី១៦ កញ្ញា មានមនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន ហើយត្រូវដោះលែងមកវិញខ្លះ ប៉ុន្តែ មនុស្សច្រើនជាង ៦០នាក់ ត្រូវរងបទចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញសង្គម ឬជាប់ពាក់ព័ន្ធនឹងគម្រោងជួបជុំក្នុងព្រឹត្តិការណ៍ប្រឆាំងនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី២១ កញ្ញានេះថា ដោយសង្កេតឃើញអ្នកឃាប់ឃុំជាអនីតិជន និងយុជនដែលកំពុងសិក្សា លោកស្នើសុំឲ្យតុលាការ គួរតែពិនិត្យលទ្ធភាពដោះលែងពួកគេ ដើម្បីឱ្យពួកគេបានបន្ដការសិក្សាឡើងវិញ៕