ដោយ យន់ សាមៀន
2024.09.21
RFA

(ពីឆ្វេងទៅស្ដាំ) សកម្មជនចលនាមាតាធម្មជាតិ ៥រូប គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត និងកញ្ញា ភួន កែវរស្មី ដែលនឹងត្រូវចូលរួមសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
ក្រុមចលនាមាតាធម្មជាតិ ថា មកទល់ពេលនេះ មានមនុស្សចំនួនជាង ១សែន ៣ពាន់នាក់ហើយ (១០៣.១៦៣) នៅទូទាំងពិភពលោក បានចូលរួមគាំទ្រញត្តិឱ្យរដ្ឋអំណាចក្រោមឥទ្ធិពលគ្រួសារត្រកូលហ៊ុនដោះលែងសកម្មជនបរិស្ថានទាំង ៥នាក់ ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន លើកឡើងថា ការទាមទារឱ្យដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស គឺជាចរន្តផ្ទៃក្នុងជាតិដល់អន្តរជាតិ ដែលរដ្ឋាភិបាលគួរពិចារណា ដើម្បីកុំឱ្យបាក់មុខមាត់ និងខាតប្រយោជន៍ប្រទេសកម្ពុជា។
សកម្មជនមាតាធម្មជាតិអ្នកនាង ស៊ុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែកញ្ញា ថា ការចូលរួមផ្សព្វផ្សាយញត្តិគាំទ្រឱ្យដោះលែងសកម្មជនបរិស្ថាននេះ មាន បណ្ដាញជាអន្តរជាតិ តាំងពីប្រទេសស៊ុយអែត អាល្លឺម៉ង កូរ៉េខាងត្បូង និងនៅ ប្រទេសជប៉ុនជាដើម ដែលធ្វើឱ្យមានកំណើនពលរដ្ឋខ្មែរគាំទ្រកាន់តែច្រើនឡើង។
អ្នកនាង ស៊ុន រដ្ឋា អះអាងថា សកម្មជនមាតាធម្មជាតិត្រូវការប្រមូលសំឡេងអ្នកគាំទ្រញត្តិឱ្យបាន ១សែន ៥ម៉ឺននាក់ ដើម្បីដាក់ទៅអង្គការសហប្រជាជាតិ ស្ថាប័នអន្តរជាតិនានា និងបណ្ដាប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រួមទាំងរដ្ឋាភិបាល និងតុលាការកម្ពុជា ក្នុងគោលដៅទាមទារឱ្យមានការដោះលែងសកម្ម ជនបរិស្ថាន ដែលកំពុងជាប់ឃុំ។
អ្នកនាងលើកឡើងថា ប្រសិនបើរដ្ឋាភិបាល មិនដោះលែងសកម្មជនមាតាធម្មជាតិទាំង ៥រូបទេ នោះនឹងនាំផលប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសកម្ពុជា ដូចជា មិនអាចទាក់ទាញបាននូវអ្នកវិនិយោគបរទេសល្អៗ និងអាចបន្តបាត់កិច្ច សហប្រតិបត្តិការការទូតបន្ថែមទៀត ជាក់ស្ដែងដូចករណីនៃការប្រកាសដកស្ថាន ទូតស៊ុយអែត ចេញពីប្រទេសកម្ពុជាថ្មីៗ ជាដើម ដោយសារតែបញ្ហារំលោភសិទ្ធិ មនុស្ស។
អ្នកនាង ស៊ុន រដ្ឋា៖ «បើសិនជារដ្ឋាភិបាលមិនដោះលែងទេ ក៏វាមានការខាត់បង់ធ្ងន់ធ្ងរទៅដល់ប្រទេសកម្ពុជាដូចគ្នា ជាពិសេស គឺមុខមាត់ប្រទេសកម្ពុជាតែម្ដង ដោយសារតែនេះ វាមិនមែនតែមានសំឡេងរបស់ប្រជាជនទេ គឺសំឡេងឆាកអន្តរជាតិទាំងមូលដែលទាមទារឱ្យមានការដោះលែង។ នេះសបញ្ជាក់ថា សកម្មជនបរិស្ថានទាំង ៥ រូបដែលត្រូវបានចាប់ខ្លួនហ្នឹង គឺគាត់អត់មានកំហុស ដែលសាធារណជនច្រើនមែនទែនដឹងថា ពួកគាត់អត់មានកំហុស ហើយទាមទារឱ្យដោះលែង»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាលលោក ប៉ែន បូណា និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានទេនៅថ្ងៃទី២១ ខែកញ្ញ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត កត់សម្គាល់ថា តាមការស្ទាបស្ទង់តាមប្រព័ន្ធអនឡាញ (online) ឃើញមានអ្នកចូលរួមច្រើន ដើម្បីសុំឱ្យមានការដោះលែងសកម្មជនបរិស្ថាន ជាពិសេស សន្ទុះនៃការគាំទ្រឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់។
លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែកញ្ញាថា អង្គការសង្គមស៊ីវិលមួយចំនួន នៅតែបន្តស្នើឱ្យដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។ លោកថា ការពារបរិស្ថានឱ្យប្រសើរ ដើម្បីចៀសវាងផលប៉ះពាល់ ជាពិសេស ទាក់ទងនឹងសុខភាពរបស់ពលរដ្ឋ គឺជាបញ្ហារួមរបស់ជាតិកម្ពុជា និងពិភពលោក ដូច្នេះ អ្នកការពារបរិស្ថាន គួរត្រូវបានលើកទឹកចិត្ត និងគាំទ្រ។
លោក អំ សំអាត ៖ «សកម្មភាពនៃការពារបរិស្ថាន និងធនធានធម្មជាតិកិច្ចការពារដីធ្លី និងការលើកកម្ពស់ទៅបញ្ហាសិទ្ធិមនុស្ស វាជាសេរីភាព ហើយនឹងសិទ្ធិរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស មិនគួរត្រូវបានចោទប្រកាន់ កាត់ទោសឃុំខ្លួននោះទេ។ អ៊ីចឹង អង្គការសង្គមស៊ីវិលមួយចំនួននៅតែបន្តទាមទារឱ្យមានការដោះលែងទៅលើសកម្មជនបរិស្ថានសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីហ្នឹង»។
កាលពីថ្ងៃទី២ ខែកក្កដា តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនបរិស្ថាន ១០នាក់ឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ដល់ ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។ ចំណែកសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ រួមមានលោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ តាមខេត្តផ្សេងៗ គ្នា ភ្លាមៗ បន្ទាប់ពីតុលាការប្រកាសសាលក្រម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។