ដោយ មាន ឫទ្ធិ
2024.10.07
RFA

សមាជិកបណ្តាញយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ី កញ្ញា នួន តឿន (ស្ដាំ) និងអ្នកកាសែតឯករាជ្យ លោក ម៉ិច ដារ៉ា។ រូប៖ ហ្វេសប៊ុកលោក ម៉ិច ដារ៉ា និងកូនខ្មែរឈឺចាប់
ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងពលករខ្មែរ កញ្ញា នួន តឿន និងអ្នកកាសែតឯករាជ្យ លោក ម៉ិច ដារ៉ា។ APHR ថាខ្លួនមានការរំខានចិត្តជាខ្លាំងដោយសារករណីចាប់បញ្ជូនកញ្ញា នួន តឿន ដោយបង្ខំពីប្រទេសម៉ាឡេស៊ី (Malaysia) មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ។
នាយិកា APHR និងជាតំណាងរាស្ត្រឥណ្ឌូណេស៊ី (Indonesia) អ្នកស្រី ម៉ឺស៊ី គ្រីស្ទី បារែនស៍ (Mercy Chriesty Barends) ថ្លែងក្នុង សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី០៧ ខែតុលា ថា រដ្ឋសមាជិកអាស៊ានគួរតែសហការគ្នាលើកកម្ពស់ប្រជាធិបតេយ្យ និងកែលម្អការការពារសិទ្ធិមនុស្សនៃប្រជាជនអាស៊ាន ជាជាងសមគំនិតគ្នាក្នុងការបង្ក្រាបសំឡេងរិះគន់។
រីឯ សមាជិកក្រុមប្រឹក្សាភិបាល APHR និងជាអតីតតំណាងរាស្ត្រនៃប្រទេសថៃ លោក កាសិត ភិរម្យ (Kasit Piromya) គូសបញ្ជាក់ឡើងវិញអំពីការអំពាវនាវដល់រដ្ឋាភិបាលអាស៊ានទាំងអស់ ឱ្យចងចាំអំពីការប្ដេជ្ញាចិត្តរបស់ពួកគេដើម្បីវិបុលភាព និងសុខដុមរមនារបស់ប្រជាជនក្នុងតំបន់អាស៊ាន ដោយពង្រឹងបរិយាកាសមួយដែលសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន ត្រូវបានការពារ និងផ្តល់តម្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។