The Asia Financial៖ កម្ពុជាបានក្លាយជាកន្លែងលាងលុយកខ្វក់របស់ជនជាតិចិន

កម្ពុជា
កម្ពុជា-សង្គម
08/10/2024 – 11:36
ដោយ៖ សឹម ចាន់សំណាង
RFI

ព័ត៌មានចុះផ្សាយដោយកាសែត The Asia Financial នៅថ្ងៃទី៧ ខែតុលាបានឲ្យដឹងថា កម្ពុជាបានក្លាយជាជម្រកនៃការលាងលុយកខ្វក់សម្រាប់ឧក្រិដ្ឋជនចិនក្រោមហេតុផលមួយចំនួននៃការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា។ តាមការចុះផ្សាយរបស់កាសែតបរទេសមួយនេះដដែល កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងពិលោកដែលទាក់ទាញឲ្យបុគ្គលមួយចំនួនចង់លាក់ទ្រព្យសម្បត្តិរបស់ពួកគេ។

The Asia Financial៖ កម្ពុជាបានក្លាយជាកន្លែងលាងលុយកខ្វក់របស់ជនជាតិចិន


តាមការចុះផ្សាយរបស់កាសែត The Asia Financial ដែលស្រង់សម្តីវិភាគរបស់អ្នកជំនាញបានឲ្យដឹងថា កម្ពុជាមិនមែនជាប្រទេសក្នុងផ្នែកនៃប្រព័ន្ធរបាយការណ៍ទូទៅ ឬហៅ CRS ទេ។ ប្រព័ន្ធ CRS ជាក្របខណ្ឌសកលដែលបង្កើតឡើងដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរព័ត៌មានគណនីហិរញ្ញវត្ថុទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល។ គឺនៅក្នុងចំណុចនេះដែលធ្វើកម្ពុជាមានភាពទាក់ទាញពីជនជាតិចិនក្នុងការប្រព្រឹត្តសកម្មភាពលាងលុយកខ្វក់។

ក្រៅពីនេះ និងបើតាម The Aisa Financial ដដែល តាំងពីឆ្នាំ ២០១៧ មក ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនបានផ្សព្វផ្សាយពីការធ្វើលិខិតឆ្លងដែនកម្ពុជាដើម្បីចៀសវាងពីស្តង់ដារ CRS និងថា កម្ពុជាអនុវត្តគោលការណ៍ទិដ្ឋាការពេលមកដល់ (Visa on arrival) ដោយគ្មានការបដិសេធ។ ជាមួយនឹងទិដ្ឋាការពេលមកដល់ ឬទិដ្ឋាការពាណិជ្ជកម្មចម្រុះនេះ ជនជាតិចិនអាចដើរចូលទៅក្នុងធនាគារនៅស្រុកខ្មែរ និងអាចបើកគណនី រួមទាំងកាតធនាគារក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ។ ការណ៍នេះធ្វើឲ្យជនជាតិចិនងាយស្រួលក្នុងការផ្ទេរលុយទៅមកក្នុងគណនីធនាគារខ្លួន រួមទាំងតាមគណនី Huione ផងដែរ។

គួរជម្រាបថា នៅក្នុងសំណុំរឿងលាងលុយកខ្វក់ដូចគ្នានេះ រដ្ឋាភិបាលសិង្ហបុរីធ្លាប់បានរកឃើញជនជាតិចិនមានសញ្ជាតិខ្មែរចំនួន ១០នាក់ដែលបានធ្វើសកម្មភាពលាងលុយកខ្វក់ចំនួនជាង២.២ពាន់លានដុល្លារក្នុងប្រទេសសិង្ហបុរី។ ដោយឡែក របាយការណ៍ស៊ើបអង្កេតរួមគ្នារវាង OCCRP និងកាសែត The straits Times ក៏បានឲ្យដឹងទៀតថា សមត្ថកិច្ចសិង្ហបុរីកំពុងតាមចាប់ខ្លួនឧក្រិដ្ឋជនបរទេសចំនួន៧នាក់ទៀតដែលមានសញ្ជាតិខ្មែរ។ តាម OCCRP ក្រុមឧក្រិដ្ឋជនទាំងនេះបានធ្វើប្រតិបត្តិការលាងលុយកខ្វក់ក្រោមរូបភាពវិនិយោគលើវិស័យអចលនទ្រព្យ បើកហាងមាស ពេជ្រ និងបើកទីតាំងឆបោកតាមអនឡាញ។

វិទ្យុបារាំងអន្តរជាតិ RFI មិនអាចសុំការអត្ថាធិប្បាយពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានទេនាថ្ងៃទី៨ តុលានេះ។ ប៉ុន្តែកន្លងមក លោក ទូច សុឃៈធ្លាប់បានប្រតិកម្មលើរបាយការណ៍ទាក់ទងនឹងបញ្ហាលាងលុយកខ្វក់ និងអំពើពុករលួយនៅកម្ពុជាថា មានចេតនាមិនល្អដោយបានចូលជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ។

សមត្ថកិច្ច និងឧក្រិដ្ឋជន
សមត្ថកិច្ច និងឧក្រិដ្ឋជន © Internet

គួរឲ្យដឹងដែរថា ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិធ្លាប់បានរាយការណ៍ថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺនែតជាមួយនឹងប្រាក់ចំណូលដែលប្រមូលបានពីឧស្សាហកម្មមួយនេះក្នុងទឹកប្រាក់ចន្លោះពី ៧,៥ពាន់លាន ដល់១២,៥ពាន់លានដុល្លារ ឬស្មើនឹងពាក់កណ្តាលនៃផលិតផលសរុបក្នុងស្រុករបស់កម្ពុជា៕

What Next?

Recent Articles