កម្ពុជា
09/10/2024 – 10:44
ដោយ៖ អ៊ឹង ប៊ុនថន
RFI
តុលាការខេត្តកណ្តាលបានចេញដីកាកោះហៅមេដឹកនាំគណបក្សជំទាស់ចំនួន ៥រូប ព្រមទាំងមនុស្សមួយចំនួនទៀតឲ្យចូលបំភ្លឺនៅថ្ងៃទី៩ ខែតុលានេះ ពីបទ «រំលោភលើទំនុកចិត្ត»។ គឺជាបណ្តឹងដែលធ្វើឡើងដោយឈ្មោះ ឃិន យឿន អតីតសមាជិកគណបក្សជំទាស់ដូចគ្នា និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ ក្នុងមណ្ឌលភូមិភាគ៣ តែមិនបានជាប់ឆ្នោត។
តុលាការកោះហៅមេដឹកនាំគណបក្សជំទាស់ ៥រូបឲ្យចូលបំភ្លឺនៅថ្ងៃទី៩ តុលានេះ
ដីការបស់សាលាដំបូងខេត្តកណ្តាលចេញកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានបង្គាប់ឲ្យ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ចូលបំភ្លឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៤ ទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ ឃិន យឿន។ លោក ឃិន យឿន ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ មកពីគណបក្សឆន្ទៈខ្មែរបានប្តឹងសហការីខ្លួនឯងដែលជាក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់រហូតដល់ទៅ ៥រូប គឺ លោក ទាវ វណ្ណុល បច្ចុប្បន្នជាប្រធានគណបក្សភ្លើងទៀន ដែលជាគណបក្សចាំផ្ទះ។ លោកបណ្ឌិត សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ លោក តុល ប្រាសាទ លោក គីមសួរ ភីរិទ្ធ និង លោក ចាន់ ចេង ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សជំទាស់។
ក្រៅពីនេះ នៅមានមនុស្ស ៣នាក់ទៀតដែលគេមិនសូវស្គាល់ក៏បានរងបណ្តឹងពីឈ្មោះ ឃិន យឿនដូចគ្នានេះដែរពីបទ «រំលោភលើទំនុកចិត្ត» គឺមានឈ្មោះ ឆាយ សុថុន ឈ្មោះ រិន រ៉ានី និងឈ្មោះ ចេង ប៊ុនថន។ នេះបើតាមដីការបស់តុលាការខេត្តកណ្តាល។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ឈ្មោះ ឃិន យឿន ដែលជាដើមបណ្តឹង ជាអតីតសមាជិកគណបក្សភ្លើងទៀនខេត្តកណ្តាល តែលោកទទួលបានព័ត៌មានថា អតីតសមាជិកបក្សប្រឆាំងរូបនេះ បានទៅចុះចូលជាមួយបក្សកាន់អំណាចរួចហើយ។
បើតាមលោក លី សុធារ៉ាយុត្តិ ទំនាស់ ឬបណ្តឹងនេះបានកើតចេញពីការថ្នាំងថ្នាក់គ្នារហូតក្លាយជាបណ្តឹងនៅក្នុងកំឡុងពេលរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត កាលពីខែឧសភា ឆ្នាំ២០២៤។

សម្រាប់លោក លី សុធារ៉ាយុត្តិ ការប្តឹងប្រឆាំងប្រធានគណបក្សភ្លើងទៀន និងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតនេះជាទង្វើ «មិនសមរម្យ និងអយុត្តិធម៌»។ តែតុលាការនៅមិនទាន់បានចេញសេចក្តីសម្រចយ៉ាងណានៅឡើយទេ ខណៈ លោក ទាវ វណ្ណុល បានស្នើសុំពន្យារពេលចូលបំភ្លឺដែលកំណត់នៅថ្ងៃទី៩ ខែតុលានេះ ដោយសារលោកនៅក្រៅប្រទេស។ តែលោកបណ្ឌិត សុក ហាច លោក គីមសួរ ភីរិទ្ធ និង លោក ចាន់ ចេង បានចូលបំភ្លឺរួចហើយ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការគណបក្សភ្លើងទៀន៕