ឥណ្ឌូណេស៊ីថា ពលរដ្ឋខ្លួនជិត ៩ម៉ឺននាក់ដែលរស់នៅកម្ពុជា មានភាគច្រើនធ្វើការក្នុងវិស័យហ្គេមអនឡាញ

កម្ពុជា
សន្តិសុខ
09/10/2024 – 11:49
ដោយ៖ សាំ ឧត្តម
RFI

គិតត្រឹមឆ្នាំ២០២៤ នេះ មានពលរដ្ឋឥណ្ឌូណេស៊ីជិត ៩ម៉ឺននាក់កំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា។ នេះបើតាមក្រសួងការបរទេសឥណ្ឌូណេស៊ី។ ក្នុងចំណោមពលរដ្ឋឥណ្ឌូណេស៊ីទាំង ជិត៩ម៉ឺននាក់ មានជាង ៧ម៉ឺននាក់កំពុងធ្វើការដោយពុំបានរាយការណ៍អំពីទីតាំងស្នាក់នៅរបស់ខ្លួនទៅកាន់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំប្រទេសកម្ពុជាទេ និងថា ពួកគេភាគច្រើនកំពុងធ្វើការនៅក្នុងវិស័យហ្គេមអនឡាញខុសច្បាប់។

ឥណ្ឌូណេស៊ីថា ពលរដ្ឋខ្លួនជិត ៩ម៉ឺននាក់ដែលរស់នៅកម្ពុជា មានភាគច្រើនធ្វើការក្នុងវិស័យហ្គេមអនឡាញ


យោងតាមក្រសួងការបរទេសឥណ្ឌូណេស៊ីដែលដកស្រង់ទិន្នន័យពីនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា មានជនជាតិឥណ្ឌូណេស៊ីចំនួន ៨៩ ០០០នាក់កំពុងរស់នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន។ តែនៅក្នុងចំណោម ៨៩ ០០០នាក់ គឺមានតែ ១៧ ០០០នាក់ប៉ុណ្ណោះដែលបានរាយការណ៍ពីទីតាំងស្នាក់នៅរបស់ខ្លួនទៅកាន់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំប្រទេសកម្ពុជា។

លោក Judha Nugraha ប្រធាននាយកដ្ឋានការពារពលរដ្ឋឥណ្ឌូណេស៊ីបានបញ្ជាក់ថា មួយភាគធំនៃជនជាតិឥណ្ឌូណេស៊ីដែលរស់នៅក្នុងប្រទេសកម្ពុជាកំពុងធ្វើការលើវិស័យហ្គេមអនឡាញខុសច្បាប់ និងថា គេមិនអាចចាត់ទុកអ្នកទាំងនោះជាជនរងគ្រោះដោយសារការឆបោកតាមប្រព័ន្ធអនឡាញទេ។

បើតាមប្រភពដដែល ហេតុផលចម្បងដែលធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីជាង ៧ម៉ឺននាក់មិនរាយការណ៍ពីទីតាំងរស់នៅរបស់ពួកគេក្នុងប្រទេសកម្ពុជាក៏ដោយសារតែអ្នកទាំងនោះធ្វើការក្នុងវិស័យខុសច្បាប់បើផ្អែកតាមច្បាប់របស់ប្រទេសឥណ្ឌូណេស៊ី និងថា ពលរដ្ឋឥណ្ឌូណេស៊ីទាំងនោះនឹងជួបផលលំបាក បន្ទាប់ពីត្រឡប់ទៅប្រទេសកំណើតវិញ។

លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិបង្ហាញក្តីបារម្ភពីការរីករាលដាលវិស័យហ្គេមអនឡាញក្នុងប្រទេសកម្ពុជា។ ក្តីបារម្ភព្រោះកន្លងមក រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន សែនបានប្រកាសបិទទីតាំងហ្គេមអនឡាញទាំងអស់ក្នុងប្រទេសកម្ពុជារួចទៅហើយ។

ក្រសួងការបរទេសឥណ្ឌូនេស៊ី
ក្រសួងការបរទេសឥណ្ឌូនេស៊ី © VOI

ទោះជាយ៉ាងណា លោកអ៊ុំ សំអានស្នើឱ្យរដ្ឋាភិបាលបង្ក្រាបទីតាំងហ្គេមអនឡាញដែលនៅបន្តធ្វើប្រតិបត្តិការក្នុងប្រទេសជាបន្ទាន់ដើម្បីទប់ស្កាត់កុំឱ្យមានពលរដ្ឋខ្មែរ និងជនបរទេសផ្សេងទៀតរងគ្រោះ។

សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែនក្នុងនាមជានាយករដ្ឋមន្ត្រីពេលនោះបានបញ្ជាដាច់ណាត់មិនឱ្យមានហ្គេមអនឡាញក្នុងប្រទេសកម្ពុជាទៀតទេ។ ហេតុផលដែលលោក ហ៊ុន សែន បានពន្យល់កាលណោះ គឺបារម្ភពីជោគវាសនាប្រទេសកម្ពុជានាថ្ងៃខាងមុខជាកន្លែងលាងលុយកខ្វក់ និងជម្រកពួកម៉ាហ្វីយ៉ាដែលចេញពីហ្គេមអនឡាញ៕

What Next?

Recent Articles