កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
11/10/2024 – 11:17
ដោយ៖ សឹម ចាន់សំណាង
RFI
រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ឬស្មើប្រមាណ ៤២ លានដុល្លារអាមេរិកឲ្យកម្ពុជាដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេស។ ការប្រកាសផ្តល់ជំនួយនេះត្រូវបានភាគីចិនបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ចិនផ្តល់ជំនួយឥតសំណងចំនួន ៣០០លានយ័នឲ្យកម្ពុជាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ
តាមខ្លឹមសារដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែតក្នុងថ្ងៃទី១០ ខែតុលា លោកលី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ថា ប្រទេសចិននឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍន៍ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងថា រដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនឲ្យទៅបោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ក្រៅពីនេះ និងបើតាមលោកលី ឈាង រដ្ឋាភិបាលចិននឹងបន្តចូលរូមគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ឬស្មើប្រមាណ ៤២ លានដុល្លារអាមេរិកដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលចិនក៏នឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជាដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រួមទាំងជំរុញឲ្យមានការនាំចូលផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនថែមទៀតដែរ។ គួរជម្រាបថា ក្រៅពីតែការជំរុញកំណើនសេដ្ឋកិច្ច ប្រទេសទាំងពីរចិន និង កម្ពុជាក៏បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធ ត ភ្ជាប់ និងការត ភ្ជាប់រវាងប្រជាជន និងប្រជាជនជាដើម។
ដោយឡែក ព័ត៌មានចុះផ្សាយដោយកាសែតរដ្ឋចិនឈ្មោះ People’s Daily Online នៅថ្ងៃទី១១ តុលាដែលដកស្រង់សម្តីនាយករដ្ឋមន្រ្តីចិនលោកលី ឈាងឲ្យដឹងថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួនដើម្បីការពារអធិបតេយ្យភាពជាតិ និងឯករាជ្យភាពជាយុទ្ធសាស្ត្រ។ តាម People’s Daily Online ដដែល ចិនមានឆន្ទៈក្នុងការបន្តទំនាក់ទំនងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់ជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ពិសេសផ្តល់ទំនុកចិត្តគ្នាទៅវិញ ទៅមកជាយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រវាងប្រទេសទាំងពីរ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនធ្លាប់បានប្រកាសផ្តល់ជំនួយជានាវាចម្បាំងចំនួន២គ្រឿងឲ្យកម្ពុជានៅមូលដ្ឋានទ័ពជើងទឹករាមតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជា។ ការណ៍នេះបានធ្វើឲ្យបស្ចិមលោក ពិសេសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចោទសួរពីឯករាជ្យភាពរបស់កម្ពុជា រួមទាំងបានបង្កជាក្តីបារម្ភផ្សេងៗពីការកើនឡើងឥទ្ធិពលរបស់ចិននៅកម្ពុជា និងក្នុងតំបន់។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនកាន់តែមានភាពស្និទស្នាលខ្លាំងដោយប្រទេសទាំងពីរបានចាត់ទុកជាមិត្តភាពដែកថែប និងឈានទៅរកមិត្តភាពត្បូងពេជ្រ។ ក្រៅពីការជួយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ចិនក៏បានផ្តល់ជំនួយជាច្រើនឲ្យកម្ពុជាតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការផ្លូវ និងខ្សែក្រវ៉ាត់ (BRI) ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស រួមមានស្ពាន ផ្លូវថ្នល់ និងព្រលានយន្តហោះ៕