កម្ពុជា
03/11/2024 – 09:34
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េខាងត្បូង បានសម្រេចបិទបញ្ចប់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការផ្ដល់សេវាធ្វើលិខិតឆ្លងដែនវគ្គ៣ ដល់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េផ្ទាល់។ បើគិតចាប់ដើមឆ្នាំ២០២៤មក មានពលករខ្មែរជិត៥ពាន់នាក់ បានទៅធ្វើលិខិតឆ្លងដែនដោយផ្ទាល់នៅស្ថានទូតខ្មែរប្រចាំនៅកូរ៉េ។ នេះបើយោងតាម លោក ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់នៅថ្ងៃទី៣ វិច្ឆិកានេះ។
ស្ថានទូតខ្មែរប្រចាំកូរ៉េខាងត្បូងសម្រេចបិទបញ្ចប់សេវាធ្វើលិខិតឆ្លងដែនដល់ពលករខ្មែរ
ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យដឹងនៅលើបណ្ដាញសង្គមថា គិតចាប់តាំងពីពេលបើកដំណើរការធ្វើលិខិតឆ្លងដែន នាថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានទូតខ្មែរប្រចាំកូរ៉េខាងត្បូង បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន៦២៥២ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤៩៧១ នាក់ ។
ក្រោយពេលបិទបញ្ជប់សេវាធ្វើលិខិតឆ្លងដែននេះ លោក ហ៊ុន ម៉ាណែត ចាត់ទុកការងារនេះ ជាការសម្របសម្រួលមួយ ជូនដល់ពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីនោះ យ៉ាងជោគជ័យ និង គួរជាទីមោទនៈ។ ជាទីមោទនៈ ដោយលោក ហ៊ុន ម៉ាណែត ពន្យល់ថា ការងារនេះបានសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករនៅក្នុងប្រទេសកូរ៉េបានយ៉ាងច្រើន ដែលមិនចាំបាច់ត្រូវទៅស្រុកខ្មែរវិញ ដើម្បីបន្ដសុពលភាពលិខិតឆ្លងដែន។
គួរឱ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២៤ ដល់ថ្ងៃបិទបញ្ចប់ចុងក្រោយនេះ រដ្ឋាភិបាលបានផ្ដល់សេវាធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ៣វគ្គមកហើយ។ វគ្គទី១ គិតចាប់ពីថ្ងៃទី១០ មករា ដល់ខែឧសភា ឆ្នាំ២០២៤ ដោយមានរយៈពេល៤ខែ។ វគ្គទី២ គិតចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី ២៥ សីហា ឆ្នាំ២០២៤ ដោយរយៈពេល៣ខែ និងវគ្គទី៣ គិតចាប់ពីខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ មានរយៈពេល៣ខែដូចគ្នា។
តែទោះយ៉ាងណា នៅពេលបញ្ចប់វគ្គទី២ មានការរិះគន់ទៅកាន់រដ្ឋាភិបាលជាច្រើនបានកើតឡើង។ ពលរដ្ឋមួយចំនួន បានចាត់ទុកការបិទបញ្ចប់ ការផ្តល់សេវាលិខិតឆ្លងដែនធម្មតានៅកូរ៉េខាងត្បូង វគ្គទី២ ថាជានយោបាយចង់ចាញ់ឈ្នះរបស់រដ្ឋាភិបាលមកលើពលរដ្ឋខ្លួនឯង តាមរយៈការកម្ទេចឆ្នាំងបាយ។ ការចាត់ទុកបែបនេះ ក៏ដោយសារ នៅពេលការបិទបញ្ចប់ការផ្តល់សេវាលិខិតឆ្លងដែនវគ្គទី២នោះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានបាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េ ដែលគេអះអាងថា មានចំនួនជិត២ម៉ឺននាក់ ប្រឆាំងនឹងរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហា CLV-DTA។

គ្រានោះអ្នកវិភាគនៅក្រៅស្រុក បានចាត់ទុកការបិទបញ្ចប់ការផ្តល់សេវាលិខិតឆ្លងដែននេះ ជាយុទ្ធសាស្ត្របំបិទមាត់ពលរដ្ឋ ដែលមិនមែនជាដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹង CLV-DTA នោះទេ។
តែគួរឱ្យដឹងថា បន្ទាប់ពីបិទបញ្ចប់សេវាធ្វើលិខិតឆ្លងដែននៅកូរ៉េផ្ទាល់ ពលរដ្ឋខ្មែរនៅកូរ៉េ ដែលត្រូវការធ្វើលិខិតឆ្លងដែនថ្មី ឬត្រូវពន្យារលិខិតឆ្លងដែនដែលអស់សុពលភាព ត្រូវត្រលប់មកធ្វើ នៅប្រទេសកម្ពុជាវិញ៕