លោក ហ៊ុន សែន ប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនលោក លី សាម៉េត ដោយគ្មានពន្យារពេល

កម្ពុជា
កម្ពុជា-សង្គម
04/11/2024 – 11:18
ដោយ៖ សឹម ចាន់សំណាង
RFI

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាប្រាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនលោក លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ភ្លាមៗ បើទោះបីជាលោក លី សាម៉េត បានសុំពេលព្យាបាលជំងឺនៅផ្ទះ មុនពេលចូលខ្លួនឲ្យតុលាការកាត់ទោសក្តី។ ការប្រកាសរបស់លោក ហ៊ុន សែន យ៉ាងដូចនេះធ្វើឡើង ក្រោយលោក លី សាម៉េត បានចេញវីដេអូបកស្រាយកំហុសរបស់ខ្លួន និងសុំទោសលោក ហ៊ុន សែន នៅថ្ងៃចន្ទ ទី៤ វិច្ឆិកានេះ។

លោក ហ៊ុន សែន ប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនលោក លី សាម៉េត ដោយគ្មានពន្យារពេល


ខ្លឹមសារនៅក្នុងសារដែលប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ ខែវិច្ឆិកានេះឲ្យដឹងថា បើទោះបីជាលោក លី សាម៉េត ឬគ្រូមាបានចេញវីដេអូសារភាពកំហុស និងសុំទោសក្តីក៏លោកមិនត្រូវឲ្យលោក លី សាម៉េត រួចខ្លួនឡើយ។ នៅក្នុងសារដដែល លោក ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចនាំខ្លួនលោក លី សាម៉េត ទៅឲ្យតុលាការកាត់ទោសតាមច្បាប់ដោយគ្មានការពន្យារពេលអ្វីឡើយ ទោះបីជាលោក លី សាម៉េត សុំពេលព្យាបាលជំងឺនៅផ្ទះមុនចូលខ្លួនទៅតុលាការក៏ដោយ។

លោក ហ៊ុន សែន សង្ឃឹមថា សមត្ថកិច្ចនឹងមិនបន្តឱ្យលោក លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។ សូមរំលឹកជូនថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោកលី សាម៉េត ហៅគ្រូមាបានប្រើឈ្មោះលោកទៅបោកប្រាស់លុយគេរាប់សែន រាប់លានដុល្លារ។ ជាក់ស្តែង អភិបាលស្រុកល្វាឯម លោក កន សុខកាយ បានចាញ់បោកលោក លី សាម៉េត ដោយបានផ្តល់ប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យលោកលី សាម៉េតដើម្បីរត់ការទទួលបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

លោក លី សាម៉េត
លោក លី សាម៉េត © SHS

ភ្លាមៗក្រោយបែកធ្លាយករណីមួយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក កន សុខកាយ ជាអភិបាលស្រុកល្វាឯម ក្រោមហេតុផលថា លោក កន សុខកាយ បានប្រព្រឹត្តខុសក្រមសីលធម៌និងវិជ្ជាជីវៈធ្ងន់ធ្ងរដែលផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា ក្រៅពីមានងារជាអ្នកឧកញ៉ា លោក លី សាម៉េត ក៏ធ្លាប់ធ្វើជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ដែរ៕

What Next?

Recent Articles