កម្ពុជា
កម្ពុជា-សង្គម
04/11/2024 – 11:05
ដោយ៖ សឹម ចាន់សំណាង
RFI
អាជ្ញាធរវៀតណាមបានរារាំង និងហាមឃាត់ពលរដ្ឋខ្មែរក្រោមមួយចំនួនដែលមានបំណងចង់ទៅចូលរួមអង្គកឋិនទានរបស់រដ្ឋាភិបាលកម្ពុជាទៅកាន់វត្តខ្មែរក្រោមក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។
អាជ្ញាធរវៀតណាមរារាំងពលរដ្ឋខ្មែរក្រោមមួយចំនួនក្នុងពេលដង្ហែកឋិនទានចូលវត្តខ្មែរក្រោម
លោកសឺន ជុំជូន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ ខែវិច្ឆិកានេះថា អាជ្ញាធរវៀតណាមនៅតាមតំបន់មួយចំនួនបានហាមប្រាម រារាំង និងដកហូតទូរស័ព្ទរបស់ពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃមិនឲ្យទៅចូលរួមនៅក្នុងពិធីបុណ្យកឋិនទានដែលរៀបចំដោយរដ្ឋាភិបាលកម្ពុជាដង្ហែទៅកាន់ទឹកដីកម្ពុជាក្រោមនៅថ្ងៃចន្ទ ទី៤ វិច្ឆិកានេះ។ បើតាមលោក សឺន ជុំជួន អាជ្ញាធរវៀតណាមតែងរឹតបន្តឹងពលរដ្ឋខ្មែរក្រោមជារឿយៗនៅពេលដែលពួកគេចង់ប្រារព្ធពិធីតាមបែបប្រពៃណីសាសនា និងថា សមាគមខ្មែរកម្ពុជាក្រោមមិនអាចទទួលយកទង្វើដែលអាជ្ញាធរវៀតណាមធ្វើដាក់ពលរដ្ឋខ្មែរក្រោមរបៀបនេះបានឡើយ។
តែលោក សឺន ជុំជួនសង្ឃឹមថា រដ្ឋាភិបាលកម្ពុជាដែលវត្តមាននៅប្រទេសវៀតណាមរយៈពេល២ថ្ងៃនេះ នឹងជជែកជាមួយរដ្ឋាភិបាលវៀតណាមជុំវិញការរារាំងមិនឲ្យពលរដ្ឋខ្មែរក្រោមចូលរួមដង្ហែអង្គកឋិនទានពេលនេះ។ តាមលោកសឺន ជុំជួន បើទោះបីជាអាជ្ញាធរវៀតណាមធ្វើសកម្មភាពទាំងនេះក្នុងន័យការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក៏ដោយក៏ពលរដ្ឋខ្មែរក្រោម ឬខ្មែរកណ្តាលចង់ត្រឹមតែចូលរួមក្នុងពិធីបុណ្យកឋិនទានប៉ុណ្ណោះ។ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីជុំវិញករណីដែលអាជ្ញាធរវៀតណាមរារាំងពលរដ្ឋខ្មែរក្រោមមិនឲ្យចូលរួមដង្ហែអង្គកឋិនទានទៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេសវៀតណាមពេលនេះទេ។
តែប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែនធ្លាប់បានអះអាងថា ពលរដ្ឋខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោមជាខ្មែរតែមួយ និងថា ការដែលលោកដាក់ឈ្មោះអង្គកឋិនទាននេះថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» មានន័យថា បងប្អូនខ្មែរនៅគ្រប់ទីកន្លែង និងគ្រប់គណបក្សនយោបាយមកពីគ្រប់និន្នាការនយោបាយអាចចូលរួមបានទាំងអស់គ្នា។

គួរជម្រាបជូនថា អង្គកឋិនទានដែលរៀបចំដោយរដ្ឋាភិបាលកម្ពុជា គឺដង្ហែទៅកាន់វត្តវត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាមរយៈពេល ២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ វត្តពោធិគិរីវង្សារាមមានអាយុកាលចំនួន១១៩ឆ្នាំ និងបច្ចុប្បន្ន មានព្រះសង្ឃគង់នៅចំនួន ៥៨អង្គ យាយជី តាជីចំនួន៥២នាក់ គណៈកម្មការវត្តចំនួន ៥២នាក់ និងប្រជាពលរដ្ឋចំណុះជើងវត្តជាង ២០០គ្រួសារ៕