អ្នកឃ្លាំមើល​ថា កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) និង​អេកម៉ិក (ACMECS) ឡើយ

ដោយ ហ៊ុំ ចំរើន
2024.11.06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ថា កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) និង​អេកម៉ិក (ACMECS) ឡើយ

កិច្ចប្រជុំ​រវាងថ្នាក់ដឹកនាំ​កម្ពុជា (ជួរខាងស្ដាំ) និង​ថ្នាក់ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា នៅប្រទេស​ចិន កាលពីថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ចិន​កុម្មុយនិស្ត ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) កិច្ច​ប្រជុំ​កំពូល​អេកម៉ិក (ACMECS) និង​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា។ អ្នក​ជំនាញ និង​អ្នកឃ្លាំមើល​វាយ​តម្លៃ​ថា កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​កំពូល​ទាំង​នេះ​ឡើយ ដោយសារ​តែ​កម្ពុជា​គ្មាន​ជំហរ​រឹងមាំ​ដោយ​ខ្លួនឯង និង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​បរទេស។

ប្រទេស​ចិន​កុម្មុយនិស្ត​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ចំនួន៣ ដែល​ផ្ដោត​សំខាន់​លើ​ការ​ពិនិត្យ​លទ្ធផល​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច សង្គម និង​នយោបាយ ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន។

ក្រសួង​ការបរទេស​កម្ពុជា​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ថា កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី៨ នា​ឆ្នាំ​នេះ​ក្រោម​ប្រធានបទ «ឆ្ពោះ​ទៅ​កាន់​សហគមន៍​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការ​អភិវឌ្ឍ​ដែល​ជំរុញ​នវានុវត្តន៍» ចំណែក កិច្ច​ប្រជុំ​កំពូល នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) ហៅ​កាត់​ថា អេកម៉ិក (ACMECS) លើក​ទី១០ គឺ​ផ្ដោត​លើ​ប្រធានបទ «ឆ្ពោះ​ទៅ​កាន់​ការ​តភ្ជាប់​ដោយ​រលូន​សម្រាប់​សមាហរណកម្ម​អនុ​តំបន់​មេគង្គ»។ រីឯ កិច្ច​សហប្រតិបត្តិ​ក្របខ័ណ្ឌ​អាស៊ាន​ចំនួន ៤ប្រទេស​បាន​ចង​សម្ពន្ធ​ភាព​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ជំរុញ​វិស័យ​សេដ្ឋកិច្ច​រួម​គ្នា គឺ​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) លើក​ទី១១ ប្រទេស​ទាំង​នេះ​នឹង​ជជែក​គ្នា​ក្រោម​ប្រធានបទ «មិត្តភាព និង​សាមគ្គីភាព​សម្រាប់​សហគមន៍​ប្រកប​ដោយ​ភាព​ធន់ និង​វិបុលភាព»

កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawaddy-Chao Phraya Mekong Economic Cooperation Strategy) គឺ​ជា​ឈ្មោះ​ទន្លេ​បី​នៅ​ក្នុង​តំបន់ ឬ​ហៅ​កាត់​ថា អេកម៉ិក (ACMECS) បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ២០០៣ ដែល​មាន​សមាជិក ៥ប្រទេស គឺ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម។ យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ តែងតែ​ប្ដេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្ដោត​លើ​ការ​តភ្ជាប់ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ចំណោម​ប្រទេស​សមាជិក ដើម្បី​ឱ្យ​ក្លាយ​ជា​ច្រក​ពាណិជ្ជកម្ម និង​ដឹកជញ្ជូន​កាន់តែ​ឆាប់​រហ័ស និង​ដោយ​រលូន។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា កិច្ច​ប្រជុំ​កំពូល​ទាំង​នេះ ភាគី​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​នឹង​គ្រប់​ដណ្ដប់​ក្នុង​ការ​ពិនិត្យ​លើ​សមិទ្ធផល និង​កំណត់​ទិសដៅ​អនាគត​សម្រាប់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​លើក​កម្ពស់​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់ ជាដើម។

ទន្ទឹម​នឹង​ការ​បើក​កិច្ច​ប្រជុំ​កំពូល​ទាំង​នេះ សម្រាប់​កម្ពុជា​ត្រូវ​បាន​អ្នក​ជំនាញ​វាយ​តម្លៃ​ថា នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ឡើយ ខណៈ​លោក ហ៊ុន ម៉ាណែត ហាក់​ផ្ដោត​សំខាន់​ខ្លាំង​ក្នុង​ការ​ស្វែងរក​អ្នក​ជំនួញ និង​កៀរគរ​ក្រុមហ៊ុន​ចិន​ឱ្យ​មក​បោះ​ទុន​រកស៊ី​នៅ​កម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ទាំង​នេះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​ថា ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) គឺ​ជា​យន្តការ​សំខាន់​មួយ​របស់​ចិន​ដែល​ព្យាយាម​បង្ហាញ​ថា ខ្លួន​មាន​ឥទ្ធិពល​ខ្លាំង​តាមរយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៥ លើ​វិស័យ​វិនិយោគ ទំនាក់ទំនង​សេដ្ឋកិច្ច សង្គម និង​នយោបាយ​ជាដើម។

លោក សេង វណ្ណលី វាយ​តម្លៃ​ថា ការ​ចូល​រួម​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​ចិន​នេះ គឺ​ផ្ដោត​សំខាន់​ក្នុង​ការ​ស្វែងរក​ប្រាក់​កម្ចី និង​គម្រោង​ដាក់​ទុន​វិនិយោគ​ពី​បណ្ដា​ប្រទេស​សមាជិក​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ប្រជុំ​កំពូល​ទាំង​នេះ​ប៉ុណ្ណោះ។

លោក សេង វណ្ណលី៖ «(GMS) យើង​ដឹង​ហើយ​ថា ជា​កិច្ច​សហប្រតិបត្តិការ​ដែល​ចិន​មាន​ឥទ្ធិពល​ខ្លាំង ដើម្បី​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចំនួន ៥នៅ​ក្នុង​តំបន់​អាស៊ាន​ជាមួយ​នឹង​ចិន គឺជា​ក្របខ័ណ្ឌ​ដែល​ចិន​គាត់​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ប្រទេស​ទាំង ៥។ ជានិច្ចកាល​យើង​ដឹង​ហើយ​ថា ទាំង​ក្របខ័ណ្ឌ (GMS) ក្របខ័ណ្ឌ​អេកម៉ិក (ACMECS) និង (CLMV) គឺ​ចិន​វិនិយោគ​ច្រើន។ ថ្វីត្បិត​កម្ពុជា​ជា​ប្រទេស​តូច​មិន​សូវ​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​រាល់​កិច្ច​ប្រជុំ​កំពូល​នីមួយៗ​ចិន​តែងតែ​អនុញ្ញាត ឬ​ផ្ដល់​ឱកាស​ដល់​កម្ពុជា​ក្នុង​ការ​ស្នើ​គម្រោង​ថ្មីៗ ហើយ​ខ្លួនឯង​អនុម័ត ឬ​ផ្ដល់​ហិរញ្ញប្បទាន​ផង ជា​ជំនួយ​ផង ដើម្បី​អាច​ជំរុញ​គម្រោង​ដែល​ស្នើ​ដោយ​កម្ពុជា​ហ្នឹង​អាច​ឱ្យ​វា​ចេញ​ជា​រូបរាង»

រីឯ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​កំពូល​ទាំង ៣ គឺ​មាន​សារៈសំខាន់​ចំពោះ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ និង​ជា​ប្រទេស​សមាជិក​គួរតែ​ជជែក​ពិភាក្សា​លើ​ការ​បញ្ហា​ដោយ​ទទួល​ខុសត្រូវ និង​គិតគូរ​ខ្ពស់​ពាក់ព័ន្ធ​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​តំបន់ ជាជាង​ផ្ដោត​សំខាន់​លើ​សេដ្ឋកិច្ច។ បន្ថែម​ពី​នេះ លោក​ថា សម្រាប់​កិច្ច​សហប្រតិបត្តិការ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ប្រទេស​សមាជិក​ហាក់​មិន​ទាន់​ឯកភាព​ក្នុង​ការ​រិះរក​វិធី​បើក​ច្រក ឬ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ។

លោក ឯម សុវណ្ណារ៉ា៖ «ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​កិច្ចការ​ល្អ​ដែរ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ក្របខ័ណ្ឌ​ណា​វា​ល្អ​ដែរ​ពីព្រោះ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ប្រទេស​ទាំង ៤នៅ​តែ​ចរាចរ​នៅ​ក្នុង​ក្របខ័ណ្ឌ​មួយ​យឺត​ជាង​ប្រទេស​ទាំង ៦ទៀត។ ប្រទេស​ទាំង ៤ [កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាមប្រសិន​ប្រើ​យន្តការ ឬ​ជំរុញ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ឬ​កិច្ច​សហប្រតិបត្តិការ​ផ្សេង​កើត​មាន​ឡើង ដើម្បី​ពន្លឿន​សេដ្ឋកិច្ច​របស់​ខ្លួន​ខ្ញុំ​គិត​ថា ជា​កិច្ចការ​មួយ​ល្អ។ អេកម៉ិក (ACMECS) ក៏​ជា​កិច្ចការ​មួយ​ជំរុញ​ប្រទេស​ទាំង ៤អាច​ឈាន​ទៅ​រីកចម្រើន ឬ​អាច​ឈាន​អភិវឌ្ឍ​កៀក​នឹង​ប្រទេស ៦ទៀត​របស់​អាស៊ាន​ដែរ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា។

តាមរយៈ​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) និង​អេកម៉ិក (ACMECS) ប្រទេស​ចិន​កុម្មុយនិស្ត​រំពឹង​ថា ប្រទេស​ជា​សមាជិក​នឹង​មាន​ការ​ផ្លាស់ប្តូរ​ស៊ី​ជម្រៅ​ជាមួយ​គ្នា និង​សង្កត់ធ្ងន់​អំពី​កិច្ច​សហប្រតិបត្តិការ​ដោយ​បើក​ចំហ​លើ​ការ​ច្នៃ​ប្រឌិត តភ្ជាប់ និង​ការ​សម្របសម្រួល​ការ​តភ្ជាប់​ក្នុង​តំបន់​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ កសិកម្ម ដោយ​អះអាង​ថា ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា យន្តការ​ជំរុញ​សេដ្ឋកិច្ច​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន គឺ​ចិន​មាន​គោល​បំណង​សំខាន់​ក្នុង​ការ​បញ្ជ្រាប​ឥទ្ធិពល និង​ពង្រឹង​សេដ្ឋកិច្ច​ខ្លួន​នៅ​ក្នុង​ប្រទេស​ដែល​មាន​មេដឹកនាំ​និយម​របប​ផ្ដាច់ការ។ លោក​ថា កម្ពុជា​ក៏​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ ដោយសារ​តែ​កម្ពុជា​ដឹក​ដោយ​លោក ហ៊ុន ម៉ាណែត គ្មាន​គោល​ជំហរ​រក្សា​នយោបាយ​ឯករាជ្យ​ដោយ​ខ្លួន​ឯង និង​ដឹកនាំ​ប្រទេស​រណប​បរទេស។

លោក គឹម សុខ៖ «ចិន​ទាញ​យក​ផល​ប្រយោជន៍​ធំ​បំផុត​ពី​កិច្ច​សហប្រតិបត្តិការ​ពី​បណ្ដា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ពី​ព្រោះ​ទី​មួយ ភូមិសាស្ត្រ​ចិន​នៅ​ពី​លើ​ចិន​អាច​អុកឡុក​បាន ទីពីរ​ចិន​ក៏​នៅ​ពី​លើ​ទាំង​ផ្នែក​នយោបាយ ជាពិសេស​នៅ​ពី​លើ​រដ្ឋាភិបាល ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កុម្មុយនិស្ត​ឡាវ។ ឡាវ និង​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ក្អក​ជាមួយ​ចិន​ទេ។ ទី​បី ចិន​ក៏​ទាញ​យក​ផល​ប្រយោជន៍ និង​មុខ​មាត់​ក្នុង​ការ​ទាញ​អាស៊ាន​មិន​ឱ្យ​ងាក​ចេញ​ពី​នយោបាយ​ចិន ដោយសារ​តែ​ប្រើប្រាស់​រដ្ឋាភិបាល ហ៊ុន ម៉ាណែត រដ្ឋាភិបាល​ឡាវ ឱ្យ​តម្រង់​អាស៊ាន​ទៅ​តាម​គោល​បំណង​របស់​ចិន​ដែរ»

អ្នកឃ្លាំមើល​លើកឡើង​ថា យន្តការ​ជំរុញ​សេដ្ឋកិច្ច​តាមរយៈ​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) និង​អេកម៉ិក (ACMECS) ដែល​ប្រទេស​ចិន​ព្យាយាម​តម្កើង​ខ្លួន​ជា​បង​ធំ​ក្នុង​ការ​កាង និង​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ជា​សមាជិក ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​កាន់​តែ​បែក​ខ្ញែក និង​បែក​បាក់​ការ​រក្សា​ជំហរ​ឯករាជ្យ​ក្របខ័ណ្ឌ​អាស៊ាន នៅ​ពេល​ដែល​ចិន និង​អាមេរិក​កំពុង​បង្កើន​កម្ដៅ​ក្នុង​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles