រដ្ឋសភា​អនុម័ត​លុប​កិច្ច​ព្រមព្រៀង​ក្នុង​គម្រោង CLV តែ​មន្ត្រី​បក្ស​ប្រឆាំង​បន្ត​រិះគន់​ថា បំភាន់​ភ្នែក​ពលរដ្ឋ​ខ្មែរ

ដោយ ច័ន្ទ ដារ៉ូ
2024.11.08
RFA

រដ្ឋសភា​អនុម័ត​លុប​កិច្ច​ព្រមព្រៀង​ក្នុង​គម្រោង CLV តែ​មន្ត្រី​បក្ស​ប្រឆាំង​បន្ត​រិះគន់​ថា បំភាន់​ភ្នែក​ពលរដ្ឋ​ខ្មែរ

 រូប៖ ហ្វេសប៊ុករដ្ឋសភា


រដ្ឋសភា​បាន​អនុម័ត​លុបចោល​ច្បាប់​ស្ដីពី​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV-DTA នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​បន្ត​រិះគន់​ថា ការ​សម្រេច​លុបចោល​នេះ គឺ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ធ្វើ​ឡើង​មិន​ស្មោះត្រង់ និង​ធ្វើ​ឡើង ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​កុំ​ឱ្យ​ងើប​ចេញ​តវ៉ា។

រដ្ឋសភា​បាន​សម្រេច​លុប​ចោល​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV ហើយ។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ទូទៅ​នៅតែ​មើល​ឃើញ​ការ​សម្រេច​នេះ​ថា ធ្វើ​ឡើង​មិន​ទាន់​ប្រាកដប្រជា ឬ​ជ្រះស្រឡះ​នៅ​ឡើយ ពីព្រោះ​ពួក​គាត់​មើល​ឃើញ​ថា គម្រោង​ជា​ច្រើន​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV-DTA នៅ​តែ​បន្ត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ថា បើ​រដ្ឋាភិបាល​ឪកូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត និង​ឈប់​តវ៉ា​នោះ ត្រូវ​លុប​ចោល​កិច្ច​ព្រមព្រៀង​ទាំង​អស់​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV-DTA រួម​ទាំង​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ​នៅ​ក្រោម​ស្លាក CLV-DTA តាម​រយៈ​ការ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ ចំណែក​អ្នក​ដែល​បញ្ចេញ​មតិ​រឿង CLV និង​អ្នកទោស​មនសិការ​ទាំង​អស់ ត្រូវ​ដោះ​លែង​ឱ្យ​បាន​សេរីភាព​ឡើង​វិញ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ និង​តំណាង​បាតុកម្ម​ប្រឆាំង​រឿង CLV ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណី ថ្លែង​ថា នយោបាយ​របស់​លោក ហ៊ុន សែន ច្របូកច្របល់ ដើម្បី​រក្សា​អំណាច។ លោក​មើល​ឃើញ​ថា ដំណើរការ​លុប​កិច្ច​ព្រមព្រៀង CLV-DTA ជា​បន្ត​បន្ទាប់​នេះ គឺ​ជា​នយោបាយ​បំភាន់​ភ្នែក​របស់​លោក ហ៊ុន សែន។

រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា និង​បាន​សម្រេច​អនុម័ត​លុប​ចោល​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែល​មាន​ចំនួន ១០៩សំឡេង នៃ​សមាជិក​សភា​ទាំង​មូល។ សេចក្ដី​ប្រកាស​ព័ត៌មាន​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បញ្ជាក់​ថា គោលបំណង​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​ព្រមព្រៀង​នោះ នៅ​ក្នុង​រយៈ​ពេល ២៥ឆ្នាំ​មក​នេះ ក្រោម​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​បី​ឈាន​ដល់​ការ​សម្រេច​បាន​គោលដៅ​ជាតិ និង​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើក​កម្ពស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ត្រីកោណ។ សភា​បន្ត​ទៀត​ថា រដ្ឋាភិបាល​បាន​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​អំពី​កិច្ច​សហប្រតិបត្តិការ CLV-DTA បាន​ឈាន​ដល់​គោលដៅ និង​ជឿជាក់​ថា ប្រទេស​នីមួយៗ មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បន្ត និង​ធានា​បាន​នូវ​ការ​អភិវឌ្ឍន៍​រៀងៗ ខ្លួន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ និង​ជា​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា។

រដ្ឋសភា​សម្រេច​បញ្ចប់​កិច្ច​ព្រមព្រៀង CLV-DTA នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចលនា​ធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្ត​បន្ទាប់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជុំវិញ​ពិភពលោក​កាន់តែ​ផុលផុស​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បញ្ចប់​គម្រោង CLV-DTA ជា​ផ្លូវការ និង​មាន​ការ​អនុម័ត​សម្រេច​ពី​រដ្ឋសភា គឺ​មិន​មែន​គ្រាន់តែ​មាន​ការ​អះអាង​ត្រឹម​ពាក្យ​សម្ដី​របស់​ឪពុក​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទេ៕

What Next?

Recent Articles