កម្ពុជា
10/11/2024 – 10:41
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ដូចជាការធ្វើទារុណកម្មផ្លូវចិត្ត។ នេះបើតាមលោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី។ អគ្គនាយកដ្ឋានពន្ធនាគារអះអាងថា និងពិនិត្យលើពាក្យបណ្ដឹងនេះ។

លោក សឺន ជុំជួន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា កញ្ញា សេង ធារី បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃ នៅដើមសប្ដាហ៍នេះ ដើម្បីប្តឹងពីភាពមិនប្រក្រតីនៅក្នុងពន្ធនាគារ ជាទីដែលកញ្ញាអះអាងថា បានទទួលរងការធ្វើទារុណកម្មផ្លូវចិត្ត និងហិង្សា។
មេធាវីការពារក្ដី លោកសឺន ជុំជួន អះអាងថា បន្ទាប់ពីដាក់ពាក្យបណ្ដឹង មកដល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីក្រសួងមហាផ្ទៃនៅឡើយទេ។ ប៉ុន្តែ លោកសង្ឃឹមថា នឹងមានការស៊ើបអង្កេតលើរឿងនេះ ព្រោះជាធម្មតា ទៅតាមនីតិវិធីច្បាប់ នៅពេលជនជាប់ឃុំដាក់បណ្ដឹងបែបនេះ អគ្គនាយកដ្ឋានពន្ធនាគារ នឹងធ្វើការស្រាវជ្រាវ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃនេះថា លោកនឹងពិនិត្យមើលបណ្ដឹងរបស់កញ្ញាសេង ធារីដែលផ្ញើទៅកាន់ក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា ក្រសួងមិនអនុញ្ញាតឱ្យមានការប៉ះទង្គិចណាមួយជាមួយជនជាប់ឃុំនោះទេ ដោយយោងទៅលើការគោរពសិទ្ធអ្នកជាប់ឃុំ។
បើតាមលោក ទូច សុឃៈ ដដែល នៅក្នុងករណីរបស់កញ្ញា សេង ធារី ក្រសួងនឹងពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យប៉ះពាល់ដល់កិត្តិយសមន្ដ្រីពន្ធនាគារ។ ប៉ុន្តែ ក្នុងករណីដែលក្រសួងរកឃើញថា គ្មានការរំលោភសិទ្ធិដូចពាក្យបណ្តឹងនោះ ក្រសួងនឹងពិនិត្យលទ្ធភាពផ្នែកច្បាប់ លើកញ្ញា សេង ធារី ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ដ្រីពន្ធនាគារ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធធនាគារ លោក ឃៀង សុណាឌីន វិញបានឱ្យដឹងថា អគ្គនាយកដ្ឋានទើបទទួលបានពាក្យបណ្ដឹងពីកញ្ញា សេង ធារី នៅថ្ងៃទី៨ វិច្ឆិកានេះ។ លោកបន្ដឱ្យដឹងថា នៅពេលនេះ នាយកដ្ឋានជំនាញកំពុងតាមដាន និងគ្រោងស្នើសុំទៅកាន់អគ្គនាយកដ្ឋានពន្ធធនាគារ ដើម្បីបង្កើតក្រុមការងារចុះទៅអង្កេតស្រាវជ្រាវលើករណីនេះ និងផ្ទៀងផ្ទាត់មើលថា តើពិតដូចអ្វីដែលជនជាប់ឃុំលើកឡើងដែរឬទេ?
កញ្ញា សេង ធារី ដែលជាមេធាវី និងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានតុលាការប្រកាសសាលក្រមឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទ “រួមគំនិតក្បត់” ក្នុងសំណុំរឿង លោក សម រង្ស៊ីវិលចូលស្រុក កាលពីឆ្នាំ ២០១៩។ មេធាវីសញ្ជាតិខ្មែរអាមេរិកកាំងរូបនេះកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីត្រូវបញ្ជូនចេញពីពន្ធនាគារខេត្តព្រះវិហារ នាខែកញ្ញា ឆ្នាំ២០២៣៕