រដ្ឋាភិបាល​ថៃ​ពន្លឿន​ការ​បង្កើត​គណៈកម្មការ​បច្ចេកទេស ដើម្បី​ដោះស្រាយ​ជាមួយ​កម្ពុជា ក្នុង​រឿង​តំបន់​ត្រួតស៊ីគ្នា

ដោយ ឡេង ម៉ាលី
2024.11.10
RFA

រដ្ឋាភិបាល​ថៃ​ពន្លឿន​ការ​បង្កើត​គណៈកម្មការ​បច្ចេកទេស ដើម្បី​ដោះស្រាយ​ជាមួយ​កម្ពុជា ក្នុង​រឿង​តំបន់​ត្រួតស៊ីគ្នា

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត(ស្ដាំ) ជួបនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ តុលា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) អះអាង​ថា រដ្ឋាភិបាល​របស់​លោកស្រី កំពុង​រៀបចំ​បង្កើត​គណៈកម្មាធិការ​បច្ចេកទេស​រួម (JTC) នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា នេះ ដើម្បី​ចរចា​ជាមួយ​កម្ពុជា លើ​បញ្ហា​តំបន់​ដែល​អះអាង​ថា «ត្រួតស៊ីគ្នា»។ អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ត្រៀម​ឯកសារ និង​ភស្តុតាង​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ថៃ និង​សើរើ​ទាមទារ​កោះគុត​ដែល​ថៃ​កំពុង​គ្រប់គ្រង​ផ្ដាច់មុខ យក​មក​គ្រប់គ្រង​វិញ។

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី៨ ខែ​វិច្ឆិកា ថា រដ្ឋាភិបាល​របស់​អ្នកស្រី​នឹង​ដោះស្រាយ​បញ្ហា​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» ជាមួយ​កម្ពុជា បន្ទាប់ពី​អ្នកស្រី​ត្រឡប់​មកពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ជី២០ (G20) និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) វិញ នៅ​ថ្ងៃទី៨ ខែ​វិច្ឆិកា។ នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​មិន​អាច​ដក​ខ្លួន​ជា​ឯកតោភាគី ចេញពី​អនុស្សរណៈ​យោគយល់ (MOU) ដែល​កម្ពុជា និង​ភាគី​ថៃ បាន​ព្រមព្រៀង​គ្នា​ស្ដីពី​ការអភិវឌ្ឍន៍​រួមគ្នា​នៃ​ធនធាន​ប្រេង និង​ឧស្ម័ន កាលពីឆ្នាំ២០០១ បាន​ឡើយ ព្រោះ​ករណី​នេះ នឹង​ធ្វើ​ឱ្យ​មាន​ភាព​ល្អក់កករ​ក្នុង​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ ហើយ​ភាគី​កម្ពុជា អាច​នឹង​ប្ដឹង​តវ៉ា ក៏​អាច​ថា​បាន។

អ្នកស្រី ផេថងថាន បាន​អះអាង​ថា នៅ​ក្នុង​ជំនួប​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្ (GMS) លើកទី៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៧ ខែ​វិច្ឆិកា អ្នកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​នឹង​អនុស្សរណៈ​យោគយល់​ក្នុង​តំបន់​ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» នេះ ដោយ​អ្នកស្រី ផេថងថាន បាន​អះអាង​ថា លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ពី​គោលជំហរ​ជួយ​គាំទ្រ​ភាគី​ថៃ ក្នុង​ការ​រៀបចំ​កិច្ចចរចា ដើម្បី​បញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​មើល​ឃើញ​ថា គ្មាន​ភាគី​ណាមួយ មានប្រៀប​ជាង​គ្នា​ឬ​មាន​បញ្ហា​នោះ​ឡើយ ក្នុង​នោះ រួម​ទាំង​ករណី​ទាមទារ​កោះ​គុត​ផង​ដែរ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នៅ​មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ថា បញ្ហា​ការ​ចរចា​ក្នុង​វិវាទ​តំបន់​ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» រវាង​ថៃ និង​កម្ពុជា នេះ អាច​មាន​ការ​សម្របសម្រួល​សម្ងាត់​ក្រៅផ្លូវការ របស់​គ្រួសារ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដែល​មាន​ឪពុក​នឹង​ឪពុក​រាប់អាន​គ្នា​ធ្វើ​ជា​បងប្អូន​ធម៌។

លោក អ៊ុំ សំអាន៖ «ហើយ​អាច​មួយទៀត ដោយសារ​ត្រកូល​ហ៊ុន កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ផង អ៊ីចឹង​អាច​ស៊ុមគ្រលុំ​ជាមួយ​មេដឹកនាំ​ថៃ​បូម​យក​ប្រេង​ទៅ ប្រសិនបើ​ជា​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ ក៏​ត្រូវការ​ពេល​យូរ​ដែរ។ អ៊ីចឹង​ដើម្បី​ត្រូវការ​លុយ​យក​មក​ទប់​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន អ៊ីចឹង​សុខចិត្ត​ស៊ុមគ្រលុំ​គ្នា រកស៊ី​ជាមួយ​គ្នា​នៅ​លើ​តំបន់​ត្រួតស៊ីគ្នា​ហ្នឹង​ទៅ»

កាលពី​ថ្ងៃទី៤ ខែ​វិច្ឆិកា នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាន​ថ្លែង​នៅ​ពីមុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​អះអាង​ថា​កោះគុត គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ​ផ្ដាច់មុខ ជា​យូរ​ណាស់​មក​ហើយ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​បារាំង ។ជាមួយ​គ្នា​នេះ អ្នកស្រី​បាន​អះអាង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ព្រម​ទទួលស្គាល់ និង​មិន​ទាមទារ​កោះគុត ពី​ថៃ​នោះ​ឡើយ ហើយ​បញ្ហា​កោះគុត​នេះ ក៏​រដ្ឋាភិបាល​ថៃ​មិន​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កិច្ចចរចា​ស្ដីពី​តំបន់​ត្រួតស៊ីគ្នា​ឡើយ។

ទោះជា​បែបនេះ​ក្ដី អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នៅ​មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន អះអាង​ថា យោង​តាម​អនុសញ្ញា​បារាំង – សៀម ឆ្នាំ១៩០៧ បារាំង​បាន​កំណត់​ព្រំដែន​សមុទ្រ​ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះគុត​ជាគោល។ ចំណុច​ខ្ពស់​បំផុត​នៃ​កោះគុត កម្ពុជា​ត្រូវ​ទទួល​បាន​ដី​មួយ​ផ្នែក​ធំ​នៃ​កោះ​នេះ ឬ​ស្មើ​នឹង ២/៣ នៃ​កោះគុត​ទាំងមូល រីឯ​ភាគី​ថៃ​ទទួល​បាន​ដី ១/៣ នៃ​កោះ​នេះ។

ទោះជា​យ៉ាងណា ថៃ​បាន​ចូល​កាន់កាប់​កោះគុត និង​ផ្នែក​ដែន​សមុទ្រ​ខ្មែរ​នៅ​តំបន់​ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» (OCA) គឺ​បន្ទាប់ពី​រដ្ឋាភិបាល​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ១៩៨២ ជាមួយ​ប្រទេស​វៀតណាម។ លោក អ៊ុំ សំអាន ចោទ​ថា ការណ៍​ដែល​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​លោក ហ៊ុន សែន ចុះ​កិច្ចព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ១៩៨២ ជាមួយ​វៀតណាម និង​ការ​ធ្វើ​ឱ្យ​រាល់​សន្ធិសញ្ញា​ខុសច្បាប់​នានា​កាលពី​សម័យ​នោះ រស់​ឡើងវិញ​តាមរយៈ​ការ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាត់បង់​អធិបតេយ្យ​លើ​កោះគុត និង​ដែន​សមុទ្រ​ខ្មែរ​ប្រមាណ ៣ម៉ឺន​គីឡូម៉ែត្រ​ការ៉េ។

បច្ចុប្បន្ន​កោះគុត ត្រូវ​បាន​រដ្ឋាភិបាល​ថៃ អភិវឌ្ឍ​បង្កើត​ទៅជា​តំបន់​ទេសចរណ៍ ដោយ​មាន​ភ្ញៀវ​មក​កម្សាន្ត​ប្រហែល ៣០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​កោះ​នេះ ក៏​ជា​កន្លែង​ទាហាន​ជើងទឹក​របស់​ថៃ យក​ធ្វើ​ជា​កន្លែង​សមយុទ្ធ​ផង​ដែរ។ តំបន់​ដែល​ភាគី​ថៃ​អះអាង​ថា​ជា​តំបន់ «ត្រួតស៊ីគ្នា» នេះ អាច​មាន​កំណប់​ប្រេង និង​ឧស្ម័ន​ដែល​មាន​តម្លៃ​យ៉ាងហោចណាស់ ៣០០ពាន់​លាន​ដុល្លារ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ឃើញ​ថា ការ​ចរចា​រវាង​កម្ពុជា-ថៃ ក្នុង​វិវាទ​ដែន​សមុទ្រ​នេះ អាច​នឹង​បន្ត​ជាប់​គាំង ដោយសារ​អ្នកនយោបាយ​ប្រឆាំង​នៃ​ប្រទេស​ទាំងពីរ បាន​យក​បញ្ហា​នេះ ធ្វើ​ជា​អាវុធ​ដើម្បី​ប្រឆាំង។ លោក សេង វណ្ណលី បន្ត​ថា ដើម្បី​បញ្ចប់​វិវាទ​មួយ​នេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ចរចា​ជាមួយ​ភាគី​ថៃ ឱ្យ​បញ្ជូន​សំណុំ​រឿង​នេះ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ដោះស្រាយ។

លោក សេង វណ្ណលី៖ «ដោយសារ​តែ​តាមពិត​ទៅ មិនមែន​រាល់​បញ្ហា​យើង​ត្រូវតែ​លើក​ទៅ​តុលាការ​អន្តរជាតិ​នោះ​ទេ ក៏ប៉ុន្តែ​ដោយសារ​បញ្ហា​នេះ គឺជា​បញ្ហា​មាន​ភាព​ស្មុគស្មាញ ហើយ​ភាគី​ថៃ​កំពុង​លើក​យក​បញ្ហា​នេះ ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​មាន​ឧត្ដមគតិ​ស្នេហា​ជាតិ​របស់​ខ្លួន ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពលរដ្ឋ​នឹង​ពលរដ្ឋ និង​បង្ក​ទៅ​ជា​អរិភាព​នៅ​ក្នុង​ចំណោម​អ្នកនយោបាយ»

លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​លើក​យក​បញ្ហា​កោះគុត ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចចរចា​ស្ដីពី​តំបន់​ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» និង​ទាមទារ​ចំណែក ២ភាគ៣ នៃ​កោះ​នេះ​យក​មក​គ្រប់គ្រង​វិញ ព្រោះ​ប្រសិនបើ​កម្ពុជា​បាត់បង់​កោះគុត នោះ​នឹង​ជះឥទ្ធិពល​ដល់​ការ​បែងចែក​តំបន់​ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែន​សមុទ្រ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles