លោក ហ៊ុន ម៉ាណែត ចំអកឲ្យលោក សម រង្សី លើការបង្កើតរដ្ឋាភិបាលនិរទេស

កម្ពុជា
កម្ពុជា-នយោបាយ
11/11/2024 – 11:55
ដោយ៖ សឹម ចាន់សំណាង
RFI

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាត់ទុកការបង្កើតចលនាជាតិតស៊ូរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ខណៈដែលមនុស្សធ្លាប់គាំទ្រស្ម័គ្រស្មោះអស់ជំនឿមានកាន់តែច្រើន និងបានដើរចេញជាបន្ដបន្ទាប់។ តាមលោក ហ៊ុន ម៉ាណែត សមាជិកស្មោះស្ម័គ្រ និងមន្ដ្រីជាន់ខ្ពស់របស់ក្រុមប្រឆាំងទាំងអស់បានដើរចេញពីបក្ខពួករបស់ខ្លួន ហើយងាកមកចូលរួមជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត ចំអកឲ្យលោក សម រង្សី លើការបង្កើតរដ្ឋាភិបាលនិរទេស


ថ្លែងនៅក្នុងពិធីសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ក្នុងខេត្តកែបនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងការបង្កើតចលនាជាតិតស៊ូរបស់លោកស្រី មួរ សុខហួរ និងលោក សម រង្សី ថាបានបង្កើតចលនាពីមួយទៅមួយមិនចេះចប់មិនចេះហើយ និងថា អ្នកធ្លាប់គាំទ្រអតីតគណបក្សសង្គ្រោះជាតិបានងាកមកគាំទ្រ រួមទាំងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត បានចំអកទៅកាន់លោកសម រង្សីដែលលោកចង់បង្កើតរដ្ឋាភិបាលនិរទ្ទេស និងបានតាំងខ្លួនជានាយករដ្ឋមន្រ្តី។ នៅក្នុងន័យនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានព្រមានទៅកាន់ក្រុមប្រឆាំងថានឹងមិនអន់ឱនឲ្យចំពោះការធ្វើសកម្មភាពទាំងឡាយណាដែលហួសព្រំដែនច្បាប់ក្នុងចេតនាបង្កចលាចល និងបង្កើតអស្ថិរភាពក្នុងសង្គម។

គួរជម្រាបជូនថា លោក សម រង្សី ប្រធានអតីតគណបក្សសង្គ្រោះបានអះអាងកាលពីដើមខែវិចិ្ឆកាពីការបង្កើតចលនាជាតិតស៊ូមួយដើម្បីបេសកកម្មជាប្រវត្តិសាស្ដ្រក្នុងការដណ្ដើមប្រទេសកម្ពុជាពីលោក ហ៊ុន សែន ទៅឱ្យពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដី។ លោក សម រង្សី បានចាត់ទុករដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ជារដ្ឋាភិបាលមិនស្របច្បាប់ និងមិនគោរពតាមការបោះឆ្នោតដោយសេរី និងយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ដោយឡែកកាលពីថ្ងៃទី១២ តុលា ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបានធ្វើសមាជមួយដោយបានបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជាដើម្បីតស៊ូមតិឱ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងផ្សះផ្សាជាតិឡើងវិញ។ ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជានេះអាចជាក្រុមប្រឹក្សាជាតិតំណាងឱ្យពលរដ្ឋខ្មែរទាំងមូល និងជាក្រុមប្រឹក្សាជាតិមួយដែលអាចមានសិទ្ធិទៅនិយាយបញ្ឈប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ។ នេះបើតាមការបញ្ជាក់របស់លោកស្រី មួរ សុខហ៊ួ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ។  

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា © STPM

គេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងមានវិធានការយ៉ាងណាទៅលើក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា និងទៅលើរដ្ឋាភិបាលនិរទ្ទេសនោះទេ។ តែកាលពីពេលថ្មីៗនេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែនធ្លាប់បានបង្ហើបឱ្យដឹងពីគម្រោងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួនទៅក្នុងក្រុមភេរវនិយម។ គម្រោងបង្កើតច្បាប់មួយនេះត្រូវបានលោក ហ៊ុន សែន ពន្យល់ថា គឺដោយសារតែនៅមានបុគ្គលមួយចំនួនប៉ុនប៉ងចង់បំផ្លាញសន្តិភាពរបស់កម្ពុជា និងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន៕

What Next?

Recent Articles