ចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត

កម្ពុជា
12/11/2024 – 08:59
ដោយ៖ អ៊ឹង ប៊ុនថន
RFI

នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​បញ្ជូន​ខ្លួន​ ​លោក​ ឡាយ វិសិដ្ឋ អភិបាល​រង​ខេត្តពោធិ៍​សាត់​ទៅ​តុលាការ​ក្នុង​សំណុំរឿង​ឆបោក​ពាក់​ព័ន្ធ​នឹង ​លោក លី សាម៉េត។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌​មាន​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​នេះ។​ ចំណាត់​ការ​លើ​មន្ត្រី​ជាន់​ខ្ពស់​ខេត្តពោធិ៍សាត់​ម្នាក់​ថែម​ទៀត​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ជន​សង្ស័យ​ក្នុង​សំណុំរឿង​ឆបោក​ពាក់​ព័ន្ធ​នឹង លោក លី សាម៉េត ​កើន​ឡើង​សរុប​យ៉ាង​តិច​៦​នាក់​។

ចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត


តាម​សេចក្តី​រាយការណ៍​របស់​សារ​ព័ត៌​មាន​ Fresh News  លោក ឡាយ វិសិដ្ឋ អភិបាល​រង​ខេត្តពោធិ៍​សាត់បាន​សូក​ប៉ាន់​លុយ​ចំនួន​៥៧​ម៉ឺន​ដុល្លារ​ដើម្បី​ចង់​បាន​តំណែង​ធំ​ជាង​នេះ​ តាម​រយៈ​ ​លោក លី សាម៉េត និង លោក ឡាច សំរោង។ លោក ឡាច សំរោង ត្រូវបាន​គេ​ស្គាល់​ជា​សាកល​វិទ្យាធិ​ការ​នៃ​សាកល​វិទ្យា​ល័យ​ឥន្ទ្រ​វិជ្ជា (UI) ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​លោក លី សាម៉េត ហៅគ្រូមា។

សូម​បញ្ជាក់ថា ក្នុង​សំណុំរឿង​ពាក់​ព័ន្ធ​នឹង​ការ​សូក​ប៉ាន់​រត់​ការ​ចង់​បាន​តំណែង​នេះ​ អង្គភាព​ប្រឆាំងអំ​ពើពុក​រលួយក៏​បាន​សម្រេច​ឃាត់​ខ្លួន​ លោក មួង ឃីម អតីតឧត្តមសេនីយ៍ផ្កាយ៣ និងឧកញ៉ា អ៊ុត ធី ដែលត្រូវបាន​គេស្គាល់ជាថៅ​កែឡាន​ដឹក​ខ្សាច់​។ ​លោក មួង ឃីម និង ឧកញ៉ា អ៊ុត ធី ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់ នៅថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ពីបទ«ជំនួញឥទ្ធិពលសកម្ម»តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ក្នុងថ្ងៃទី១១ ខែវិច្ឆិកាដដែល លោក លី សាម៉េត ក៏ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម» តាមមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ គឺជាការចោទប្រកាន់បន្ថែមប្រឆាំងនឹងលោក លី សាម៉េត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពីបទឆបោក ដែលប្រព្រឹត្តិនៅភ្នំពេញ កាលពីខែកញ្ញា និងខែតុលា ឆ្នាំ ២០២២ តាមមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ទន្ទឹមគ្នានេះ​ លោក ដួង តារា ដែលទើបត្រូវបានបញ្ចប់តំណែងពីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវបានចោទប្រកាន់បន្ថែមទៀតពីបទ​ «ជំនួញឥទ្ធិពលអកម្ម» តាមមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលពីមុនត្រូវបានឃុំខ្លួនពីបទ​«ឆបោក»ពាក់ព័ន្ធនឹងសំណុំរឿង លោក លី សាម៉េត។

មន្ត្រី និងឧកញ៉ា យ៉ាងតិច៦នាក់ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត
មន្ត្រី និងឧកញ៉ា យ៉ាងតិច៦នាក់ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹង លី សាម៉េត © Fresh News

ការចាប់ខ្លួនមន្ត្រី និងឧកញ៉ាយ៉ាងតិច៦នាក់ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើឡើង បន្ទាប់ពី លោក ហ៊ុន សែន បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា​ លោក លី សាម៉េត (គ្រូមា) បានប្រើឈ្មោះរបស់លោកទៅបោកប្រាស់លុយគេរាប់សែន រាប់លានដុល្លារ។ ក្រោយមក​ លោក ហ៊ុន​ សែន​ ក៏បានបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត ទៅតុលាការភ្លាមៗ​ ក្រោយពីលោកបានទាត់ចោលការសុំទោសរបស់ លោក លី សាម៉េត៕

What Next?

Recent Articles