ដោយ សុជីវី
2024.11.13
RFA

កណ្ដូបកសិករចិញ្ចឹម។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
កសិករមួយចំនួនប្រកបរបរចិញ្ចឹមកណ្ដូបបារ៉ាលក់ដោះស្រាយជីវភាពគ្រួសារ ខណៈដែលអាជីពនេះ ពួកគាត់អាចរកចំណូលបានរាប់រយដុល្លារ ពីការលក់កណ្ដូបសាច់ និងពងមេពូជ។ មន្ត្រីសង្គមស៊ីវិលថា អាជីពចិញ្ចឹមកណ្ដូប របស់កសិករកំពុងពេញនិយមព្រោះរបរនេះមានទីផ្សារល្អ ទាំងក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែ អាជ្ញាធរពាក់ព័ន្ធ ខ្វះការយកចិត្តទុកដាក់ជាមួយពលរដ្ឋ។
អាជីពចិញ្ចឹមកណ្ដូបបារ៉ា យកសាច់ និងពងពូជលក់ បានក្លាយជារបរដ៏ពេញនិយមសម្រាប់កសិករនាពេលបច្ចុប្បន្ន ក្រៅពីរបរធ្វើស្រែចម្ការ ព្រោះថា របរនេះចំណាយដើមទុនតិច ហើយរកចំណូលបានច្រើន។ ក្នុងនោះគេឃើញមានភាគច្រើន កសិករនៅខេត្តបាត់ដំបង ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ និងខេត្តកំពង់ធំជាដើម។
កសិករចិញ្ចឹមកណ្ដូប លោក អឹម សុផល រស់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រាប់វិទ្យុអាស៊ីសេរីថា អាជីពចិញ្ចឹមកណ្ដូបលក្ខណៈគ្រួសារ របស់កសិករនៅក្នុងភូមិតាប្រុកនេះ មានរាប់សិបគ្រួសារ ហើយភាគច្រើនជាស្ត្រី និងបុរសវ័យចំណាស់ ដែលពួកគាត់ពុំមានការងារធ្វើទៀងទាត់។
លោក អឹម សុផល ចាប់អាជីពចិញ្ចឹម កណ្ដូប ជាង ៣ឆ្នាំហើយ បន្ទាប់ពីរបរចិញ្ចឹម សត្វចង្រិត។ ជាញឹកញាប់ លោកលក់សាច់កណ្ដូប ឱ្យទៅក្រុមឈ្មួញស្ទើរតែ ២៥ខេត្តក្រុង ហើយមួយថ្ងៃលោកអាចរកចំណូលបាន ២០ម៉ឺនរៀល ចំណែក ការលក់ពងមេពូជ លោកអាចរកចំណូលបាន២ពាន់ (២០០០)ដុល្លារ ក្នុងមួយខែ។ លោកថា កណ្ដូបសាច់ លក់១គីឡូក្រាមតម្លៃ ២ម៉ឺន ទៅ ៣ម៉ឺនរៀល ចំណែកពងមេពូជ១គីឡូក្រាមតម្លៃជាង១០០ដុល្លារ។
លោក អឹម សុផល៖ «តាមពិតការងារចិញ្ចឹមកណ្ដូបនេះ វាងាយស្រួលជាងធ្វើស្រែចម្ការ ហើយវាជាអាហារមួយដែលពេញនិយម។ វាជាអាហារមួយដែលញាំហើយ អត់ចេះធាត់។ វាអត់មានកាឡូរី ដែលធ្វើឱ្យយើងធាត់ទេ ហើយវាមានប្រូតេអ៊ីនខ្ពស់ ហើយមនុស្សចូលចិត្តញាំ មានកម្លាំង។ អ្នកខ្លះយកទៅញាំលេង អ្នកខ្លះយកទៅញាំជាមួយបាយ អ្នកខ្លះយកទៅធ្វើជាអាហារសម្រន់។ វាជាអាហារមួយដែលនៅស្រុកខ្មែរយើងនិយមញាំមែនទែន»។
កណ្ដូបបារ៉ាដែលអ្នកភូមិចិញ្ចឹមលក់ គឺជាសត្វល្អិតមួយប្រភេទដែលមានទំហំប៉ុនកូនម្រាមដៃ ហើយមានស្លាបពីរពណ៌បារ៉ា និងជើងបួន។ កណ្ដូបទាំងនោះ ភាគច្រើននាំចូលមេពូជពីប្រទេសថៃ ដែលជាប្រភេទកណ្ដូប ងាយចិញ្ចឹម និងធនជាមួយអាកាសធាតុ។ ចំណែក កសិករ ចំណាយពេលតែ៤៥ ទៅ៥០ថ្ងៃ គឺអាចប្រមូលផលលក់ ហើយ ចំណីរបស់វា មានស្មៅ ស្លឹកចេក និងប្រភេទ រុក្ខជាតិខ្ចីៗជាដើម។
ទន្ទឹមនឹងនោះ ទ្រុងចិញ្ចឹមកណ្ដូបរបស់កសិករ ធ្វើឡើងស្រដៀងនឹងទ្រុងមាន់ដែរ ហើយមាន ហ៊ុមព័ទ្ធដោយម៉ុង ឬស្បៃ។ កសិករអាចដាក់ពងដើម្បីភ្ញាស់ក្នុងមួយរោង បាន២ ទៅ៣គីឡូក្រាម ហើយបង្កើតបានជាកណ្ដូបយកសាច់ ចន្លោះពី ៥០ទៅ ៧០គីឡូក្រាម។ កណ្ដូបនេះ គេយកធ្វើជាអាហារសម្រាប់បរិភោគជាមួយបាយ ឬបរិភោគទទេ ដោយគ្រាន់តែផ្សំជាមួយគ្រឿង យកមកលីងឱ្យបានឆ្អិនល្អ។
លោក អឹម សុផល មានជំនាញជាអ្នកចិញ្ចឹមកណ្ដូបច្រើនឆ្នាំមក ហើយ។ ជាញឹកញាប់លោក បានបណ្ដុះបណ្ដាលកសិករជាច្រើននៅតាមខេត្តនានា តាមរយៈប្រព័ន្ធអនឡាញ (Online)ខ្លះ និងផ្ទាល់ខ្លះ ក្នុងនោះ មានកសិករប្រមាណជាង១ពាន់គ្រួសារហើយ ដែលបានទិញមេពូជ ពីលោក ដើម្បីចិញ្ចឹមលក់បន្ត។ លោកថា អាជីពនេះ ពិតជាសំខាន់ ហើយចង់ឃើញក្រសួងពាក់ព័ន្ធជាពិសេសក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្សព្វផ្សាយនិង បង្រៀនបច្ចេកទេសចិញ្ចឹមកណ្ដូបបន្ថែម ដល់កសិករ។
លោក អឹម សុផល៖ «តាមពិតខ្ញុំសម្លឹងឃើញថា ប្រសិនបើមានការសហការពីក្រសួងកសិកម្ម ឬក៏រដ្ឋ គាត់យកចិត្តទុកដាក់ជាមួយអាជីវកម្មពីរនេះ(កណ្ដូប និងចង្រិត) ឬក៏ស្ថាប័នអង្គការដែលគាត់ចុះជួយបង្ហាត់បង្ហាញ ហើយផ្ដល់នូវសម្ភារៈមួយចំនួនជួយទៅដល់បងប្អូនយើង ដែលគាត់ខ្វះខាត ខ្ញុំជឿថាវាជាមុខរបរមួយដែលជួយសម្រាលបន្ទុក និងអាចទទួលបានចំណូលគួរសមសម្រាប់បងប្អូនយើង ដែលមានជីវភាពពុំសូវល្អ ឱ្យគាត់មានមុខរបរប្រចាំថ្ងៃ។»
កសិករចិញ្ចឹមកណ្ដូប ម្នាក់ទៀត រស់នៅ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង លោក ចក់ សីហៈ លើកឡើងថា អាជីពចិញ្ចឹមកណ្ដូបរបស់លោកបានជួយជីវភាពគ្រួសារ បានល្អប្រសើរ។ លោកថា ដំបូងឡើយ លោកចំណាយដើមទុន អស់តែ២០០ដុល្លារប៉ុណ្ណោះ សម្រាប់ធ្វើទ្រុង និងទិញមេពូជមកភ្ញាស់។ ចំណែក ចំណូលដែលលោករកបាន ពីការលក់ពងមេពូជ និងសាច់កណ្ដូបក្នុងមួយលើក បានជាង៨០០ដុល្លារ។
លោកបន្តថា បច្ចុប្បន្នអ្នកភូមិប៉ោយតាសេក ប្រមាណ ១០០គ្រួសារ ងាកមកចិញ្ចឹមកណ្ដូបលក់ ហើយឈប់ទៅធ្វើការនៅប្រទេសថៃ។ លោកថា កណ្ដូបដែលកសិករលក់នោះ ភាគច្រើនលក់ឱ្យទៅក្រុមឈ្មួញ នាំចូលទៅប្រទេសថៃ និងបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា លោកថា សព្វថ្ងៃ ការចិញ្ចឹមកណ្ដូបសម្រាប់ផ្គត់ផ្គង់ ទៅកាន់ទីផ្សារ នៅមិនទាន់គ្រប់នោះទេ ក៏ប៉ុន្តែ ប្រសិនបើកសិករនាំគ្នាចិញ្ចឹមវា កាន់តែច្រើនឡើងប្រាកដណាស់ថ្ងៃណាមួយនឹងមានបញ្ហាខ្វះទីផ្សារវិញ ដូច្នេះលោកថា អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យលើករណីនេះ ហើយរកទីផ្សារនាំចេញទៅក្រៅប្រទេសឱ្យបានច្រើន។
លោក ចក់ សីហៈ៖ «មកពីថៃវិញមួយឆ្នាំ ខ្ញុំមិនដឹងធ្វើអី ខ្ញុំសាកចិញ្ចឹមកណ្ដូបលេង ដើម្បីបង្កើតទីផ្សារតាមយូធូប(YouTube) ពេលនោះទៅក៏ សម្បូរអ្នកកុម្ម៉ង់ទិញ សាច់វាក៏សម្បូរអ្នកកុម្ម៉ង់ទិញច្រើនអ៊ីចឹងទៅ ក៏វាជួយសម្រួលដល់ជីវភាពធូរធារជាងមុនទៅតាមហ្នឹង។ វាពឹងអាស្រ័យលើអ្នកកុម្ម៉ង់ទិញដែរ តែបើសាច់កណ្ដូប មានប៉ុន្មានក៏គេទិញដែរ គេទាំងអស់ឱ្យតែមាន។»
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ដើម្បីឆ្លើយតប ជុំវិញរឿងនេះបានទេនៅថ្ងៃទី១២ ខែវិច្ឆិកា។
ទាក់ទិនរឿងនេះ ប្រធានសមាគមបណ្ដាញអ្នកចិញ្ចឹមសត្វ លោក ជួប វិបុល សង្កេតឃើញថា ការដែលកសិករនាំគ្នាងាកមកចិញ្ចឹមកណ្ដូបជាច្រើនគ្រួសារនេះ គឺជាការល្អ ក៏ប៉ុន្តែ លោកថា អ្វីដែលជាក្ដីបារម្ភនោះ ការចិញ្ចឹមកណ្ដូប ចង្រិត ឬកង្កែបជាដើម កន្លងទៅ របស់កសិករមិនត្រូវបាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬអាជ្ញាធរមូលដ្ឋាន ខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ជាមួយនឹងពួកគាត់នោះទេ។ លោកអះអាងថា ករណីនេះ ប្រសិនបើពលរដ្ឋជួបបញ្ហាខ្វះទីផ្សារថ្ងៃណាមួយ អាជ្ញាធរពាក់ព័ន្ធនឹងគេចវេះពីបញ្ហា ហើយដាក់បន្ទុកមកលើកសិករជាអ្នកខុស។
លោក ជួប វិបុល៖ «កន្លងមកការចិញ្ចឹមកណ្ដូបនេះ ទីផ្សារភាគច្រើននាំទៅប្រទេសថៃ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារតែទីផ្សារក្នុងស្រុកចាប់ផ្ដើមផុលផុសក៏ កសិករគាត់ធ្វើតាមតម្រូវការក្នុងស្រុក ក៏មិនសូវបាននាំចេញទៅក្រៅប៉ុន្មាន ដូចកាលជំនាន់មុនៗទេ ប៉ុន្តែ ខ្ញុំកត់សម្គាល់ថា ដើម្បីឱ្យកសិករធានាបានផល អាជ្ញាធរគួរតែគិតគូរកន្លែងហ្នឹង ធ្វើម៉េចធានាឱ្យពួកគាត់ ផលិតហើយ ធានាឱ្យមានការនាំចេញទៅប្រទេសថៃដូចមុន។ កាលពីមុខមានការនាំចេញ កណ្ដូប កូនកង្កែប ប៉ុន្តែសព្វថ្ងៃនេះ ការនាំចេញវាហាក់ដូចមិនសូវផុលផុសដូចមុន»។
លោក ជួប វិបុល ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែត្រូវតែពង្រីក និងស្វែងរកទីផ្សារបន្ថែម ដែលអាចធានាទីផ្សារបានយូរអង្វែង សម្រាប់កសិករចិញ្ចឹមកណ្ដូប។ បន្ថែមពីនោះ លោកថា ក្រសួងពាក់ព័ន្ធ ក៏ត្រូវតែ ផ្ដល់បច្ចេកទេសកសិកម្មផ្សេងៗ ជូនដល់កសិករឱ្យបានត្រឹមត្រូវ ដើម្បីពលរដ្ឋអាចរកចំណូលចិញ្ចឹមគ្រួសារបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។