ពលរដ្ឋ និង​អ្នកឃ្លាំ​មើល​ថា ចរិត​កោងកាច​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​កម្ពុជា​ផុង​ខ្លួន​ក្នុង​វិបត្តិ​សង្គម​កាន់តែ​ធ្ងន់ធ្ងរ

ដោយ យ៉ង ចាន់តារា
2024.11.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ និង​អ្នកឃ្លាំ​មើល​ថា ចរិត​កោងកាច​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​កម្ពុជា​ផុង​ខ្លួន​ក្នុង​វិបត្តិ​សង្គម​កាន់តែ​ធ្ងន់ធ្ងរ

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចូលរួមប្រជុំព្រឹទ្ធសភា នៅថ្ងៃទី១៣ វិច្ឆិកា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ពលរដ្ឋ​និង​អ្នក​ឃ្លាំ​មើល​សង្គម​លើកឡើង​ថា ថ្វីត្បិតតែ​លោក ហ៊ុន សែន បាន​ផ្ទេរ​អំណាច​ជា​នាយករដ្ឋមន្ត្រី​ឱ្យ​ទៅ​កូន​របស់​លោក​គឺជា​លោក ហ៊ុន ម៉ាណែត រួច​ហើយ ក្ដី​ក៏​លោក​នៅតែ​ចិញ្ចឹម​ចិត្ត​តាម​កម្ចាត់​ចោល​ក្រុម​អ្នក​ប្រឆាំង និង​អ្នក​រិះគន់​គ្រួសារ​របស់​លោក​ដើម្បី​រក្សា​អំណាច​សន្តតិវង្ស​ដដែល។ ពួកគាត់​អះអាង​ថា ចរិត​ឆេវឆាវ ហិង្សា និង​អាត្មា​និយម​របស់​លោក ហ៊ុន សែន នេះ​បាន​រុញ​ច្រាន​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ។

អ្នកឃ្លាំមើល​សង្គម​មួយ​ចំនួន​ថា ចរិត​ច្រឡោងខាម​របស់​លោក ហ៊ុន សែន មិន​បាន​ជួយ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​លើ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល«ហ៊ុន»។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក លួន វិបុល ស្នើ​ឱ្យ​លោក ហ៊ុន សែន គួរតែ​យក​ពេលវេលា​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កសិករ បញ្ហា​ឧក្រិដ្ឋកម្ម​ការ​ឆបោក​តាម​អនឡាញ បញ្ហា​បូរណភាព​ទឹកដី និង​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក លួន វិបុល៖ «លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ខ្ញុំ​ហៅ​អ៊ំ​ហ្នឹង​ពី​ដើម​ប្រវត្តិ​គាត់​អតីត​ខ្មែរ​ក្រហម ទាហាន​ខ្មែរ​ក្រហម​អ៊ីចឹង​កាល​ណា​រៀន។ ខ្ញុំ​មិន​មាក់ងាយ​ទៅ​លើ​គាត់​ទេ​ពីព្រោះ​ពី​ដើម​អ្នក​ដែល​រៀន​ចាស់​ពី​ដើម​គាត់​រៀន​ថ្នាក់ទី១ ថ្នាក់ទី២គឺ​សុទ្ធតែ​ខ្លាំងៗ​ហើយ​វា​ផ្ទុយ​ពី​យើង​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ទាក់ទង​នឹង​សុជីវធម៌​នៃ​ការ​ប្រើប្រាស់​ពាក្យ​សំដី​ក្នុង​នាម​ជា​មេ​ដឹកនាំ​តាំង​ខ្លួន​ជា​បិតា​សន្តិភាព​នៅ​ក្នុង​ស្រុក​ខ្មែរ​គាត់​គួរតែ​ចេះ​ប្រើ​ពាក្យពេចន៍​ឱ្យ​បាន​សមរម្យ»

នៅ​ក្នុង​រយៈពេល​ជាង​៤០ឆ្នាំ​ដែល​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ដឹក​នាំ​ប្រទេស មាន​បញ្ហា​ក្នុង​សង្គម​ជា​ច្រើន​ដែល​កើត​ឡើង​ក្នុង​នោះ​រួម​មាន វិបត្តិ​ដីធ្លី ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​លុប​បឹង បញ្ហា​សេដ្ឋកិច្ច និង​កម្មករ​ឥត​ការងារ​ជាដើម។ ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​យក​ដីធ្លី លោក ហ៊ុន សែន បាន​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​រុនតាឯក​ឱ្យ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ​ក្រោម​រូបភាព​អភិវឌ្ឍន៍​ដោយ​គ្មាន​ការ​ផ្ដល់​សំណង​សមរម្យ ហើយ​សកម្មជន​ដីធ្លី​ខ្លះ​ពួកគាត់​ត្រូវ​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ដោយសារតែ​ការ​ក្រាញននៀល​ទាមទារ​ឱ្យ​មាន​សំណង​សមរម្យ​លើ​ដី​អាស្រ័យ​ផល​របស់​ខ្លួន។ ទាក់ទង​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ​នេះ​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​ចេញ​របាយការណ៍​មួយ​កាល​ពីឆ្នាំ២០២៣ ​ដោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​បង្ខំ​ឱ្យ​ពលរដ្ឋ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ដែល​ប្រឈម​នឹង​គ្មាន​មុខ​របរ បាត់​បង់​ជីវភាព​រស់នៅ​សមរម្យ ឆ្ងាយ​ពី​ក្រុង ខ្វះ​អនាម័យ ហើយ​ត្រូវ​ចាប់​ផ្ដើម​សាងសង់​ផ្ទះ​ដោយខ្លួន​ឯង​ដូច​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ​ឡើង​វិញ។

ការ​រិះគន់​របស់​យុវជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដូច្នេះ​បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ខឹង​សម្បារ និង​ប្រើ​ពាក្យ​អសុរោះ​ជេរ​ប្រមាថ សមាជិក​ទូរទស្សន៍​មនសិការ​ខ្មែរ​អមតៈ​ម្នាក់​ដោយសារ​តែ​សមាជិក​រូប​នោះ​ចោទសួរ​លោក ហ៊ុន សែន ពី​មូលហេតុ​ដែល​លោក ហ៊ុន សែន ប្រើ​ល្បិចកល​ចង់​កម្ទេច​ទូរទស្សន៍​មួយ​នេះ​មិន​ឱ្យ​ផ្សព្វផ្សាយ​ពី​បញ្ហា​សង្គម និង​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ។ ថ្វី​ដ្បិតតែ​លោក ហ៊ុន សែន បាន​ប្រើ​ពាក្យ​សំដី​ជេរ​ប្រមាថ​ពលរដ្ឋ​ជា​សាធារណៈ​ក្ដី ក៏​មន្ត្រី​ហែហម និង​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ដូចជា ក្រសួង​មហាផ្ទៃ​ជាដើម​បាន​ចេញ​ញត្តិ​គាំទ្រ​លោក ហ៊ុន សែន និង​ថ្កោលទោស​ទៅ​លើ​ក្រុម​មនុស្ស​ដែល​លោក ហ៊ុន សែន ជេរប្រមាថ​ទៅ​វិញ។

ក្រៅពី​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​មាន​ចិត្ត​ឆេវឆាវ និង​ចូលចិត្ត​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​កាច់​បំបាក់​ធ្មុង​គូ​ប្រកួតប្រជែង​ក្នុង​ឆាក​នយោបាយ លោក ហ៊ុន សែន ក៏​ជា​មនុស្ស​ឱប​ក្រសោប​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ផង​ដែរ បើ​ទោះ​ជា​ពួក​គេ​ប្រព្រឹត្ត​កំហុស​យ៉ាងណា​ក្ដី។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្រ្ទ លើកឡើង​ថា លោក ហ៊ុន សែន ជេរប្រមាថ និង​គំរាម​ដល់​អាយុ​ជីវិត​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​រិះគន់​លោក។ លោក​បន្ត​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​សម្បូរ​កលល្បិច​ដើរ​អូសទាញ លួងលោម និង​យក​លុយ​ទិញ​ទឹក​ចិត្ត​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ហើយ​ប្រសិនបើ​ករណី​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​មិនព្រម​ចុះ​ចូល​ទេ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​តាម​ចាប់​យក​មក​ដាក់​ក្នុង​ពន្ធនាគារ។

លោក ម៉ែន សុថាវរិន្រ្ទ៖«គ្រាន់តែ​មើល​ទៅ​ចរិត​ពាល​ចេញ​មក​ឃើញ​អ៊ីចឹង​ហ្មង​គាត់​មិន​ដូច​ថ្នាក់​ដឹកនាំ​គេ​ទូទាំង​ពិភពលោក​ដូច​នៅ​ប្រទេស​បារាំង ឬ​នៅ​ប្រទេស​គេ​ផ្សេង​ធ្វើ​អ៊ីចឹង​គេ​ទម្លាក់​ចោល​បាត់​ហើយ​ដោយ​ឃើញ​ចរិត​អ៊ីចឹង។ នេះ​ដោយសារ​គាត់​អ៊ីចឹង​ហើយ​បាន​ជា​ពលរដ្ឋ​លេង​ពេញចិត្ត​គាត់​អស់​សមត្ថភាព​លេង​ធ្វើ​អី​កើត​អ៊ីចឹង​បាន​ពលរដ្ឋ​លេង​ទុក​ចិត្ត​គាត់»

ក្រៅពី​លោក ហ៊ុន សែន បង្កើន​ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​ហើយ​នោះ លោក ហ៊ុន សែន ក៏​បាន​ជួយ​មនុស្ស​ដែល​ស្មោះត្រង់​នឹង​គ្រួសារ​របស់​លោក​ផង​ដែរ។ ជា​ឧទាហរណ៍​ដូច​ជា​ប្រធាន​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​លោក លី យ៉ុងផាត់ ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​កញ្ញា សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ (Online) និង​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency) គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន​នោះ បាន​ចេញ​សេចក្ដី​ប្រកាស​ដោយ​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ជា​ការ​រំលោភ​បំពាន​ទៅ​កម្ពុជា​ទាំងមូល ។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ចាត់​ទុក​ពាក្យ​សំដី​ជេរ​ប្រមាថ​របស់​លោក ហ៊ុន សែន ទៅ​លើ​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក​គឺជា​រឿង​ធម្មតា ហើយ​លោក​ចាត់​ទុក​ថា នេះ​គឺជា​ការ​ផ្ដល់​ដំបូន្មាន​ក្នុង​នាម​លោក ហ៊ុន សែន ជា​មនុស្ស​មាន​វ័យ​ចំណាស់។ ក៏​ប៉ុន្តែ​ជាមួយ​គ្នា​នេះ​លោក សុខ ឥសាន ទទួល​ស្គាល់​ថា ការ​ជេរ​ប្រមាថ​ជា​សាធារណៈ​ច្រើន​ធ្វើ​ឱ្យ​បាត់បង់​សំឡេង​អ្នក​គាំទ្រ។

លោក សុខ ឥសាន៖«សម្ដេច​គាត់​មិន​ទាន់​ត្រាស់​ដឹង​ឯណា​គាត់​មិន​ទាន់​ក្លាយជា​ព្រះពុទ្ធ​ឯណា​គាត់​ជា​ប្រថុជ្ជន​ដូច​តែ​យើង​ដែល​អ៊ីចឹង​គាត់​ចេះ​ខឹង​ចេះ​ក្រោធ​ដែរ​តើ។ អ៊ីចឹង​ការ​ឆ្លើយតប​របស់​សម្ដេច​តជោ ហ៊ុន សែន គឺជា​រឿង​ធម្មតា ។ ម្យ៉ាង​ទៀត​សម្ដេច ហ៊ុន សែន មាន​អាយុ​ជាង៧០ឆ្នាំ​ហើយ​ចំពោះ​ប្អូន​ដែល​ខល​ទូរស័ព្ទ​មក​គាត់​ហ្នឹង​អាយុ​ទើប​តែ​ជាង៥០ឆ្នាំ​អ៊ីចឹង​ដូចជា​កូន​គាត់​អ៊ីចឹង​កាល​ដែល​គាត់​និយាយ​ពាក្យ​ធ្ងន់​ទៅ​លើ​គាត់​គឺជា​រឿង​ធម្មតា​ដែរ»

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​លោក ម៉ែន ណាត ថ្លែង​ថា លោក ហ៊ុន សែន គឺជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​ឱ្យ​ជាតិ​បែកបាក់​ដោយសារតែ​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ ហើយ​ពលរដ្ឋ​គឺជា​ជន​រងគ្រោះ​ក្នុង​ជំនាន់​គ្រួសារ​របស់​លោក។

លោក ម៉ែន ណាត៖ «យុទ្ធការ​ដែល​អាច​ដោះ​វិបត្តិ​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ យុទ្ធការ​វា​មាន​ទាល់តែ​កម្ពុជា​ភ្ញាក់​រលឹក​ហើយ​វិល​ទៅ​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​វិញ ហើយ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ការ​ស្ដារ​ស្មារតី​ជាតិ​ខ្មែរ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ហើយ​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ​ឡើងវិញ​ដែរ​អា​ហ្នឹង​អាច​ធ្វើ​បាន»

លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​អ្នក​គាស់​រម្លើង​ប្រជាធិបតេយ្យ​ដោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីឆ្នាំ២០១៧ ដើម្បី​រារាំង​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិទី៦។ ចំណែក​នៅ​អាណត្តិ​ទី៧នេះ វិញ​លោក ហ៊ុន សែន ក៏​បាន​បង្ក្រាប​ទៅ​លើ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រាំង​ខ្ទប់​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ដើម្បី​កុំ​ឱ្យ​មាន​ឧបសគ្គ​រាំងស្ទះ​ដល់​ការ​ផ្ទេរ​ដំណែង​ជា​នាយករដ្ឋមន្ត្រី​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​លោក​គឺ​លោក ហ៊ុន ម៉ាណែត។

ទាក់ទិន​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា មេ​ដឹក​នាំ​ដែល​អសីលធម៌​មិន​អាច​ដឹកនាំ​ប្រទេស​ឱ្យ​មាន​ភាព​ចម្រុងចម្រើន​ឡើយ។ លោក​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន អាច​ជាប់​កម្អែល​មក​ពី​ខ្មែរ​ក្រហម​ទើប​បាន​ជា​លោក​ចូលចិត្ត​ប្រើ​ការ​គំរាមកំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​អ្នក​រិះគន់។

លោក ស៊ឹង សែនករុណា៖ «យើង​ទោះ​បី​ខំ​រៀន​កែប្រែ​ឥរិយាបថ មាន​សីលធម៌ មាន​វិន័យ​ក្នុង​ខ្លួន សុជីវធម៌​ក្នុង​ខ្លួន​ក៏​អត់​ប្រយោជន៍​ដែរ​មើល​ដឹកនាំ​ដែល​មាន​ចរិត​ច្រឡោងខាម​គាត់​នៅ​តែ​ជា​មេ​ដឹក​នាំ ចរិត​ប្រើប្រាស់​នូវ​ហិង្សា​ភាសា​អសុរោះ​អី​ហ្នឹង​គាត់​នៅតែ​ជា​មេដឹកនាំ​រាប់​សិប​ឆ្នាំ​អ៊ីចឹង​វា​ជះឥទ្ធិពល​មិន​ល្អ​មក​ដល់​អ្នក​ជំនាន់​ក្រោយ។ យើង​មើល​ឃើញ អ្នក​ជំនាន់​ក្រោយ​របស់​គណបក្ស​កាន់​អំណាច​ក៏​អ៊ីចឹង​ដែល​ទាំង​អ្នក​ចូល​ថ្មី​ទាំង​អ្នក​ចូល​ចាស់​ទៅ​ហែហម​ទៅ​លើក​ជើង​ពាក្យ​សំដី​អសុរោះ​ទាំងអស់​ហ្នឹង​ទៅ​ទៀត»

នេះ​មិនមែន​ជា​លើកទី១​ទេ​ដែល​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ពាក្យ​សំដី​អសុរោះ​ទៅ​លើ​ពលរដ្ឋ​ខ្លួន​បែប​នេះ។ កន្លង​ទៅ​លោក ហ៊ុន សែន ក៏​ធ្លាប់​យក វេទិកា​សាធារណៈ​ជេរ​ប្រមាថ​មនុស្ស​មិន​រើស​មុខ រាប់​តាំង​ពី​អ្នក​នយោបាយ អ្នកវិភាគ អ្នកកាសែត ស្ត្រី​ភេទ និង​ព្រះសង្ឃ​ជាដើម។

អ្នក​ឃ្លាំ​មើល​លើកឡើង​ថា លោក ហ៊ុន សែន គួរតែ​ឈប់​ប្រើប្រាស់​ពាក្យ​សំដី​ជេរ​ប្រមាថ និង​លាប​ពណ៌​លើ​ពលរដ្ឋ ឬ​ក្រុម​អ្នក​រិះគន់​ត​ទៅ​ទៀត​ដើម្បី​រួមគ្នា​ដោះស្រាយ​វិបត្តិ​សង្គម វិបត្តិ​នយោបាយ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ផ្សះផ្សា​ជាតិ​បង្រួបបង្រួម​ជាតិ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles