ដោយ មាន ឫទ្ធិ
2024.11.13
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងកាលពីថ្ងៃទី១២ វិច្ឆិកា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ក្រោយកម្ពុជា និងចិនសម្រេចចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោងបកប្រែ «សៀវភៅអាស៊ី» របស់មេដឹកនាំកំពូលចិន រដ្ឋាភិបាលត្រកូល ហ៊ុន ក៏បន្តឃោសនាឱ្យយុវជនខ្មែររៀនសូត្រពីគោលនយោបាយ និងការដឹកនាំបែបផ្ដាច់ការតាមរយៈការអានសៀវភៅនេះ។ អ្នកឃ្លាំមើលថា ការជំរុញឱ្យយុវជនអានសៀវភៅមិនមែនជារឿងអាក្រក់ឡើយ ប៉ុន្តែរដ្ឋាភិបាលគួរតែជំរុញឱ្យយុវជនអានច្បាប់កំពូលរបស់ជាតិ ជាជាងចាក់បញ្ចូលមនោគមវិជ្ជាបែបកុម្មុយនិស្តដល់យុវជន។
អ្នកឃ្លាំមើលលើកឡើងថា ក្រៅពីវិស័យសំខាន់ៗដូចជា នយោបាយ ការទូត សេដ្ឋកិច្ច និងសង្គម វិស័យអប់រំតាមរយៈការអានសៀវភៅជាដើម ក៏ជាចំណុចសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលប្រទេសចិនកុម្មុយនិស្តព្យាយាមបញ្ជ្រាបឥទ្ធិពលទាំងវិស័យអប់រំ ការឃោសនាគោលនយោបាយនៃមេដឹកនាំកំពូលចិន និងភាសាចិនជាដើមសម្រាប់ចាក់បញ្ចូលក្នុងសង្គមកម្ពុជា ដើម្បីឱ្យមេដឹកនាំកម្ពុជា និងប្រជាជនស្វែងយល់ពីគុណតម្លៃរបស់មេដឹកនាំចិន។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែវិច្ឆិកាថា ការជំរុញឱ្យយុវជនអានសៀវភៅមិនមែនជារឿងអាក្រក់នោះទេ។ ទោះជាយ៉ាងណា លោកសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូច្នេះរដ្ឋាភិបាលគួរតែលើកទឹកចិត្ត និងជំរុញឱ្យពលរដ្ឋអានសៀវភៅច្បាប់កំពូលរបស់ជាតិឱ្យទូលំទូលាយ ដើម្បីឱ្យពួកគេបានស្វែងយល់ពីសិទ្ធ និងកាតព្វកិច្ចចូលរួមការពារបូរណភាពទឹកដី ជាជាងអនុញ្ញាតឱ្យមនោគមវិជ្ជាបែបកុម្មុយនិស្តចាក់បញ្ចូលក្នុងសង្គម និងសម្រាប់យុវជនកម្ពុជា។
លោក សេង វណ្ណលី៖ «កន្លងមកនេះយើងឃើញថា ការជំរុញ និងលើកកម្ពស់ការអានរបស់កម្ពុជានៅមានកម្រិត ប៉ុន្តែប្រសិនជារដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចចង់ឃើញប្រជាពលរដ្ឋអានសៀវភៅឱ្យច្រើនគួរតែចែកចាយ និងជំរុញឱ្យប្រជាពលរដ្ឋអានរដ្ឋធម្មនុញ្ញ សៀវភៅគោលការណ៍នានា ជាពិសេសប្រវត្តិសាស្ត្រ ឱ្យសិក្សាប្រវត្តិសាស្ត្រពីប្រទេសកម្ពុជាឱ្យដឹងពីសិទ្ធសេរីភាពរបស់ខ្លួន ខ្ញុំគិតថា រឿងនេះនឹងផ្ដល់ប្រយោជន៍សម្រាប់កម្ពុជាក្នុងរយៈពេលវែង។ តាមពិតទៅការអានសៀវភៅពីរបៀបដឹកនាំរបស់មេដឹកនាំនីមួយៗ ការអានវាមិនមែនជារឿងអាក្រក់ទេ អានហើយយើងយកមកប្រើប្រាស់ទេ ក៏ប៉ុន្តែគ្រាន់តែថា កង្វះនៃការផ្សព្វផ្សាយ និងជំរុញការអានពាក់ព័ន្ធនឹងកម្ពុជានៅមានកម្រិត ជាពិសេសការយល់ដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធរដ្ឋធម្មនុញ្ញ ការគ្រប់គ្រង និងសិទ្ធតួនាទីរបស់ប្រជាពលរដ្ឋនៅមានកម្រិតខ្លាំងណាស់»។
ការលើកឡើងរបស់អ្នកតាមដានកិច្ចការអន្តរជាតិរូបនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា កាលថ្ងៃទី១០ ខែវិច្ឆិកា បានប្រកាសតាមហ្វេកប៊ុក (Facebook) របស់លោកថា នឹងចែកសៀវភៅស្ដីពីទស្សនទាន និងគោលនយោបាយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jingping) ជាភាសាអង់គ្លេសប្រមាណ ១ពាន់ក្បាល (១.០០០) សម្រាប់យុវជនខ្មែរយកទៅសិក្សា។
ការឃោសនាពីទស្សនទាន ឬគោលនយោបាយមេដឹកនាំចិនតាមរយៈការជំរុញឱ្យយុវជនអានសៀវភៅនេះ គឺបន្ទាប់ពីកម្ពុជា និងចិនចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀវភៅអាស៊ី កាលពីថ្ងៃទី១២ ខែតុលា។ គម្រោងបកប្រែសៀវភៅអាស៊ីនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីន និងជាយន្តការសំខាន់ដែលចិនមានបំណងចង់ធ្វើជាបងធំនៅតំបន់អាស៊ីតាមរយៈការកាងសេដ្ឋកិច្ច ការចងសម្ពន្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងជំរុញ ឱ្យប្រទេសក្នុងតំបន់អាស៊ីដោះស្រាយបញ្ហាសន្តិសុខ និងការពារសណ្ដាប់ធ្នាប់ដោយខ្លួនឯងដោយយកចិនជាស្នូល និងផាត់ចោលបណ្ដាប្រទេសលោកសេរី។
កាលពីឆ្នាំ២០២៣ កម្ពុជា និងចិនក៏បានឯកភាពគ្នាក្នុងការអនុញ្ញាតដាក់បញ្ចូលភាសាចិនក្នុងកម្មវិធីសិក្សាតាមសាលារៀនរដ្ឋខ្មែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។
កម្ពុជាកំពុងរងការចោទប្រកាន់ថា នឹងប្រឈមប៉ះពាល់ដល់អធិបតេយ្យ និងកំពុងដឹកនាំប្រទេសក្រោមឥទ្ធិពលចិន ដោយសារតែការគ្រប់គ្រងបែបផ្ដាច់ការគ្រួសារនិយមមិនប្រកាន់ជំហរនយោបាយឯករាជ្យ និងបង្កើនទំនាក់ទំនងស្អិតល្មួត និងការពឹងផ្អែកលើចិនកាន់តែខ្លាំង។ ជាមួយគ្នានេះ អ្នកឃ្លាំមើលថា ការណ៍ដែលចិនបន្តឱបក្រសោបកម្ពុជាតាមរយៈរូបភាពផ្ដល់ជំនួយ និងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យនោះ គឺចិនអាចប្រើប្រាស់កម្ពុជាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាសម្រាប់ពង្រីក និងពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ ដើម្បីទប់ទល់នឹងបណ្ដាប្រទេសលោកសេរីក្នុងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថា ការណ៍ដែលរដ្ឋាភិបាលកម្ពុជាព្យាយាមអនុញ្ញាតឱ្យមនោគមវិជ្ជាបែបកុម្មុយនិស្តអាចបញ្ជ្រាបចូលក្នុងសង្គមកម្ពុជាកាន់តែខ្លាំង និងព្យាយាមបំបិទមាត់សំឡេងអ្នករិះគន់ឥតស្រាកស្រាន្ត គឺជាសញ្ញាមួយដែលអាចបង្កភាពគ្រោះថ្នាក់សម្រាប់ជាតិ។ លោកចង់ឃើញ រដ្ឋាភិបាលបង្ហាញការឃោសនា និងជំរុញលើកទឹកចិត្តឱ្យយុវជនស្វែងយល់តាមរយៈការអានសៀវភៅស្ដីពីច្បាប់ជាតិឱ្យបានទូលំទូលាយ និងបើកលំហសិទ្ធិសេរីភាពបញ្ចេញមតិ ដើម្បីឱ្យពលរដ្ឋអាចចូលរួមសម្ដែងកង្វល់ និងជជែកពីបញ្ហាសង្គមសម្រាប់ស្វែងរកច្រកក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។