ខ្មែរ​ក្រោមថា ការ​ចូល​រួម​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក គឺដើម្បី​រក្សា​វប្បធម៌

ដោយ យន់ សាមៀន
2024.11.16
RFA

ខ្មែរ​ក្រោមថា ការ​ចូល​រួម​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក គឺដើម្បី​រក្សា​វប្បធម៌

ទិដ្ឋភាពទូក ង ​ក្នុងពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក ពលរដ្ឋ​ខ្មែរ​​ធ្វើនៅ​ឯ​ដែនដីកម្ពុជា​ក្រោម ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។​ រូបពីពលរដ្ឋខ្មែរក្រោម


ស្រប​ដែល​ពលរដ្ឋ ខ្មែរ​នៅ​កម្ពុជា​កំពុង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក ពលរដ្ឋ​ខ្មែរ​នៅ​ឯ​កម្ពុជា​ក្រោម​វិញ ក៏​ចូល​រួម​ធ្វើ​ពិធី​នេះ​ដែរ។ ពួក​គេ​ថា ការ​ចូល​រួម​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក គឺ​ដើម្បី​រក្សា​វប្បធម៌​និង​ប្រពៃណី​ខ្មែរ។

ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​លើ​ទឹក​ដី​កំណើត​បាន​នាំ​គ្នា​ធ្វើ​ពិធី​​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក បើ​ទោះ​បី​ពួក​គេ​កំពុង​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​សាសនា​ក្ដី​។ សកម្មជន​សិទ្ធិ​មនុស្ស​លោក ថាច់ ង៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ផ្ទាល់​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​រីករាយ​ប្រារព្ធ​ព្រះរាជ​ពិធី​​បុណ្យ​អុំ​ទូក​បណ្ដែត​​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ដើម្បី​រក្សា​អត្តសញ្ញាណ​ខ្មែរ។

លោក ថាច់ ង៉ា៖ «សម្រាប់​ខ្ញុំ​បាទ​ផ្ទាល់​ហ្នឹង​។ ​ខ្ញុំ​បាន​ទៅ​មើល​បុណ្យ​អុំ​ទូក​នៅ​ស្រុក​កំពង់​ស្ពាន​និង​វត្ត​ក្រមា។ ខ្ញុំ​រំភើប​ខ្លាំង​ដែល​ឃើញ​សកម្មភាព​ដែល​ឃើញ​ពលរដ្ឋ​ជួយ​លើក​តម្កើង​កេរ្តិ៍មរតក​របស់​ដូនតា​យើង​ដែល​បាន​បន្សល់​ទុក​មក»

លោក ថាច់ ង៉ា ថា ការ​ចូល​រួម​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ​បង្ហាញ​ថា ខ្មែរ​ក្រោម​មិន​ដែល​បំភ្លេច​ប្រពៃណី និង​វប្បធម៌​ខ្មែរ​ម្ដង​ណា​ឡើយ។

លោក ថាច់ ង៉ា៖ «ការ​អុំ​ទូក​នៅ​កម្ពុជា​ក្រោម​យើង​ហ្នឹង បង្ហាញ​ពី​ការ​សាមគ្គីភាព​ខ្មែរ និង​ខ្មែរ និង​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា មាន​វប្បធម៌​និង​ប្រពៃណី»


ទូក ង នៅ​កម្ពុជា​ក្រោម ត្រូវ​បាន​ព្រះសង្ឃ​ដាក់​ឈ្មោះ​តាម​វត្ត ដែល​តម្កល់​ទូក និង​ខ្លះ​ទៀត​យក​ឈ្មោះ តាម​ឈ្មោះ​ស្រុក និង​ទី​រួម​ខេត្ត។ កាល​ពី​ដើម​ឡើយ​ខ្មែរ​កម្ពុជា​ក្រោម​ ជា​អ្នក​រៀបចំ​ផ្ដួចផ្ដើម​ រៀប​ចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​វៀតណាម ​បាន​បញ្ចូល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ជា​កីឡា​មួយ​ប្រភេទ​របស់​វៀតណាម។ ដូច្នេះ អាជ្ញាធរ​វៀតណាម​បាន​យក​ការ​ប្រណាំង​ទូក​ខ្មែរ​ក្រោម​មក​គ្រប់គ្រង​វិញ។ ទោះបី​វៀតណាម​ហាក់​បើក​ទូលាយ​ឲ្យ​ខ្មែរ​ក្រោម​បាន​ប្រារព្ធ​ពិធី​ជាតិ​ខ្លះ​ក្តី ប៉ុន្តែ វៀតណាម​នៅ​តែ​រឹតត្បិត​សិទ្ធិ​សេរី​និង​សាសនា។ បច្ចុប្បន្ន ព្រះសង្ឃ ៥អង្គ​និង​សកម្មជន​ខ្មែរ​ក្រោម ៨នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ រឿង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles