ដោយ ជាតិ ចំណាន
2024.11.16
RFA

ទិដ្ឋភាពទន្លេចតុមុខ នៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២៤ ដែលប្រជាពលរដ្ឋច្រើនកុះករ មកទស្សនាពិធីប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ។ រូបពីពលរដ្ឋ
ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានឈានមកដល់ថ្ងៃទី៣ ហើយ ខណៈប្រជាពលរដ្ឋខ្មែរ រាប់លាននាក់បានមកកម្សាន្តក្នុងពិធីបុណ្យនេះ ។ អាជីវករ មួយចំនួន ឲ្យដឹងថា នៅថ្ងៃចុងក្រោយនេះ ពួកគាត់លក់ដូរដាច់ជាង២ថ្ងៃដំបូង បើទោះបីជាមានអាជ្ញាធរ បានចុះរៀបចំសណ្ដាប់ធ្នាប់ក៏ដោយ។
ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានដើរលេងកម្សាន្តក្នុងពិធីបុណ្យនេះ ទាំងនៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។
នៅវេលាម៉ោង ១១ថ្ងៃត្រង់ ទូកងទាំងឡាយ បានចាប់ផ្ដើមប្រកួតនៅថ្ងៃចុងក្រោយ។
ចំណុះទូកឈ្មោះ «សំបូរសែនជ័យបារមីស្រីម៉ៅ» មកពីឃុំសំបួរ ស្រុកល្វាអែម ខេត្តកណ្ដាល លោក សួន ដារ៉ូ ប្រាប់វិទ្យុអាស៊ីសេរីថា ទូកងនេះ បានចូលរួមប្រកួតប្រជែងលើផ្ទៃទឹក អស់រយៈពេល ២៥ឆ្នាំមកហើយ។ លោក បន្តថា ការចូលរួមអុំទូក បង្ហាញពីសាមគ្គីភាព និងវប្បធម៌សម្បូរបែបរបស់កម្ពុជា។ បើទោះបីជាមាន រោងកុនលេជេន (Legend Cinema) និងក្រុមការងារចុះពង្រឹងឃុំសំបួរ បានឧបត្ថម្ភ ដល់កីឡាករ ឲ្យបានចូលរួមប្រកួតនៅឆ្នាំក៏ដោយ ក៏ចំណុះទូករូបនេះ ស្នើដល់សប្បុរសជន និងអ្នកឧបត្ថម្ភដទៃទៀត ឲ្យបន្តឧបត្ថម្ភ និងគាំទ្រ ដល់ចំណុះទូកង «សំបូរសែនជ័យបារមីស្រីម៉ៅ» ដើម្បីជាកម្លាំងចិត្ត។
លោក សួន ដារ៉ូ៖ «ដោយសារការស្រឡាញ់ពេញចិត្តនឹងពិធីបុណ្យនេះ អភិរក្ស និងថែរក្សា វប្បធម៌ពីបុរាណកាលមក អីចឹងសូមឲ្យឯកឧត្ដមទាំងអស់ មេត្តាជួយជ្រោមជ្រែងឧបត្ថម្ភទូកសំបូរសែនជ័យបារមីស្រីម៉ៅរបស់ឃុំសំបួរនេះផង»។
តាមការអត្ថាធិប្បាយរបស់ពិធីករ និងពិធីការិនីក្នុងកម្មវិធីបុណ្យអុំទូកនេះ ភាគច្រើនទូក ដែលភ្ជាប់ឈ្មោះ ឬគោរមងារអ្នកធំជាមួយនឹងឈ្មោះទូកង ដូចជាឈ្មោះថា «តេជោសែនជ័យ» ឬ «បវរធិបតី» ជាដើម តែងតែមានអ្នកឧបត្ថម្ភច្រើន ខុសពីទូកង ដែលប្រើឈ្មោះភូមិ ស្រុក ឬវត្តអារាម មិនសូវមានអ្នកជួយឧបត្ថម្ភឡើយ។ យ៉ាងណាក៏ដោយ បើទោះបីជាកីឡាករអុំទូកទទួលបានការឧបត្ថម្ភខុសគ្នាក្ដី ក៏កន្លែងស្នាក់នៅ និងកន្លែងហូបចុករបស់ពួកគាត់ គឺមិនមានភាពខុសគ្នាឡើយ ដោយពួកគាត់ត្រូវចងអង្រឹងដេកនៅក្រោមដើមឈើ បោះតង់ក្បែរមាត់ទន្លេ និងស្នាក់នៅតាមវត្តជាដើម។
ចំណែកអ្នកលក់មួក នៅខាងមុខព្រះបរមរាជវាំង លោក ធួក ខេន ថ្លែងថា ក្នុងពិធីបុណ្យអុំទូកនេះ លោក លក់បានមួកជាង៣រយហើយ ដោយលោកចំណេញ បានប្រាក់៥រយរៀល ក្នុងមួយមួក។
លោក ធួក ខេន៖ «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូមមេត្តាជួយគាំទ្រមួកខ្មែរយើងផង ធ្វើអំពីស្លឹក ជាស្លឹកត្នោតរបស់យើង»។
រីឯអ្នកភេសជ្ជៈនៅមុខព្រះបរមរាជវាំង លោកស្រី សូ ចាន់ថូ ឲ្យដឹងថា នៅថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក លោកស្រី លក់ដាច់ជាង២ថ្ងៃដំបូងនៃពិធីបុណ្យនេះ ហើយភាគច្រើនជាភេសជ្ជៈប៉ូវកម្លាំង ។
លោកស្រី សូ ចាន់ថូ៖ «ឥឡូវនេះ បានរួចខ្លួនហើយ៣ថ្ងៃហ្នឹង ហើយប៉ូលិសទើបតែដេញថ្ងៃហ្នឹង ។ សូមកុំឲ្យគេដេញពេក »។
ការលក់ដូរតាមដងផ្លូវ និងមាត់ទន្លេនេះ គឺពុំសូវមានស្ថិរភាពឡើយ ដោយសារពុំមានកន្លែងដាក់តាំងអីវ៉ាន់ឲ្យបានត្រឹមត្រូវហើយជារឿយៗ អាជ្ញាធរបានចុះហាមឃាត់ និងបញ្ជាឲ្យអ្នកលក់ ទៅលក់នៅទីតាំងផ្សេង ក្រោមហេតុផល រៀបចំសណ្ដាប់ធ្នាប់ជាដើម ។
នៅរសៀលថ្ងៃដដែលនេះ ព្រះមហាក្សត្រព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រទាន «ដាវជ័យ» ជូនដល់ក្រុមបារគូ នៃទូកព្រះទីន័ង ដើម្បីរៀបចំពិធីកាត់ព្រ័ត្រថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក ។ នៅពេលបញ្ចប់កម្មវិធី ព្រះមហាក្សត្រ បានប្រទាន ពានរង្វាន់ និងប្រាក់ឧបត្ថម្ភជូនដល់ ទូកផែនលេខ១ មានចំនួន ៥ទូក រួមមានទូកអុំបុរស តំណាងផែនលេខ១ ឈ្មោះ «កំពូលតេជោសែនមានជ័យ» មកពីខេត្តកណ្ដាល ទូកចែវបុរស តំណាងផែនលេខ១ ឈ្មោះ «ពពករសាត់» មកពីខេត្តកណ្ដាល ទូកចែវនារី តំណាងផែនលេខ១ ឈ្មោះ «ព្រះពៃស្រពណ៍» មកពីខេត្តកំពង់ឆ្នាំង ទូកខ្នាតអន្តរជាតិ តំណាងផែនលេខ១ ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» មកពីរាជធានីភ្នំពេញ ទូកខ្នាតអន្តរជាតិនារី តំណាងផែនលេខ១ ឈ្មោះ «ហ៊ុន ម៉ាណែត សែនជ័យបារមីវត្តសារាវ័ន្តតេជោ» មកពីរាជធានីភ្នំពេញ។ ចំណែកទូកទទួលបានចំណាត់ថ្នាក់ផ្នែកសោភណភាព មានចំនួន ៣ទូក រួមមានទូកអុំបុរស ឈ្មោះ «ទ្រី ភាព ឧត្ដមសែនជ័យបារមីទេពី» មកពីខេត្តកំពង់ឆ្នាំង តំណាងទូកអុំបុរស ឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រ» មកពីខេត្តបាត់ដំបង តំណាងទូកអុំបុរស ឈ្មោះ «ឌួង សូរិយា បុប្ផាស្ទឹងសែនបារមីក្ដីដូង» មកពីខេត្តកំពង់ធំ។ រីឯទូកគូពិសេស ដែលទទួលបានចំណាត់ថ្នាក់ល្បឿនលឿនជាងគេ ក្នុងឆ្នាំ២០២៤ គឺតំណាងទូក ឈ្មោះ «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ លេខ២ គឺតំណាងទូកឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល លេខ៣ គឺតំណាងទូកឈ្មោះ «កោះកេរធិបតី» មកពីខេត្តព្រះវិហារ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ថ្លែងថា ក្នុងរយៈពេល ២ថ្ងៃ នៃពិធីបុណ្យអុំទូក មានភ្ញៀវទេសចរ ប្រមាណ ៤លាន ៣សែននាក់ បានដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងនោះមានភ្ញៀវទេសចរ ប្រមាណ ៣លាន ៣សែននាក់ នៅរាជធានីភ្នំពេញ ។ លោក ថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នៅមុខព្រះបរមរាជវាំង។
របាយការណ៍គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បង្ហាញថា នៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីបឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៣៥១ទូក និងមានកីឡាករ កីឡាការិនីសរុបជាង ២ម៉ឺននាក់ (២២.០៤២) ។ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រារព្ធរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។