មេដឹកនាំវៀតណាមស្នើអង្គព្រះមហាក្សត្រខ្មែរឲ្យគាំទ្រនិងពន្លឿនការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមនៅភ្នំពេញ

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
30/11/2024 – 10:18
ដោយ៖ ជួប នរក្សា
RFI

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានស្នើសុំដល់អង្គព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ដើម្បីឲ្យព្រះអង្គគាំទ្រការបង្កើត និងដំណើរការមជ្ឈមណ្ឌសិក្សាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សំណើរបស់មេដឹនាំវៀតណាម កើតឡើងនៅពេលដែល ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩វិច្ឆិកា។

មេដឹកនាំវៀតណាមស្នើអង្គព្រះមហាក្សត្រខ្មែរឲ្យគាំទ្រនិងពន្លឿនការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមនៅភ្នំពេញ


ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Vietinam News លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើសុំព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឲ្យព្រះអង្គគាំទ្រគម្រោងបង្កើតនិងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសិក្សាវៀតណាមក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ មជ្ឈមណ្ឌលសិក្សាវៀតណាម នឹងក្លាយជាកន្លែងដែលនិស្សិតកម្ពុជា និងអន្តរជាតិសិក្សាស្វែងយល់ពីភាសា វប្បធម៌ និងប្រជាជន ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។

ការស្នើរបស់នាយករដ្ឋមន្ត្រីវៀតណាម ធ្វើឡើងនៅក្នុងជំនួបជាមួយអង្គព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី នៅថ្ងៃព្រហស្បតិ៍ទី២៨វិច្ឆិកា។ វិទ្យុបារាំងអន្តរជាតិ បានព្យាយាមសុំការបញ្ជាក់ពីខាងក្រសួងអប់រំ តែអ្នកនាំពាក្យ លោកស្រី ឃួន វិច្ឆិកា បញ្ជាក់ដោយខ្លីថា សុំពេលពិនិត្យករណីនេះជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាមុនសិន។

គួរឲ្យដឹងថា មជ្ឈមណ្ឌលសិក្សាវៀតណាម គ្រោងបង្កើតឡើងតាំងពីជាង២ឆ្នាំមុន ដោយមានការឯកភាពគ្នារវាងក្រសួងអប់រំនៃប្រទេសទាំងពីរ។ ប៉ុន្តែ គម្រោងនេះបានរងស្រោចដោយប្រតិកម្មរិះគន់ និងចម្រូងចម្រាស រហូតផ្ទុះការតវ៉ាពីសំណាក់យុវជនខ្មែរមួយចំនួន។ យ៉ាងហោចណាស់មានយុវជនពីររូប ត្រូវអាជ្ញាធរចាប់ខ្លួន ក្រោយពេលពួកគេតវ៉ាប្រឆាំងនឹងការបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាម និងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាម។

អង្គព្រះមហាក្សត្រនរោត្តម សីហមុនី និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម
អង្គព្រះមហាក្សត្រនរោត្តម សីហមុនី និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម © VNA

ទាក់ទងនឹងគម្រោងបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាម លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ធ្លាប់ផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិថា ការបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាម មានសារៈសំខាន់ ដើម្បីឲ្យនិស្សិតកម្ពុជាចេះស្វែងយល់ពីបញ្ហាផ្សេងៗនៃប្រទេសជិតខាង រួមទាំងប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន៕

What Next?

Recent Articles