HRW ស្នើឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជន៦នាក់ពីបទ «ក្បត់ជាតិ»

កម្ពុជា
កម្ពុជា-នយោបាយ
30/11/2024 – 10:15
ដោយ៖ សឹម ចាន់សំណាង
RFI

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលការចោទប្រកាន់ «ក្បត់ជាតិ»  ដែលមានហេតុផលនយោបាយ ប្រឆាំងនឹងជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនទាំង៦នាក់ និងត្រូវតែដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក ការចាប់បញ្ចូនសកម្មជនគណបក្សប្រឆាំងមកកម្ពុជា ដោយបង្ខំបានធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការកាត់ក្តី ហើយនិងការធ្វើបាបយ៉ាងខ្លាំង នៅប្រទេសកម្ពុជា។

HRW ស្នើឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជន៦នាក់ពីបទ «ក្បត់ជាតិ»


នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២៩ វិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងថា អាជ្ញាធរថៃបានចោទសកម្មជននយោបាយបក្សប្រឆាំងខ្មែរទាំង៦នាក់ ពីបទស្នាក់នៅដោយខុសច្បាប់ នៅក្នុងប្រទេសថៃ និងបានចាប់បង្ខំឲ្យពួកគេត្រឡប់មកកម្ពុជាវិញ។ ចំពោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ការចាប់បញ្ជូនសកម្មជនប្រឆាំងឲ្យត្រលប់មកកម្ពុជាវិញ បានធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការកាត់ក្តី និងការធ្វើបាបយ៉ាងខ្លាំងនៅប្រទេសកម្ពុជា។

គួររម្លឹកជូនថា ក្នុងចំណោមមនុស្ស៧នាក់ ដែលត្រូវចាប់បញ្ជូនចេញពីប្រទេសថៃ មាន១នាក់ជាកុមារដែលត្រូវបានអាជ្ញាធរថៃក្នុងខេត្តប៉ាធុមថានី (Pathum Thani) ចាប់ខ្លួនកាលពីថ្ងៃទី២៤ វិច្ឆិកា និងត្រូវបានបញ្ចូនមកដល់កម្ពុជា កាលពីថ្ងៃទី២៥ វិច្ឆិកា។ ជនភៀសខ្លួនទាំង ៦នាក់រួមមានលោក លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន ជាមួយចៅប្រុសអាយុ ៧ឆ្នាំ សមាជិកបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ លោក មាន ចាន់ថុន ព្រមទាំងជនភៀសខ្លួនខ្មែរក្រោម ៣នាក់ទៀត គឺលោកស្រី យ៉ិន ចន្ធូ លោកស្រី សឺង គន្ធា និងលោកស្រី វ៉ន ច័ន្ទរចនា។ នៅប្រទេសថៃ ពួកគេទាំង៦នាក់នោះ ជាជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោននយោបាយ ដែលឋិតនៅក្រោមការសម្របសម្រួលរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ។

នៅពេលមកដល់ដីកម្ពុជា កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា ជនភៀសទាំង ៦នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខុសៗគ្នា ក្រោមបទចោទប្រកាន់ «ក្បត់ជាតិ» ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំទៅ៣០ឆ្នាំ។ ការដាក់ឃុំខ្លួនពួកគេទាំង៦នាក់យ៉ាងដូច្នេះ គឺជាការអនុវត្តតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្រោយពួកគេបានប្រព្រឹត្តអំពើល្មើសច្បាប់នៅកម្ពុជា។ នេះបើតាមលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ដែលបញ្ជាក់ប្រាប់វិទ្យុបារាំង RFI កាលពីថ្ងៃទី២៧ វិច្ឆិកា។ រហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយដែលថា តើជនភៀសខ្លួនកម្ពុជាទាំង ៦នាក់បានប្រព្រឹត្តទង្វើ ឬសកម្មភាពអ្វីជាក់លាក់ ដែលនាំឱ្យពួកគេត្រូវរងការចោទប្រកាន់ពីបទ «ក្បត់ជាតិ» នៅឡើយនោះទេ។

ឆ្លើយតបនឹងសំណើរបស់អង្គការ Human Right Watch រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណា បានចាត់ទុកសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះថា គ្មានវិជ្ជាជីវៈ និងមានរបៀបវីរៈនយោបាយ ដោយលោកថា អង្គការមួយនេះមិនបានសិក្សាឲ្យច្បាស់ពីមូលហេតុនៃការចាប់ខ្លួនសកម្មជនទាំងនោះ។

អ្នកទោសជាប់ឃុំ កំពុងដឹកបញ្ចូននៅក្នុងឡាន ក្នុងប្រទេសថៃ
អ្នកទោសជាប់ឃុំ កំពុងដឹកបញ្ចូននៅក្នុងឡាន ក្នុងប្រទេសថៃ © HRW

គួរកត់សម្គាល់ថា របាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ចេញផ្សាយកាលពីខែឧសភាកន្លងទៅបានបង្ហាញថា ប្រទេសថៃជាទីកន្លែងគ្មានសុវត្ថិភាពសម្រាប់អ្នកដែលរត់ភៀសខ្លួន រត់គេចចេញពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសខ្លួនឡើយ ក៏ព្រោះថា អាជ្ញាធរថៃកំពុងជួយរដ្ឋាភិបាលប្រទេសជិតខាងរបស់ខ្លួន ក្នុងនោះរួមមានកម្ពុជាផងដែរ ដើម្បីចាត់វិធានការខុសច្បាប់ប្រឆាំងនឹងជនភៀសខ្លួន និងអ្នកប្រឆាំងនៅទឹកដីបរទេស។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រម្សិលមិញនេះ Human Right Watch បានអះអាងសាជាថ្មីថា អាជ្ញាធរថៃនិងកម្ពុជា បានបន្តឃុបឃិតគ្នាគាបសង្កត់អ្នករិះគន់ ដែលនិរទេសខ្លួនទៅក្រៅប្រទេស។ ត្រង់ចំណុចនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គ្មានអង្គការណាមួយអាចមានសិទ្ធិក្នុងការបញ្ជារស្ថាប័នតុលាការឲ្យធ្វើនេះធ្វើនោះ តាមការស្នើរបស់ខ្លួនឡើយ និងថា បុគ្គលណាដែលបានប្រព្រឹត្តសកម្មភាពល្មើសច្បាប់គឺត្រូវទទួលទោស ទោះបីជាពួកគេរត់គេចខ្លួនដល់ណាក៏ដោយ៕

What Next?

Recent Articles