កម្ពុជា
កម្ពុជា-សង្គម
13/12/2024 – 12:06
ដោយ៖ សឹម ចាន់សំណាង
RFI
ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពឃាតកម្មលើអ្នកកាសែតឈ្មោះ ឈឿន ឈឹង ក្នុងខេត្តសៀមរាប លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ឃាតកម្មលើអ្នកសារព័ត៌មានរូបនោះ កើតចេញមកពីទំនាស់បុគ្គល។ បើតាមលោកព្រះរាជអាជ្ញា លោក មាស ច័ន្ទពិសិដ្ឋ ទំនាស់បុគ្គលនោះ ក៏ដោយសារតែបុគ្គលដែលជាអ្នកសារព័ត៌មានបានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។ ប៉ុន្តែ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបនឹងផ្លាស់ប្តូរបទចោទប្រកាន់ ពីការប៉ុនប៉ងធ្វើឃាតកម្ម ទៅជាបទចោទ ឃាតកម្មវិញ ដើម្បីធានាការកាត់ក្តីមួយយុត្តិធម៌ ដល់អ្នកសារព័ត៌មានឈ្មោះ ឈឿន ឈឹង ដែលបាត់បង់ជីវិត។ សូមស្តាប់ការលើកឡើងរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប
តុលាការខេត្តសៀមរាប ប្តូរបទចោទ ទៅជា «ឃាតកម្ម» ក្នុងសំណុំរឿងបាញ់សម្លាប់អ្នកកាសែត
អ្នកកាសែត ឈឿង ឈឹង អាយុ ៦៣ឆ្នាំដែលបម្រើការឲ្យវិបសៃតិ៍ព័ត៌មានឈ្មោះ កម្ពុជាអភិវឌ្ឍន៍ នៅខេត្តសៀមរាប បានបាត់បង់ជីវិតនៅថ្ងៃទី៧ ធ្នូ ក្រោយពីខ្មាន់កាំភ្លើងបាញ់ឲ្យរបួសធ្ងន់កាលពីថ្ងៃទី៤ ធ្នូ ក្នុងអំឡុងពេលចុះយកព័ត៌មានស្តីពីការកាប់ទន្ទ្រានដីព្រៃអភិរក្សក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ភ្លាមៗ ក្នុងថ្ងៃទី៥ ធ្នូ និងបន្ទាប់ពីបានស្រាវជ្រាវកំណត់មុខសញ្ញា អាជ្ញាធរខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ី លឿយ មកសាកសួរ ពីករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលណោះ អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ការបាញ់អ្នកកាសែត ឈឿង ឈឹង ជាទំនាស់បុគ្គល។

ករណីបាញ់សម្លាប់អ្នកកាសែត ឈឿន ឈឹង បានបណ្តាលឲ្យមានការថ្កោលទោស ប្រតិកម្មៗពីអង្គការអ្នកកាសែតគ្មានព្រំដែន នៅប្រទេសបារាំង និងអង្គការយូណេស្កូ កាលពីថ្ងៃទី១១ធ្នូសប្តាហ៍នេះ។ នៅលើវិបសៃតិ៍ របស់យូណេស្កូ កាលពីថ្ងៃទី ១១ធ្នូ អគ្គនាយិកាអង្គការយូណេស្កូ (UNESCO) អ្នកស្រី អូដ្រេ អាហ្សូឡេ (Audrey Azoulay) ថ្កោលទោសករណីឃាតកម្មលើអ្នកសារព័ត៌មានកម្ពុជា លោក ឈឿង ឈឹង។ លោកស្រីបានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយហ្មត់ចត់អំពីរឿងនេះ ដើម្បីធានាថា ជនល្មើសត្រូវបាននាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕