កម្ពុជា
កម្ពុជា-អប់រំ
14/12/2024 – 11:22
ដោយ៖ សាំ ឧត្តម
RFI
ក្រសួងអប់រំនៅថ្ងៃទី១៣ ខែធ្នូ ចេញមកបដិសេធរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមដែលថា ក្រសួងបានដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំបំភ្លឺយ៉ាងខ្លីថា ក្រសួងពុំធ្លាប់យល់ព្រមសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាជាផ្លូវការនោះទេ។
ក្រសួងអប់រំថា គ្មានការយល់ព្រមដាក់បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាទេ
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងអប់រំបានស្នើឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះកែតម្រូវខ្លឹមសារជាបន្ទាន់ ព្រោះថា ព័ត៌មានទាំងនោះក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាបំពុលបរិយាកាសសង្គម។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ក្រសួងកំពុងស្វែងរកប្រភពព័ត៌មានដែលបានចុះផ្សាយព័ត៌មានមិនពិត ដើម្បីហៅមកធ្វើកិច្ចសន្យា និងកែតម្រូវព័ត៌មានដែលបានបង្ហោះផ្សាយ។
ការចេញមកបំភ្លឺរបស់ក្រសួងអប់រំនាពេលនេះ ធ្វើឡើងក្រោយពីព័ត៌មានមួយចំនួនត្រូវបានបង្ហោះផ្សាយថា ក្រសួងអប់រំបានយល់ព្រមឱ្យដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការនៅប្រទេសកម្ពុជា និងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ត្រៀមបើកថ្នាក់បង្រៀនភាសាវៀតណាមផងដែរ។
ក្រោយព័ត៌មានទាំងនេះត្រូវបានផ្សព្វផ្សាយ អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញប្រតិកម្មរិះគន់ និងព្រមានក្រសួងអប់រំថា មិនត្រូវយល់ព្រមឱ្យបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅកម្ពុជាឡើយ។
ទាក់ទងនឹងការសិក្សាភាសាវៀតណាមនេះនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានស្នើសុំអង្គព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ដើម្បីឱ្យទ្រង់គាំទ្រការបង្កើត និងដំណើរការមជ្ឈមណ្ឌលសិក្សាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងជំនួបជាមួយព្រះមហាក្សត្រកម្ពុជា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាម មានគោលដៅអនុញ្ញាតឲ្យនិសិ្សតកម្ពុជា និងនិសិ្សតអន្តរជាតិអាចសិក្សាស្វែងយល់ពីភាសា វប្បធម៌ និងប្រជាជន ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។

គួររំលឹកថា មជ្ឈមណ្ឌលសិក្សាវៀតណាមនេះធ្លាប់ត្រូវបានគ្រោងបង្កើតឡើង តាំងពីជាង២ឆ្នាំមុនមកម្ល៉េះ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០២២ លោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ច្បាស់ៗថា ក្រសួងអប់រំត្រៀមបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម ដោយដាក់ឱ្យស្ថិតក្រោមវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ។
គ្រានោះ លោកហង់ជួន ណារ៉ុនអះអាងថា ការបើកថ្នាក់ភាសាវៀតណាមពុំមែនជាសំណើ ឬការបង្គាប់បញ្ជាពីវៀតណាមនោះទេ តែដោយសារតម្រូវការរបស់កម្ពុជា ក្នុងនាមជាប្រទេសអាស៊ាន ដើម្បីផ្លាស់ប្តូរ និងសិក្សា នៅចំពោះកំណើនអ្នកវិនិយោគវៀតណាមដែលកំពុងបោះទុនវិនិយោគច្រើននៅកម្ពុជា។
ក៏ប៉ុន្តែ ការបង្កើតថ្នាក់រៀនភាសាវៀតណាមត្រូវបានរាំងស្ទះ បន្ទាប់ពីយុវជន និងសិស្សនិសិ្សតជាច្រើនបានចេញមកតវ៉ា និងដាក់ញត្តិទៅក្រសួងអប់រំជាបន្តបន្ទាប់ ដោយស្នើឱ្យក្រសួងលុបចោលគម្រោងបង្កើតថ្នាក់រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជាក់ស្តែង ក្នុងចំណោមយុវជនដែលចេញមុខតវ៉ា មានសកម្មជនម្នាក់ឈ្មោះ ធែល ធីលែន ត្រូវបានតុលាការចេញដីកាចាប់ខ្លួន និងចោទប្រកាន់ពីបទ«លួចលក់អចលនវត្ថុរបស់អ្នកដទៃ» ដោយត្រូវជាប់ពន្ធនាគារចំនួន១៨ខែ។ លោកត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី១៦ ខែកក្កដា មុននឹងត្រូវបានចាប់ខ្លួនសាជាថ្មី នៅថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីរិះគន់រឿងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ជាមួយវៀតណាម និងឡាវ CLV-DTA៕