លោក ថាក់ស៊ីន អះអាងថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបាន

កម្ពុជា
កម្ពុជា-ជម្លោះព្រំដែន
15/12/2024 – 09:45
ដោយ៖ សឹម ចាន់សំណាង
RFI

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចេញមុខអះអាងថា កោះគុតស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសថៃផ្តាច់មុខ ១០០%។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation នៅថ្ងៃទី១៣ ធ្នូ។ លោក ថាក់ស៊ីន បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងកម្មវិធីសិក្ខាសាលាក្រោមគម្រោង «កសាងសមត្ថភាព សមាជិកសភា និងបុគ្គលិកនយោបាយ» របស់គណបក្សភឿថៃ។ បើតាមលោក ថាក់ស៊ីន គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ប្រទេសថៃបានឡើយ។

លោក ថាក់ស៊ីន អះអាងថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបាន


យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបញ្ជាក់ឲ្យគេដឹងថា អនុស្សរណៈយោគយល់គ្នាក្នុងឆ្នាំ២០០១ (MOU44) ស្តីពីកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នា OCA  គ្រាន់តែនិយាយពីការចរចាលើក្របខណ្ឌសម្រាប់ពិភាក្សា រកដំណោះស្រាយឲ្យជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជាតែប៉ុណ្តោះ។

បើតាមលោក ថាក់ស៊ីន អនុស្សរណៈយោគយល់គ្នានេះ មិនមែនជាការកំណត់ ឬពាក់ព័ន្ធនឹងអធិបតេយ្យភាពក្នុងតំបន់កោះគុតរវាងកម្ពុជា និងថៃឡើយ។ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះនៅ លើកឡើងពីព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមួយចំនួនដែលនៅក្នុងនោះ មេដឹកនាំកម្ពុជាបានបញ្ជាក់ថាកោះគុតមិនមែនជាផ្នែកមួយរបស់ប្រទេសថៃនោះ។ នៅត្រង់ចំណុចនេះ លោក ថាក់ស៊ីន បានច្រានចោលព័ត៌មានទាំងនេះ ដោយលោកចាត់ទុកវាជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា បញ្ញាសប្បិនិម្មិត AI

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ចេញមុខមកបញ្ជាក់នៅពេលនេះ គឺបន្ទាប់ពីមានផ្ទុះការតវ៉ាពីខាងក្រុមអាវលឿង ក្រុមជាតិនិយមថៃ ជុំវិញកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ប្រេងត្រួតស៊ីគ្នា OCA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ រវាងមេដឹកនាំថៃ និងកម្ពុជា។ ពួកគេបានទាមទារឲ្យរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រីរបស់លោក ថាក់ស៊ីន លុបចោលកិច្ចព្រមព្រៀងមួយនេះជាបន្ទាន់ និងបានជំរុញឲ្យរដ្ឋាភិបាលថៃកុំបន្ទន់ឥរិយាបថជាមួយកម្ពុជា នៅក្នុងការទាមទារយកតំបន់ប្រេងត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ត្រឡប់មកវិញ។ បើតាមក្រុមជាតិនិយមថៃ ការទាមទាររបស់កម្ពុជាក្នុងតំបន់មួយនេះបានរំលោភយកដែនកោះគុតរបស់ថៃដល់ទៅពាក់កណ្តាល។

វិទ្យុបារាំងអន្តរជាតិ RFI បានទាក់ទងសុំការអត្ថាធិប្បាយពីលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតបគិតត្រឹមរសៀលថ្ងៃទី១៥ ធ្នូនេះ។ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បញ្ជាក់យ៉ាងខ្លីថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានបញ្ជាក់ពីបញ្ហាកោះគុតនេះរួចទៅហើយ។

លោក ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់
លោក ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ © AP

ក្នុងសំណុំរឿងកំណត់ដែនអធិបតេយ្យតំបន់កោះគុតនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងតែខ្នះខ្នែងជំរុញឲ្យមានការចរចាជាមួយរដ្ឋាភិបាលថៃដោយឈរលើគោលការណ៍ហ្មត់ចត់ ត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះពលរដ្ឋខ្មែរលើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្លាប់បានប្រាប់ពលរដ្ឋខ្មែរកុំឱ្យជ្រួលច្របល់ ក្នុងបញ្ហាទំនាស់ដែនទឹក នៅកោះគុត តាមការញុះញង់របស់ក្រុមប្រឆាំង។ បន្ថែមពីនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាមិនបានស្ងប់ស្ងាត់នៅស្ងៀមក្នុងរឿងនេះទេ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាមានភាពចាស់ទុំខាងនយោបាយមិនយកភ្លើងចូលផ្ទះតែប៉ុណ្ណោះ។

នៅក្នុងបញ្ហាព្រំដែនត្រួតស៊ីគ្នាកម្ពុជា-ថៃ កោះគុតនេះ អ្នកជំនាញកិច្ចការអន្តរជាតិ អ្នកតាមដានសង្គម និងអ្នកនយោបាយប្រឆាំងមួយចំនួន ក៏ធ្លាប់បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីគោលជំហរ ដោះស្រាយវិវាទព្រំដែនសមុទ្រមួយនេះឲ្យមានប្រសិទ្ធភាព តាមរយៈការដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ។ ប៉ុន្តែលោក ហ៊ុន សែន បានចោទបកទៅក្រុមប្រឆាំងវិញថា កំពុងរុញបញ្ហាកោះគុតឱ្យក្លាយជាជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងន័យនេះ លោកហ៊ុន សែនបានអំពាវនាវឱ្យពលរដ្ឋកុំបន្តរុញស្ថានការណ៍នេះឱ្យធ្លាក់កាន់តែជ្រៅ និងត្រូវទុកលទ្ធភាពឱ្យរដ្ឋាភិបាលកម្ពុជាចរចាជាមួយរដ្ឋាភិបាលថៃដោយលោកមានជំនឿថា វិវាទដែនទឹកនៅកោះគុតអាចចរចាបាន និងមិនទាន់ដល់ដំណាក់កាល ដែលកម្ពុជាត្រូវយកបញ្ហាកោះគុតទៅដោះស្រាយនៅតុលាការអន្ដរជាតិនោះទេ៕

What Next?

Recent Articles