មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា​ប្រាក់ខែ​របស់​មន្ត្រី​​រាជការ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ

ដោយ ទីន ហ្សាការីយ៉ា
2025.01.02
RFA

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា​ប្រាក់ខែ​របស់​មន្ត្រី​​រាជការ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ មីនា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ថា ប្រាក់ខែ​របស់​មន្ត្រី​​រាជការ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ធៀប​នឹង​តម្លៃ​​ទំនិញ​នៅ​លើ​ទីផ្សារ​ដែល​ធ្វើ​ឱ្យ​​​មន្ត្រីរាជការ​​មួយ​ចំនួន​​លួច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​ឆ្លៀត​ធ្វើ​ការ​ក្រៅ​ជា​ដើម​។ ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​​ក្រសួង​មុខងារ​សាធារណៈ​​ថា​រដ្ឋាភិបាល​នឹង​​​​​បន្ត​ដំឡើង​ប្រាក់​ខែ​ដល់​​មន្ត្រី​រដ្ឋាភិបាល​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

ការ​អំពាវ​នាវ​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកវិភាគ​ឱ្យ​មាន​ការ​​ដំឡើង​ប្រាក់​ខែ​នេះ គឺ​នៅ​ក្រោយ​ពេល​​​​​​នាយក​មន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​​​​នៅ​ថ្ងៃ​ទី​៣០ ខែ​​ធ្នូ ស្ដី​ពី​​​ការ​ប្រែ​ និង​​ដំឡើង​​ប្រាក់​បំណាច់​មុខ​ងារ​មន្ត្រីរាជការ​វិល កម្លាំង​ប្រដាប់​អាវុធ និង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ក្រុង​ជា​ដើម​​ក្នុង​ចំនួន​ប្រមាណ​៥​ម៉ឺន​រៀល​​​បន្ថែម​លើ​​​​​ប្រាក់​បំណាច់​មុខ​ងារ​​របស់​ពួកគេ​កន្លង​ទៅ។ លោក ហ៊ុន ម៉ាណែត ក៏​បាន​​ចេញ​អនុក្រឹត្យ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ៥ម៉ឺន​រៀល​ឱ្យ​មន្ត្រីរាជការ​ស៊ីវិល​និង​កម្លាំង​ប្រដាប់​អាវុធ​​​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខែ​​ខាង​មុខ។

បើ​តាម​អនុក្រឹត្យ​នេះ​​ប្រាក់​​មុខងារ​របស់​គ្រូ​បង្រៀន​កម្រិត​បឋម​ត្រូវ​បាន​​ដំឡើង​​ដល់ ៨០​ម៉ឺន​រៀល​​ ​មន្ត្រី​នគរបាល​ជាតិ និង​​យុទ្ធជន ឬ​ទាហាន​ថ្នាក់​ក្រោម​​​​ទទួល​បាន​ប្រាក់​​បំណាច់​មុខ​ងារ​ចំនួន​៦០​ម៉ឺន។ ទោះ​ជា​យ៉ាង​ណា​​​​​ប្រាក់​ខែ​​សរុប​របស់​មន្ត្រី​រាជការ​សរុប​​គិត​​​រួម​បញ្ចូល​​​ ប្រាក់​បៀវត្ស​មូលដ្ឋាន ប្រាក់​បៀវត្ស​​បន្ទាប់​បន្សំ​ និង​ប្រាក់​​បំណាច់​មុខ​ងារ។

ជុំវិញ​ករណី​នេះ​ គ្រូ​បង្រៀន​នៅ​សាលា​គរុកោសល្យ និង​វិក្រិតការ​​ខេត្ត​សៀមរាប លោក ហ៊ី សម្បត្តិ លើក​ឡើង​ថា ប្រាក់​ខែ​​លោក​ទទួល​បាន​មាន​ចំនួន ២​លាន​រៀល​ ហើយ​លោក​ថា ប្រាក់​ខែ​នេះ​មិន​អាច​ឱ្យ​ជីវភាព​របស់​គ្រួសារ​លោក​ប្រសើរ​ឡើង​នោះ​ទេ។ លោក​ថា ប្រាក់​ខែ​គ្រូ​បង្រៀន​ និង​ប្រាក់​ខែ​មន្ត្រី​រាជការ​​មាន​ចំនួន​តិច​តួច​នេះ​ហើយ​​​ ទើប​ពួកគាត់​មួយ​ចំនួន​បាន​ឆ្លៀត​រក​​របរ​​​ទី​ពីរ​ដែល​នាំ​ឱ្យ​ប្រសិទ្ធភាព​ការ​ងារ​ធ្លាក់​ចុះ។

លោក ហ៊ី សម្បត្តិ ស្នើ​ដល់​រដ្ឋាភិបាល​​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ឱ្យ​បាន​យ៉ាង​តិច​ណាស់​៣​លាន​រៀល​ដើម្បី​ឱ្យ​ជីវភាព​របស់​​គ្រូ​បង្រៀន​ភាព​ប្រសើរ​ឡើង​ ហើយ​ពួកគាត់​នឹង​ខិតខំ​ប្រែង​ប្រែង​ធ្វើ​​ការ​បម្រើ​ពលរដ្ឋ​កាន់​តែ​ល្អ។

លោក ហ៊ី សម្បត្តិ៖ «ប្រាក់​ខែ​កន្លង​មក​នេះ​គេ​បាន​​ដំឡើង​មក​ឱ្យ​ខ្លះ​មែន​ហើយ​ ប៉ុន្តែ​គ្រាន់​តែ​ថា​​តម្រូវ​ការ​របស់​គ្រូៗ​ តម្រូវ​ការ​របស់​បុគ្គលិក​របស់​បុគ្គលិក​ទាំង​ឡាយ​​វា​អត់​ទាន់​បាន​ប្រសើរ​ឡើង​មែន​ទែន​ទេ​ហេតុ​អី​បាន​ជា​អត់​បាន​ប្រសើរ​ឡើង​បាន​តាម​ខ្ញុំ​យល់​គ្រូ​ៗ​ហ្នឹង​គាត់​នៅ​បង្រៀន​គួរ​ដដែល»។

ជុំវិញ​ករណី​នេះ​​ អ្នកនាំពាក្យ​​ក្រសួង​មុខងារ​សាធារណៈ​​ លោក​ យក់ ប៊ុនណា លើក​ឡើង​ថា ការ​​ដំឡើង​ប្រាក់​ខែ​មន្ត្រី​​រាជការ​​ដោយ​គិត​ទៅ​លើ​ជីវភាព​របស់​ពួកគាត់​ កំណើត​សេដ្ឋកិច្ច​ និង​​កំណើត​អតិផរណា​ផង​ដែរ។ លោក​​ថា រដ្ឋាភិបាល​នឹង​​ដំឡើង​​ប្រាក់​​ខែ​​ដល់​មន្ត្រីរាជការ​​​ឱ្យ​បាន​ច្រើន​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

លោក យក់ ប៊ុនណា៖ «ការ​គ្រប់​គ្រង​មន្ត្រី​រាជការ​យើង​​មាន​ការ​បែប​ចែក​​​ការងារ​ យើង​មាន​ការ​វិភាគ​មុខងារ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ជា​ប្រចាំ​នៅ​ពេល​បច្ចុប្បន្ន ហើយ​ការ​គិត​របស់​យើង​ធ្វើ​មិច​មាន​ការ​បែង​ចែក​ការងារ​ក្នុង​កិច្ច​ការ​របស់​យើង​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង»។

ទាក់​ទង​នឹង​ករណី​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លើក​ឡើង​ថា​​គណបក្ស​កម្លាំង​ជាតិ​គាំទ្រ​ចំពោះ​ការ​​ដំឡើង​ប្រាក់​បំណាច់​មុខងារ​នេះ​ ប៉ុន្តែ​លោក​ថា ការ​ដំឡើង​នេះ​​នៅ​មិន​ទាន់​​ស្រប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ដែល​បន្ត​កើន​ឡើង​។ លោក រ៉ុង ឈុន​ ថា​រដ្ឋាភិបាល​ក៏​គួរ​តែ​​កាន់​បន្ថយ​ចំនួន​​មន្ត្រី​នយោបាយ​​​​​ដូចជា​ទីប្រឹក្សា​ ជំនួយការ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​​ដើម្បី​ឱ្យ​​គណៈរដ្ឋមន្ត្រី​​មាន​ចំនួន​តិច​ ធ្វើ​ការ​លឿន​មាន​ប្រសិទ្ធភាព​ និង​កាន់​បន្ថយ​​លុយ​ពន្ធ​របស់​ពលរដ្ឋ។

លោក រ៉ុង ឈុន៖ «កុំ​ខ្ជះខ្ជាយ​កុំ​​កំពប់​ទៅ​​តាម​អំពើ​ពុក​រលួយ បើ​យើង​កាន់​បន្ថយ​អំពើ​ពុក​រលួយ​​​ឱ្យ​បាន​ ហើយ​យើង​កាន់​កុំ​ឱ្យ​ទំហំ​តំណែង​ ឬ​តួនាទី​​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​នៅ​តាម​ស្ថាប័ន​នីមួយ​ៗ​​ ហើយ​គណៈរដ្ឋមន្ត្រី​ក៏​ច្រើន​ ចំណាយ​ធំ»។

អ្នកឃ្លាំមើល​មួយ​ចំនួន​ទៀត​​យល់​ថា ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​គ្រប់​ក្រសួង​ស្ថាប័ន​នេះ ​គឺ​នៅ​មាន​ចំនួន​ទាប​នៅ​ឡើយ ដោយ​សារ​តែ​រដ្ឋាភិបាល​មាន​វិបត្តិ​សេដ្ឋកិច្ច។ ពួកគាត់​យល់​ថា​ ការ​ដំឡើង​ប្រាក់​ខែ​នេះ ​ទំនង​គ្រាន់​តែ​ជា​វិធី​លួង​ចិត្ត​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ុណ្ណោះ។
ដោយ​ឡែក​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ចំនួន​មន្ត្រី​​របស់​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​​មាន​ចំនួន​ច្រើន​លើស​​លប់​ពី​ទំហំ​ការងារ​ដែល​ត្រូវ​ធ្វើ​ដែល​នាំ​ឱ្យ​ការ​អនុវត្ត​ការងារ​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ។ លោក​ថា ការ​​​​ចំណាយ​ថវិកា​ច្រើន​​ទៅ​លើ​ប្រាក់​ខែ​មន្ត្រី​រាជការ​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ថវិកា​តិចតួច​ដើម្បី​សាងសង់​សាលារៀន​ មន្ទីរពេទ្យ​ ផ្លូវ​ ថ្នល់​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ។

លោក ប៉ិច ពិសី៖ «ចំណាយ​ប្រតិបត្តិការ​​ ប្រាក់បៀវត្សរ៍​ហ្នឹង​ច្រើន​លើស​លុប​ដែល​ធ្វើ​ឱ្យ​ថវិកា​​ជាតិ​របស់​យើង​ដែល​មាន​តិច​ហ្នឹង​​មិន​អាច​ប្រើ​ប្រាស់​ការ​វិនិយោគ​សាធារណ​ជា​ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​​​​រូបវន្ត ដូច្នេះ​ជា​រឿង​ចាំបាច់​គឺ​យើង​ត្រូវ​​ពិនិត្យ​លទ្ធភាព​ចំណាយ​ចរន្ត​ហ្នឹង​ឱ្យ​ទាប»។

បើ​តាម​​ច្បាប់​ស្ដី​ពី​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២៥​ ឱ្យ​ដឹង​ថា​​ចំណាយ​ចរន្ត​​​ដែល​គ្រោង​នឹង​ចាយ​ទៅ​លើ​​ប្រាក់​ខែ​មន្ត្រី​រដ្ឋាភិបាល​មាន​ចំនួន​​ជាង ២៥​លាន​លាន​​រៀល​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ចំណាយ​​មូលធន​​ដែល​ផ្ដោត​ទៅ​លើ​ការ​កសាង​​មាន​ចំនួន​ ​​១១​លាន​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles